ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវទៅចូលរួមចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា ដើម្បីបានបោះឆ្នោតនិងគេ បំពេញតួនាទីជាពលរដ្ឋល្អ នេះ គឺជាប្រសាសន៍លោកប៉ឹល កុសល អភិបាល នៃគណះអភិបាលខណ្ឌសែនសុខ ថ្លែងនៅក្នុងឱកាសចែកអំណោយសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាតក្រហមកម្ពុជា ជូនដល់ប្រជាជនក្រីក្រ និងជនរងគ្រោះ ដោយជំនន់ទឹកភ្លៀងចំនួន ៧៥គ្រួសារ រស់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦។
លោក ប៉ឹល កុសល មានប្រសាសន៍ថា ពលរដ្ឋកម្ពុជា ដែលមានសិទ្ធិចូលរួមចុះឈ្មោះបោះឆ្នោត និងអាចបោះឆ្នោតបាន លុះត្រាអ្នកទាំងនោះ មានអត្តសញ្ញាណប័ណ្ណជាសញ្ញាតិខ្មែរ ទើបមានសិទ្ធិគ្រាប់់គ្រាន់ដែលអាចបោះឆ្នោតបាន ។ ដោយឡែកការឆ្នោតនោះ គឺជាសិទ្ធិរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដែលត្រូវបោះឆ្នោតជូនបេត្ខភាពមួយណា ដែលខ្លួនគាំទ្រ ពេញចិត្ត គឺគ្មានការបង្ខិតបង្ខំនោះឡើយ ។ នៅ ពេលទៅចូលរួមបោះឆ្នោត ត្រូវភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ញាតិ ខ្មែរ និងឯកសារពាក់ព័ន្ធមួយចំនួនទៀត តាមការណែនាំរបស់គណកម្មាការជាតិរៀបចំការបោះឆ្នោត ។
ជាមួយគ្នានេះលោក ប៉ឹល កុសល ក៏បានណែនាំប្រជាពលរដ្ឋទាំងអស់ នៅពេលទំនេរពីការងារ ត្រូវបង្កើនចំណូលដោយខ្លួនឯង ដើម្បីចិញ្ចឹមគ្រួសារ ដោយដាំដំណាំ បន្លែ បង្កា គ្រប់ប្រភេទ ចិញ្ចឹម មាន់ ទា ក៍ដូចជា ចិញ្ចឹមសត្វជ្រូក ជាដើម ការធ្វើបែបនេះ គឺជាផលចំណូលមួយសម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសារ របស់បងប្អូន ។ ដោយឡែកអំណោយសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាតក្រហមកម្ពុជា ដែលត្រូវចែកជូនដល់ប្រជាជនក្រីក្រ និងជនរងគ្រោះ ដោយជំនន់ទឹកភ្លៀង ទាំង ៧៥គ្រួសារ នាពេលនេះ ដោយក្នុងមួយគ្រួសារៗ បានទទួល ថវិកា ចំនួន៤ ម៉ឺនរៀល អង្ករ ១បាវ ទម្ងន់ ៣០គីឡូក្រាម មី កញ្ចប់ចំនួន ១កេស ត្រី ខកំប៉ុង ១យួចំនួន ១០កំប៉ុង និងឃីត ចំនួន ១ ក្នុងនោះមាន មុង ១ ក្រមា ១ សារុង ១ ភួយ១ ។
លោកអភិបាលក៏បានបញ្ជាក់ថា ប្រភពអំណោយទាំងនេះ ក៏មានការជួយឧបត្ថម្ភពីព្រះសង្ឃ នៅតាមវត្តនានាផងដែរ ប៉ុន្តែមិនអាចចែកជូនជាអចិន្ត្រៃយ៍នោះទេ គឺបានម្តងម្កាលប៉ុណ្ណោះ ព្រោះការឧបត្ថម្ភមានច្រើនតំបន់ តែសំរាប់សង្កាត់ក្រាំងធ្នង់នេះ អនុសាខាកាកបាទក្រហមកម្ពុជា ប្រចាំខណ្ឌសែនសុខ បាននាំយកអំណោយកាកបាទចែកជូនប្រជាជនក្រីក្រ ចំនួន ៧លើករួចមកហើយ ចាប់តាំងពីសង្កាត់នេះ ត្រូវបានកាត់បញ្ចូលមកខណ្ឌសែនសុខ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៤ មកម្លេះ។
លោកអភិបាលខណ្ឌបានប្រសាសន៍បញ្ជាក់ថា ទាំងនេះគឺជាឆន្ទៈរបស់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី-ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែណែនាំអោយលោកយកចិត្តទុកដាក់ដល់ប្រជាជននៅក្នុងមូលដ្ឋាន ជាពិសេសជនរងគ្រោះ និងជនចាស់ជរា ឬ ទីទ័លក្រ តែងតែបានទទួលនូវការឧបត្ថម្ភ នូវស្បៀងអាហារនិងសម្ភារះប្រេីប្រាស់ផ្សេងៗមួយចំនួនពីសម្តេចតាមរយៈ អនុសាខាកាកបាទ ក្រហមកម្ពុជាខណ្ឌសែនសុខ ៕ តុង សីហា