ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីតាលី ជួយរំដោះជនភៀសខ្លួន១.៤០០នាក់នៅសមុទ្រលីប៊ី

ចែករំលែក៖

កម្លាំងការពារដែនសមុទ្រ អ៊ីតាលី បានប្រកាសឲ្យដឹងថា មានជនភៀសខ្លួនជាង ១.៤០០នាក់ព្យាយាមចូលទៅកាន់អឺរ៉ុបតាមរយៈដែនសមុទ្រ មេឌីទែរ៉ាណេ ត្រូវបានជួយសង្គ្រោះផុតពីក្តីស្លាប់ ។

សារព័ត៌មានAFP បានផ្សាយថា បើទោះបីមានអាកាសធាតុអាក្រក់ ក្នុងរដូវធ្លាក់ភ្លៀង ប៉ុន្តែជនភៀសខ្លួននៅតែប្រថុយជីវិតចូលទៅកាន់អឺរ៉ុបតាមទូកតូចចង្អៀត ។

ចាប់តាំងពីថ្ងៃអាទិត្យមកទល់ពេលនេះ មានជនភៀសខ្លួនត្រូវបានជួយសង្គ្រោះមានជាង២.៤០០នាក់ នៅសមុទ្រលីប៊ី។

កម្លាំងឆ្មាំសមុទ្រអីតាលីបានសហការជាមួយក្រុមជួយសង្គ្រោះបានជួយដល់ជនភៀសខ្លួនទាំងនោះ។

តាមតួលេខរបស់អង្គការសហប្រជាជាតិ នៅក្នុងឆ្នាំនេះមានមនុស្ស ៣៦៥៤នាក់ បានឆ្លងកាត់ដែនសមុទ្រមេឌីទែរ៉ាណេ ចូលទៅអឺរ៉ុប។

កន្លងមក ទូកដឹកជនភៀសខ្លួនបានលិចនៅសមុទ្រមេឌីទែរ៉ាណេ នៅក្នុងប្រទេសអេហ្ស៊ីប ដោយមានជនភៀសខ្លួនជាង៤៥០នាក់ ។ មនុស្សប្រមាណ១៦៣នាក់ ត្រូវបានជួយសង្គ្រោះអោយរួចជីវិត ។ ជនភៀសខ្លួនដែលរួចផុតពីការស្លាប់ បានអះអាងថា កប៉ាល់នោះដឹកមនុស្សច្រើនពេក ទើបបានជាក្រឡាប់លិចទៅក្នុងទឹក ។ យោងតាមកងទ័ពអេហ្ស៊ីបក្នុងចំណោមជនភៀសខ្លួន ដែលគេសង្គ្រោះឲ្យរួចជីវិត ភាគច្រើនជាពលរដ្ឋអេហ្ស៊ីប តែក៏មានពលរដ្ឋស៊ូដង់ សូម៉ាលី និងស៊ីរីដែរ ។

អេហ្ស៊ីបបានក្លាយជាទីកន្លែងដែលជនភៀសខ្លួន ដៅយកដើម្បីធ្វើដំណើរចេញទៅទ្វីបអឺរ៉ុប ។ ជនភៀសខ្លួនបានបង់លុយកាក់សន្ធឹកសន្ធាប់ដល់ឈ្មួញខុសច្បាប់ដើម្បីអាចឆ្លងសមុទ្រមេឌីទែររ៉ាណេបាន ។ តាំងពីកំឡុងដើមឆ្នាំមក ក្រុមល្បាតឆ្នេរអេហ្ស៊ីបបានស្ទាក់ចាប់ទូកដឹកមនុស្សនិងបានជួយសង្គ្រោះមនុស្សរាប់រយនាក់ ។

យោងតាម ទីភ្នាក់ងារត្រួតពិនិត្យព្រំដែនអឺរ៉ុប ហ្វ្រុងតិចឆ្នាំ២០១៦នេះ កប៉ាល់ឈ្មួញដឹកជនភៀសខ្លួនបានចេញពីអេហ្ស៊ីបឆ្លងសមុទ្របានប្រហែលជា១០០០ជើងហើយ ។ ទីភ្នាក់ងារហ្វ្រុងតិចគូសបញ្ជាក់ទៀតថា តាំងពីគេបិទផ្លូវតំបន់បាល់កង់មិនអោយជនភៀសខ្លួនឆ្លងកាត់មកជនភៀសខ្លួនបាននាំគ្នាចាប់ផ្តើមធ្វើដំណើរចេញពីឆ្នេរអាហ្វ្រិកខាងជើង ពិសេសចេញពីលីប៊ីឆ្ពោះទៅអ៊ីតាលីវិញ។

តាំងពីឆ្នាំ២០១៤មក ជនភៀសខ្លួនជាង១ម៉ឺននាក់បានស្លាប់នៅសមូទ្រមេឌីទែររ៉ាណេ គិតតាំងពីដើមឆ្នាំ២០១៦ មកគឺមានជាង៣២០០នាក់ ៕ ម៉ែវ សាធី

55c358616


ចែករំលែក៖