ខេត្តកំពង់ស្ពឺ៖ ផ្ទះសម្បែងប្រជាពលរដ្ឋ ក៏ដូចជាទ្រព្យសម្បត្តិផ្សេងៗទៀត រួមទាំងហេដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់ជាដើម បានរងការខូចខាតយ៉ាងខ្លាំង បន្ទាប់ពីរងនូវជំនន់ទឹកភ្លៀងនៅក្នុងខេត្តកំពង់ស្ពឺ ។
លោកនាក់ ប៊ុនធី អភិបាលស្រុកបសេដ្ឋបានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ថា សប្តាហ៍កន្លងទៅ ស្រុកបសេដ្ឋបានរងនូវផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងមានដូចជា ៖
-នៅឃុំស្វាយចចិប មានករណីរលំផ្ទះមួយខ្នង ទំហំ៥ម៉ែត្រគុណ៧ម៉ែត្រ ម្ចាស់ឈ្មោះ សែម ធីប ភេទប្រុស រស់នៅភូមិ ឃុំ ខាងលើ និងលិចដីផ្ទះចំនួន២៣ខ្នង
-ឃុំបសេដ្ឋដាច់ផ្លូវប្រវែង៥០ម៉ែត្រ បាក់ទំនប់មួយកន្លែងប្ធ្វើរវែង១៥ម៉ែត្រ ប៉ះពាល់សន្ទូងប្រជាពលរដ្ឋ១៥០ហិចតា
-ឃុំកាត់ភ្លុកដាច់ទំនប់ពីរកន្លែងគឺទំនប់តាជាប្រវែង២០ម៉ែត្រ និងទំនប់តាមៅប្រវែង៧ម៉ែត្រ -ឃុំភក្តីដាច់ទំនប់ពីរកន្លែងគឺទំនប់ច្រកព្រាលប្រវែង៥ម៉ែត្រ និងទំនប់ព្រៃខ្លាប្រវែង៦ម៉ែត្រ -ឃុំភារីមានជយ័ដាច់ពីរកន្លែងទំនប់សាច់ត្រីប្រវែង២០ម៉ែត្រ និងផ្លូវចូលភូមិស្រែញប្រវែង២ម៉ែត្រ -ឃុំពោធិម្រាលដាច់ផ្លូវ០៣កន្លែងភូមិត្រពាំងខ្នាច់មួយកន្លែងប្រវែង៥ម៉ែត្រ និងភូមិម្រាលត្នោត២កន្លែងប្រវែង៤ម៉ែត្រ រងផលប៉ះពាល់សន្ទូងប្រជាពលរដ្ឋ១០០គ្រួសារ
-ឃុំស្វាយរំពា ដាច់ទំនប់មួយកន្លែងប្រវែង១០ម៉ែត្រ ទំនប់ភូមិត្រពាំងឬស្សី
-ឃុំព្រះខែដាច់ផ្លូវមួយកន្លែងប្រវែង៤ម៉ែទ្រ ភូមិឃ្លោក
-ឃុំនិទាន ដាច់ផ្លូវ៩កន្លែង
-ឃុំពោធិ៍អង្គ្រង ដាច់ផ្លូវ និងទំនប់១៤កន្លែង
-ឃុំទួលអំពិល ដាច់ផ្លូវចំនួន៤កន្លែង ។
លោកអភិបាលស្រុកបន្តថា ក្នុងគ្រោះទឹកជំនន់នេះ មិនមានប៉ះពាល់ដល់អាយុជីវិតមនុ្សឡើយ ។ ពេលនេះ អាជ្ញាធររួមទាំងស្ថាប័នពាក់ព័ន្ឋបាននឹងកំពុងស្តារហេដ្ឋារចនាសម្ព័ន្ឋដែលរងការខូចខាតនេះឡើងវិញ ។
គួរបញ្ជាក់ថា អំឡុងពេលជាប់គ្នាប៉ុន្មានថ្ងៃនេះ មានគ្រោះទឹកជំនន់ទឹកភ្លៀងបង្កឲ្យមានការជនន់លិចស្រុកមួយចំនួន និងបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ឋជាច្រើនក្នុងនោះក៏មានស្រុកបសេដ្ឋផងដែរ ៕ សេនាស័ក្តិ