ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកំពង់ធំចេញលិខិតឲ្យមន្ត្រីដឹកឈើ បែរជាឃើញឈ្មួញដឹកជញ្ជូនទៅវិញ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ លោកអភិបាលខេត្តកំពង់ធំ តាមការស្នើសុំរបស់ស្នងការនគរបាលខេត្តបានអនុញ្ញាតឲ្យអ្នកស្រី ឡេង សុគន្ធា នាយរងការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដឹកជញ្ជូនឈើ១៨ម៉ែត្រគូប តាមភូមិសាស្ត្រនានាក្នុងភូមិសាស្ត្រកំពង់ធំមកសាងសង់ផ្ទះនៅទីរួមខេត្ត ។ ប៉ុន្តែលិខិតអនុញ្ញាតឲ្យដឹកជញ្ជូនឈើរបស់លោកអភិបាលខេត្តជូនអ្នកស្រីឡេង សុគន្ធានោះ បែរជាគេឃើញធ្លាក់ទៅលើដៃឈ្មួញម្នាក់ឈ្មោះ ទី យកទៅកំញើញសមត្ថកិច្ចនៅតាមផ្លូវឆ្ពោះទៅខេត្តកំពង់ចាមឯណោះទៅវិញ ។

មន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ លោក តិប ញាតា នាយខណ្ឌរដ្ឋបាលព្រៃឈើបាននិយាយថា លិខិតសុំការអនុញ្ញាតដឹកជញ្ជូនឈើ របស់អ្នកស្រីឡេង សុគន្ធា ដើម្បីយកទៅធ្វើផ្ទះគឺពិតជាត្រឹមត្រូវ ព្រោះមានការយល់ព្រមពីអភិបាលខេត្ត ។ ប៉ុន្តែមិនដឹងជាហេតុដូចម្តេចបានជាលិខិតនោះធ្លាក់ទៅលើដៃឈ្មួញយកទៅដឹកជញ្ជូនឈើបម្រុងចេញទៅខេត្តកំពង់ចាមឯណោះទៅវិញ ។ លោកនាយខណ្ឌបានបន្តថា ឈ្មួញបានយកលិខិតនោះបង្ហាញសមត្ថកិច្ចតាមផ្លូវ ហើយមិនតែប៉ុណ្ណោះ រថយន្តដឹកឈើរបស់ឈ្មួញផ្ទុកចំណុះរហូតដល់ជាង៤០ម៉ែត្រគូប ។

លោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំបានថ្លែងថា មន្ត្រីជំនាញបានពិនិត្យលិខិតសុំអនុញ្ញាតដឹកជញ្ជូនឈើ ដែលចេញដោយអភិបាលខេត្ត ឃើញថាត្រឹមត្រូវ ប៉ុន្តែអ្នកយកលិខិតទៅប្រើប្រាស់នោះអាចក្លែងបន្លំ ឬអាចនិយាយថា អ្នកស្រី ឡេង សុគន្ធា លក់លិខិតស្នាមនោះទៅឲ្យឈ្មួញ ។ ក្នុងហេតុផលផ្សេងៗ អ្នកស្រីឡេង សុគន្ធា អាចជាប់ពាក់ព័ន្ធក្នុងករណីខាងលើនេះ ។

គួរបញ្ជាក់ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងសមត្ថកិច្ចខេត្តកំពង់ធំបានឃាត់រថយន្តយីឌុប១គ្រឿង ដែលជាកម្មសិទ្ធិរបស់ឈ្មួញដ៏ល្បីម្នាក់ឈ្មោះ ទី នៅចំណុចភូមិថ្មសំលៀង ឃុំក្រយារ ស្រុកសន្ទុក ដែលនៅក្នុងរថយន្តយីឌុបនោះមានផ្ទុកឈើប្រណីតប្រភេទលេខ២ និងលេខ៣ជាង៤០ម៉ែត្រគូប ក្នុងគោលដៅឆ្ពោះទៅខេត្តកំពង់ចាម និងបន្តចេញទៅប្រទេសវៀតណាម ។ នៅក្នុងបេសកកម្មនៃការដឹកជញ្ជូនឈើនេះ ឈ្មួញទី បានបង្ហាញលិខិតអនុញ្ញាតមួយច្បាប់ដែលចុះហត្ថលេខាដោយលោកអភិបាលខេត្ត ដែលគេដឹងថា លិខិតនោះ លោកអភិបាលខេត្តអនុញ្ញាតឲ្យអ្នកស្រី ឡេង សុគន្ធា មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដឹកឈើទំហំ១៨ម៉ែត្រគូបយកមកសាងសង់លំនៅឋាន ។

ស្នងការនគរបាលខេត្តកំពង់ធំ លោក ជូ សំអាន មានប្រសាសន៍ថា ករណីនេះជារឿងបុគ្គល មិនពាក់ព័ន្ធនឹងស្ថាប័ន ឬអង្គភាពរបស់លោកឡើយ ។ លោកចង់និយាយថា ករណីអ្នកស្រីឡេង សុគន្ធា គឺជារឿងបុគ្គល មិនមែនអង្គភាពជាអ្នកពាក់ព័ន្ធជាមួយឈ្មួញដឹកជញ្ជូនឈើនោះទេ ។ លោកបន្ថែមថា ច្បាប់អនុញ្ញាតយល់ព្រមដោយលោកអភិបាលខេត្ត ប៉ុន្តែអ្នកស្រី ឡេង សុគន្ធា ទំនងជាមិនមានលទ្ធភាពដឹកជញ្ជូនឈើទាំងនោះ ក៏លក់លិខិតនោះដើម្បីយកប្រាក់មកទិញគ្រឿងសំណង់សម្រាប់ធ្វើផ្ទះវិញ ។

ក្រុមអ្នកសង្កេតការណ៍មើលឃើញថា វាជាបញ្ហាខុសច្បាប់ទាំងស្រុង ពីព្រោះអ្នកយកទៅប្រើប្រាស់នោះខុសទិសដៅ ខុសចំនួន និងខុសទីតាំងទៀតផង ។ ដូច្នេះ វាជាបញ្ហាពុករលួយ ដែលមិនអាចបដិសេធបាន ។ មិនតែប៉ុណ្ណោះ ប្រសិនបើអះអាងថា មានការលួចចំឡងទៅប្រើប្រាស់បន្ត ឬលក់លិខិតអនុញ្ញាតនោះ ក៏កាន់តែខុសទៅទៀត ។

គួរបញ្ជាក់ថា នៅក្នុងលិខិតស្នើសុំដឹកជញ្ជូនឈើធ្វើផ្ទះ គឺដឹកចេញពីប្រាសាទបល្ល័ង្គសំដៅមកខេត្តកំពង់ធំ ប៉ុន្តែឈ្មួញឈ្មោះ ទី ដែលគេដឹងថា ជាអ្នករកស៊ីឈើដ៏សកម្មម្នាក់ អាងលិខិតដែលចុះហត្ថលេខាដោយលោកអភិបាលខេត្ត បានដឹកឈើលើសច្បាប់ ហើយខុសទិសដៅទៅទៀត ។ មិនតែប៉ុណ្ណោះ ឈើទាំងនោះ មិនមែនជាប្រភេទឈើដែលប្រមូលទិញពីប្រជាពលរដ្ឋនោះទេ ប៉ុន្តែជាប្រភេទឈើដែលកាប់ចេញពីក្នុងព្រៃ ដោយក្រុមឈ្មួញ ។

ករណីចេញលិខិតដើម្បីដឹកឈើបែបនេះ បានកើតមានជារឿយៗនៅខេត្តកំពង់ធំ ។ សមត្ថកិច្ចខេត្តនេះខ្សឹបខ្សៀវគ្នាថា វាមិនមែនតែត្រឹមជារឿងរបស់អ្នកស្រី ឡេង សុគន្ធាប៉ុណ្ណោះទេ ប៉ុន្តែអាចមានភ្លើងខៀវពីលោកអភិបាលខេត្តផង ។ លោកអភិបាលខេត្តកំពង់ធំ មិនអាចទាក់ទងសុំបំភ្លឺបានទេ ៕ ហេង សូរិយា

img_6252 img_6244 img_6245 img_6246 img_6248 img_6251


ចែករំលែក៖