ខេត្តកណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍ដ៏កាចសាហាវរវាងរថយន្តឡិចស៊ីសRX300 បើកបុកម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ភ្លាមៗមួយរំពេច កាលពីវេលាម៉ោង១៨ និង៥៥នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៥៩-៦០ ស្ថិតក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះឈ្មោះ ធី រាជ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (ជាអ្នកបើកបរម៉ូតូ) ម្នាក់ទៀតជាអ្នករួមដំណើរឈ្មោះ ខេម រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ ទាំង២នាក់នេះមានទីលំ នៅភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ជិះម៉ូតូម៉ាកហុងដាគុបមូល ធុនសេ៥០ ពណ៌ស្លែ គ្មានស្លាកលេខ ។ ចំណែកឯរថយន្តម៉ាកឡិចស៊ីសRX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2N-1756 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីបុកម៉ូតូបណ្តាលឲ្យមានមនុស្សស្លាប់បានរត់គេចខ្លួនបាត់ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះជិះម៉ូតូឌុបគ្នាដោយពុំមានពាក់មួកការពារសុវត្ថិភាព បើកតាមបណ្តោយផ្លូវជាតិលេខ១៤ រួចបត់ឆ្លងផ្លូវជាតិលេខ១ ស្របពេលនោះរថយន្តរថយន្តឡិចស៊ីសRX300បើកបរក្នុងទិសដៅពីភ្នំពេញឆ្ពោះទៅអ្នកលឿង មកដល់គេចមិនទាន់ជាន់ហ្វ្រាំងមិនជាប់ក៏បុកម៉ូតូជនរងគ្រោះពេញមួយទំហឹង បណ្តាលឲ្យជនរងគ្រោះទាំង២នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មតែម្តង ។
ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តបានគេចខ្លួនបាត់ ។ ចំពោះរថយន្តនិងម៉ូតូត្រូវបានប៉ូលិសចរាចរណ៍ស្រុកលើកដែកធ្វើការវាស់វែងដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។ ចំណែកឯសាកសពជនរងគ្រោះទាំង២នាក់ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ