ភ្នំពេញ៖ ការតាំងពិព៌ណ សណ្ឋាគារ ម្ហូបអាហារ និងភេសជ្ជៈកម្ពុជា( CAMFOOD/CAMHOTEL’16)បានប្រារព្វពិធីបើកសម្ពោធជាផ្លូវការហើយកាលពីព្រឹកថ្ងៃទី២០ខែតុលាឆ្នាំ២០១៦នៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រក្រោមអធិបតីភាពលោកទិត្យ ចន្ថារដ្ឋលេខាធិការក្រសួងទេសចរណ៍និងលោកហ៊ុនម៉ានីប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា។
ពិព័រណ៍ដែលមានរយៈពេលបីថ្ងៃនេះរៀបចំឡើងដោយក្រុមហ៊ុន AMB Tarsus Events Groupសហការជាមួយសហព័ន្ធទេសចរណ៍ សមា គម សណ្ឋាគារកម្ពុជា សហព័ន្ធចុងភៅកម្ពុជា សមាគមចុងភៅកម្ពុជាសមាគមភោជនីយ ដ្ឋានកម្ពុជា និងសមាគមអ្នកជំនាញស្រាកម្ពុជា ។
លោកអេនដ្រូ ស(ANDREW SIOW) នាយកក្រុមហ៊ុនាAMB Tarsus EVENT Group ដែលជាក្រុមហ៊ុនរៀបចំពិព៌ណខាងលើបានថ្លែងថា ពិព៌ណ សណ្ឋាគារ ម្ហូបអាហារ និងភេសជ្ជៈកម្ពុជាឆ្នាំនេះប្រទេសចំនួន២២បានមកតាំងពិព៌ណ ដោយមានស្តង់ជាង២០០ ដែលបានដាក់បង្ហាញនៅឆ្នាំនេះ ហើយ៨០ភាគរយនៃស្តង់ទាំងនេះជារបស់ក្រុមហ៊ុនអន្តរជាតិ មកពីប្រទេសសឹង្ហបុរី សហរដ្ឋអាមេរិក ថៃ ម៉ាឡេស៊ី និងកម្ពុជាជាដើម។
លោកបន្តថា ពិព៌ណឆ្នាំនេះមានស្តង់ចូលរួមច្រើនជាងឆ្នាំមុន កើនឡើង៣០ភាគរយធៀបនឹងឆ្នាំមុន មូលហេតុនៃការកើនឡើងចំនួនក្រុមហ៊ុនឆ្នាំនេះ ដោយសារចំនួនសណ្ឋាគារ តម្រូវការម្ហូបអាហារ និងភេសជ្ជៈមានការកើនឡើង ពិសេសការមកដល់នៃក្រុមហ៊ុនល្បីៗ លំដាប់អន្តរជាតិចូលមកទីផ្សារនេះច្រើន។លោកបន្តថា គុណភាពសេវាកម្ម សេវាបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារកាន់តែមានគុណភាពជាងមុន ហើយការប្រើប្រាស់ ដែលផ្តោតលើអាហារមានសុវត្ថិភាពជារឿងចាំបាច់។
លោកលោក លូ ម៉េងប្រធាននៃសហព័ន្ធទេសចរណ៍កម្ពុជានិងជាសហ ប្រធាន នៅក្នុងវិស័យឯកជនធ្វើការពាក់ព័ន្ធនឹងវិស័យបដិសណ្ឋារកិច្ច បានលើកឡើង ថាCAMFOOD/CAMHOTEL’16 និង ការប្រកួតប្រជែងផ្នែកបដិសណ្ឋារកិច្ចជាតិ ធ្វើឡើងក្នុងគោលបំណងគាំទ្រលើការអភិវឌ្ឍនៃវិស័យបដិសណ្ឋារកិច្ច ម្ហូបអាហារ និងភេសជ្ជះ នៅក្នុងប្រទេសតាមរយះ ការណែនាំនូវផលិតផល ឧបករណ៍ផ្គត់ផ្គង់ចុងក្រោយ និងការផ្សព្វផ្សាយជំនាញចម្អិនអាហារ ឯកទេសលើម្ហូបអាហារ និងភេសជ្ជះ ដែលកើតមាននៅក្នុងការប្រកួតប្រជែងដ៏ច្រើន។
លោកហ៊ុនម៉ានីបានមានប្រសាសន៍ថាការរៀចំពិព៌ណនេះពិតជាមានសារៈសំខាន់ណាស់ ស្របទៅនឹងដំណាក់កាលប្រទេសកំពុងអភិវឌ្ឍន៍ វិស័យទេសចរណ៍ដែលជាផ្នែកដ៏សំខាន់មួយ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាយើងពិសេសអាចឲ្យអ្នកនៅក្នុងវិស័យនេះបានមកជួបជុំគ្នា និងរំលេចចេញនូវអ្វី ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់ផ្នែកនិមួយៗ និងបានផ្តល់ឳកាសឲ្យយុវជន យុវនារីរបស់យើងបានចូលរួមសិក្សាស្វែងដល់អ្នកជំនាញនៅក្នុងវិស័យនេះតែម្តង។
លោកហ៊ុនម៉ានីបានមានប្រសាសន៍បន្ថែមថា ការពង្រឹង និងពង្រីកបន្ថែមដើម្បីឲ្យយុវជនអាចស្វែងយល់ក្នុងវិស័យនេះ និងឳកាសការងារនៅក្នុងវិស័យនេះបានរឹតតែប្រសើរឡើង ហើយក៏អាចជាជំរើសមួយសម្រាប់យុវជនអាចចូលរួម ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។ឯកឧត្តមបន្តថា អ្វីដែលយើងអាចធ្វើទៅបាន គឺសហភាពសហព័ន្ឋយុវជនកម្ពុជាអាចជួយជំរុញក្នុងការផ្សព្វផ្សាយ ឲ្យបានស៊ីជម្រៅដល់ចំណាប់អារម្មណ៍របស់យុវជន។
លោកហ៊ុន ម៉ានីបានបន្តទៀតថា រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ និងសមាគមទេសចរណ៍ សមាគមចុងភៅ សមាគមសណ្ឋាគារជាដើមបានខិតខំប្រឹងប្រែងច្រើន ហើយសហភាពសហព័ន្ឋយុវជនកម្ពុជាអាចចូលរួមបានផងដែរ តាមរយៈការជំរុញឲ្យសមាជិក សមាជិកាសហព័ន្ឋមកចូលរួមសិក្សា ស្វែងយល់ពីពិព៌ណរយៈពេលបីថ្ងៃនេះ បានកាន់តែប្រសើរឡើង និងជួយតម្រង់ទិសវិជ្ជាជីវៈ និងជំនាញពួកគេនៅពេលអនាគត។
លោកទិត្យចន្ថារដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថាកម្ពុជានឹងទទួលបានចំនួនភ្ញៀវទេសចរ ណ៍អន្តរជាតិចំនួនប្រមាណ៥លាននាក់នៅដំណាច់ឆ្នាំនេះ ខណៈវិស័យនេះបាននិងកំ ពុងផ្តល់ការងារដោយផ្ទាល់ ដល់ប្រជាពលរដ្ឋ៦០ម៉ឺននាក់ និងរំពឹងកើនឡើងដល់១លាននាក់នៅឆ្នាំ២០២០ខាងមុខ ។ លោកបន្តថា ទន្ទឹមនឹងការមកដល់របស់ភ្ញៀវទេសចរណ៍ កើនឡើងជាប្រចាំ វិស័យបដិសណ្ឋារកិច្ច ម្ហូបអាហារ និងភេសជ្ជៈមានការរីកចំរើនខ្លាំងណាស់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារវិស័យនេះដើរស្របគ្នាទន្ទឹមនឹងការរីកចំរើននៃវិស័យទេសចរណ៍ ដើរស្របគ្នានឹងការរីកចំរើនរបស់ប្រទេសកម្ពុជា ដែលមានការរីកចំរើន និងសុខសន្តិភាព ដោយកម្ពុជាទទួលបានភ្ញៀវទេសចរណ៍កាន់តែច្រើន ៕ ស ដារ៉ា