ភ្នំពេញ ៖ ផ្លូវថ្នល់ជាច្រើនខ្សែ និងលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋជាច្រើនខ្នង នៅក្នុងភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យ ត្រូវបានទឹកជន់លិច ដោយសារអាកាសធាតុ ភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃកន្លងមកនេះ បង្កឲ្យប៉ះពាល់ កាត់ផ្តាច់ចរាចរណ៍ លើកំណាត់ផ្លូវមួយចំនួន ស្រូវប្រជាកសិករទទួលរងការខូចខាត ។
តាមអាជ្ញាធរបានឲ្យដឹងថា សង្កាត់ទាំង១០ របស់ខណ្ឌពោធិ៍សែនជ័យ វាលស្រែរងគ្រោះ ដែលជន់លិចទឹកខ្លាំងជាងគេនោះ សង្កាត់ឪឡោក ផ្ទៃដីស្រែចំនួន៥៨ហិកតា ត្រូវបានលិចលង់ ក្នុងចំនួនដីស្រែសរុបចំនួន៤៦៨ហិកតា ចំណែកលំនៅដ្ឋាន ត្រូវបានលិចលង់ទឹកជំនន់ ច្រើនជាងគេ នៅសង្កាត់ចោមចៅ មានចំនួន១០៣ខ្នង ផ្ទៃដីស្រែត្រង់លិចលង់មានតែ៤១ហិកតា ទេក្នុងផ្ទៃដីសរុបចំនួន២៥០ហិកតា សង្កាត់ត្រពាំងក្រសាំង ដីស្រែចំនួន២៥ហិកតា ត្រូវបានជន់លិច ក្នុងផ្ទៃដីស្រែសរុបចំនួន៤០០ហិកតា សង្កាត់សំរោងក្រោម ដីស្រែលិចទឹកជន់ ចំនួន១៦ហិកតា ក្នុងផ្ទៃដីស្រែសរុបចំនួន២៥៨ហិកតា ។ ដោយឡែកផ្ទះចំនួន២ខ្នង នៅក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ត្រូវបានទឹកជន់លិចយូរជាងគេ ប្រចាំខណ្ឌ អស់រយះពេលជិត១ខែកន្លងមកហើយ នេះបើតាមការអះអាងពីម្ចាស់ផ្ទះ ។
អាជ្ញាធរបន្តទៀតថា ក្រៅពីលំនៅដ្ឋាន វាលស្រែ វាលស្រូវ នៅមានផ្លូវថ្នល់ ទាំងផ្លូវជាតិ ផ្លូវបេតុង ផ្លូវលំជាច្រើនខ្សែក្នុងខណ្ឌពោធិ៍សែនជ័យ ត្រូវបានទឹកជន់លិច ហើយក៏មានកំណាត់ផ្លូវមួយចំនួន កាត់ផ្តាច់ចរាចរណ៍ទាំងស្រុង មិនអាចឆ្លងកាត់បាន លើកលែងជិះទូក ដូចជាផ្លូវលំមួយខ្សែក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ជាដើម ។
តែទោះជា ភូមិសាស្រ្តមួយចំនួនទទួលរងនូវវិប្បត្តិទឹកជំនន់ជន់លិច ក៏ដោយសារភ្លៀងធ្លាក់រាល់ថ្ងៃទៅហើយ ហើយអាជ្ញាធរ ទាល់តែមានទឹកជន់លិច បែបនេះទើប បញ្ជូនគ្រឿងចក្រ ដើរកកាយបើក ផ្លូវមុខទឹក ស្តារកាយប្រឡាយ ដើម្បីបង្ហូររំដោះទឹក ៕ សុខាសែនជ័យ