ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងពាណិជ្ជកម្ម​ បន្ដដាក់ចេញវិធានថ្មីៗបន្ថែមទៀត​ ពាក់ព័ន្ធ​ដោះស្រាយបញ្ហាប្រេងឥន្ធនៈ​ ដើម្បីរក្សាប្រភពផ្គត់ផ្គង់ និងការចែកចាយ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងពាណិជ្ជកម្ម​ ដាក់វិធានថ្មីៗបន្ថែមលើបញ្ហាប្រេងឥន្ធនៈ បន្ទាប់ពីការផ្ទុះឡើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដើម្បីរក្សាប្រភពផ្គត់ផ្គង់ សម្រាប់ការចែកចាយទីផ្សារក្នុងស្រុក និងការចេញសេចក្តីណែនាំអនុវត្តតឹងរឹងលើស្ថានីយ៍ឬដេប៉ូនៅទូទាំងប្រទេស មិនឱ្យដំឡើងថ្លៃហួសហេតុ ជាពិសេសការផ្អាកទុកលក់នៅពេលប្រេងឡើងថ្លៃ។

បើតាមលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ពាក់ព័ន្ធនឹងតម្លៃប្រេងឥន្ធនៈក្នុងទីផ្សារពិភពលោក ក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជាថា កម្ពុជាគឺជាប្រទេសដែលនាំចូលប្រេងឥន្ធនៈសុទ្ធសាធ ដែលមានប្រភពផ្គត់ផ្គង់ពីបរទេស ដូច្នេះតម្លៃប្រេងនៅកម្ពុជានឹងប្រែប្រួលទៅតាមទីផ្សារតំបន់ និងទីផ្សារអន្តរជាតិ។ ជាក់ស្តែងតម្លៃប្រេងដែលចម្រាញ់រួចបច្ចុប្បន្នមាននិន្នាការកើនឡើងពីប្រមាណ ៥% ដល់១៥% ចំពោះប្រេងសាំង និងពី ២០% ទៅ៣០% ចំពោះប្រេងម៉ាស៊ូត, ការកើនឡើងនេះ បានធ្វើឱ្យមានការប្រែប្រួលផងដែរដល់ការចែកចាយប្រេងនៅកម្ពុជា។

លោកអ្នកនាំពាក្យ​រូបនេះ​ បានបន្តថា ជុំវិញបញ្ហាប្រេងឥន្ធនៈនេះដោយទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី នាយករដ្ឋមន្រ្តី, ក្រសួងពាណិជ្ជកម្មបានដាក់ចេញនូវវិធានចំនួនរួមមាន៖ 

*ចំណុចទី១-ការរក្សាប្រភពផ្គត់ផ្គង់ដើម្បីធានារក្សាប្រេងដល់ទីផ្សារក្នុងស្រុក សម្រាប់ការចែកចាយដល់អ្នកប្រើប្រាស់។ 

*ចំណុចទី២-ការចេញសេចក្តីណែនាំ ស្តីពីការគ្រប់គ្រងហានីភ័យនៃការទិញលក់ប្រេងឥន្ធនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់ ដែលការណែនាំនេះនឹងអនុវត្តយ៉ាងតឹងរឹងចំពោះស្ថានីយ៍និងដេប៉ូចែកចាយ ដោយមិនឱ្យដំឡើងថ្លៃហួសហេតុ និងការលក់ប្រេងគ្មានគុណភាពដល់អ្នកប្រើប្រាស់ជាដើម ជាពិសេសការបម្រើដល់សេវាសាធារណៈដូចជារថយន្តក្រុង, រថយន្តពន្លត់ អគ្គិសភ័យ និងរថយន្តសង្គ្រោះបន្ទាន់ជាដើម គឺធ្វើយ៉ាងណាជំរុញឱ្យដំណើរបម្រើដល់សង្គម សេដ្ឋកិច្ច និងពាណិជ្ជកម្ម មិនឱ្យមានការ ជាប់គាំងទោះបីតម្លៃប្រេងឡើងថ្លៃបន្តិចក៏ដោយ។ 

បន្ថែមពីនេះ​ លោកអ្នកនាំពាក្យ​ បានគូសបញ្ជាក់ទៀត​ថា​ ក្រៅពីនេះ ក្រសួងអនុវត្តតឹងរឹងផងដែរ ចំពោះស្ថានីយ៍ឬដេប៉ូ ណាដែលលក់ខុសពីតម្លៃកំណត់ បញ្ហានេះក្រសួងនឹងធ្វើការតាមដាន និងពិនិត្យជាប្រចាំ ជាពិសេសការបើកឬបិទស្ថានីយ៍របស់ខ្លួន មិនសមស្របណាមួយ ដើម្បីទុកលក់នៅពេលប្រេងឡើងថ្លៃនោះឡើយ។

លោកអ្នកនាំពាក្យ​ បានថ្លែងថា៖«ក្នុងរយៈពេលដំបូងនៃសង្គ្រាម, សង្គ្រាមចាប់ផ្តើមថ្ងៃទី២៨ ខែកុម្ភៈ មកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាមានប្រេង, យើងរក្សាបាននូវ ប្រភពផ្គត់ផ្គង់ អញ្ចឹងបានជាកម្ពុជានៅតែមានបន្ត មានប្រេងលក់នៅក្នុងទីផ្សារ នៅតាមស្ថានីយ៍លក់រាយនិងតាមដេប៉ូ បើទោះជាប្រេង ចាប់ផ្តើមឡើងថ្លៃបន្ថិចក៏ដោយ»។

លោករដ្ឋលេខាធិការ​ បានបញ្ជាក់បន្ថែមថា ជុំវិញប្រេងឥន្ធនៈនេះ ក្រសួងពាណិជ្ជកម្មតែងតែចេញសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ៍ តាមថ្លៃទីផ្សារតំបន់និងអន្តរជាតិ នៅរៀងរាល់១០ថ្ងៃម្តង ប៉ុន្តែនៅក្នុងរយៈពេលក្រោយនេះ ក្រសួងក៏បានចេញសេចក្តី ជូនដំណឹងមានរយៈ៣ថ្ងៃ គឺថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ដោយផ្អែកទៅលើតម្លៃប្រេងឥន្ធនៈអន្តរជាតិថ្មី សម្រាប់លក់នៅលើទីផ្សារ កម្ពុជានៅតម្លៃថ្មី បំណងសំខាន់គឺធ្វើយ៉ាងណាកុំឱ្យស្ថានីយ៍បិទទ្វារ ឬការផ្អាករងចាំការឡើងថ្លៃជាដើម។ លោករដ្ឋលេខាធិការ​រូបនេះ​ បន្ថែមថា ប្រសិន យើងមិនអនុវត្តផ្អែកតាមតម្លៃថ្មីនេះទេ គឺអាចមានបញ្ហាកង្វះប្រេងសម្រាប់បម្រើដល់អតិថិជនជាមិនខាន៕ដោយ​៖តារា​


ចែករំលែក៖