ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកសំរោងទងឃាត់ខ្លួនជនសង្ស័យបីនាក់ពាក់ព័ន្ធករណីបង្កហិង្សាគប់ទៅលើក្រុមជនរងគ្រោះ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការចង្អុលបង្ហាញ ដឹកនាំតម្រង់ទិសដោយផ្ទាល់លោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងដឹកនាំបញ្ជាកំលាំងដោយលោកវរៈសេនីយ៍ឯកឃុត សុផល អធិការដ្ឋាននគរបាលស្រុកសំរោងទង បង្ក្រាបករណីហិង្សាឃាត់ខ្លួនយុវជនបីនាក់។

មន្ត្រីនគរបាលស្រុកសំរោងទងបានឲ្យដឹងថា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦​ វេលាម៉ោង​៩ និង​ ៣០​នាទី ឈ្មោះ អាន​ ជីវ័ន ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទ​ង បានមកដាក់ពាក្យបណ្តឹងទៅលើជនសង្ស័យមិនស្គាល់ឈ្មោះ​ និងបក្ខពួក​ ស្នាក់ នៅបន្ទប់ជួលភូមិធ្លក​ ឃុំត្រពាំងគង​ ស្រុកសំរោងទ​ង  ខេត្តកំពង់ស្ពឺ​ ដែលបានប្រើអំពើហិង្សាមកលើខ្លួន។

 

យុវជន អាន ជីវ័ន បានឱ្យដឹងថា នៅថ្ងៃទី១ ខែមីនា​ ឆ្នាំ ២០២៦​ នៅវេលាម៉ោង២០ និង៣០នាទី ឈ្មោះ​អាន​ រ៉ាឌី​ ភេទប្រុស​ អាយុ​ ៣១ឆ្នាំ​ បានជិះម៉ូតូ​ ១គ្រឿង​ ម៉ាកអ៉ិចអ៊ែរ​ ពណ៌ខ្មៅ​ ឌុបខ្លួនចេញពី ផ្ទះ​ ទៅទិញម្ហូបនៅផ្សារត្រពាំងអំពិល  លុះមកដល់ភូមិធ្លក​ ឃុំត្រពាំងគង​ ស្រុកសំរោងទ​ង ក៏មានជនសង្ស័យមានគ្នាប្រហែល៦ នាក់​ ជិះម៉ូតូ​ ៣គ្រឿង(ម៉ាក​និច​ ១គ្រឿង​ និងម៉ាកសង់ ២គ្រឿង​) មកពីទិសខាងជេីងបង្ហោះម៉ូតូរកបុកម៉ូតូពួកខ្លួន ។ ជនរងគ្រោះឈប់ម៉ូតូសួរ​នាំក៏បានទាស់ពាក្យសម្តីគ្នា​នឹងបានប្រតាយប្រតប់គ្នាទៅវិញទៅមក​ ពួកខ្លួនបានរត់ឡេីងជិះម៉ូតូ ហើយក្រុមជនសង្ស័យខាងលេីបានយកដុំថ្មគប់ ត្រូវឈ្មោះអាន ជីវ័ន្ត ចំខ្នង​ បណ្តាលឱ្យរលាត់​ និងឈ្មោះ​អាន​ រ៉ាឌី​ ត្រូវ១ដុំថ្មចំមុខ​ធ្លាក់ពីលេីម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់។ ធ្វេីសកម្មភាពរួចជនសង្ស័យខាងលេីបានជិះគេចទៅទិសខាងត្បូង។

​ចំពោះឈ្មោះអាន​ រ៉ាឌី​ ត្រូវបានក្រុមគ្រួសារបញ្ជូលទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

រហូតដល់ថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១១ ថ្ងៃ ត្រង់ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំរោងទង សហការជាមួយកម្លាំងប៉ុស្ដិត្រពាំងគង បានស្រាវជាវឃាត់ខ្លួន

     ១- ឈ្មោះ ឈឺន សុខា ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងគង ឃុំត្រពាំងគង 

    ២- ឈ្មោះ ម៉ន មុន្នីរ័ត្ន ហៅឡូត ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិត្រពាំងគង ឃុំត្រពាំងគង 

     ៣-ឈ្មោះ វឿន ចន្ថា ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិរលាំងចក ( ព្រៃតាសួស ) ឃុំរលាំងគ្រើល មកសាកសួរហើយពួកគេបានឆ្លើយសារភាពថា ពិតជាបានគប់ទៅ លើជនរងគ្រោះ ជាមួយបក្ខពួកដែលគេចខ្លួនរួមមាន÷

  ១-ឈ្មោះយឿន គឹមឡេង ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិស្ទឹង ឃុំត្រពាំងគង ( អ្នកគប់ ) 

 ២- ឈ្មោះ ប៉ូច វិច្ឆិកា ហៅកា ភេទប្រុស អាយុ ១៧ឆ្នាំ  ( អ្នកគប់ ) 

 ៣- ឈ្មោះ តូ ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិធ្លក ឃុំត្រពាំងគង

 

ពួកជនសង្ស័យដែលឃាត់ខ្លួនបានឱ្យដឹងអំពីមូលហេតុ ដោយក្រុមជនបង្កខឹងជនរងគ្រោះគប់មកលើខ្លួនមុន ។

សមត្ថកិច្ចដកហូតបាន: ម៉ូតូចំនួន ២គ្រឿង។

ករណីនេះ កម្លាំងជំនាញនិងនគរបាលប៉ុស្តិ៍ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕


ចែករំលែក៖