ខេត្តបន្ទាយមានជ័យ៖ សពអតីតមន្ត្រីពេទ្យផ្នែកវះកាត់នៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែតដែលចូលនិវត្តន៍ត្រូវបានប្រពន្ធដើមនិងប្រពន្ធចុងប្រទាញប្រទង់គ្នាដណ្តើមយកទៅធ្វើបុណ្យនិងបូជានៅ លំនៅឋានរៀងៗខ្លួន ។ ករណីនេះធ្វើឲ្យ អ្នកបើករថយន្តប្រចាំមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតបើករថយន្តទៅវិញទៅមកកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ។
ប្រភពព័ត៌មានបានឲ្យដឹងថា សពដែល គេដឹកត្រឡប់ទៅមកៗដូចដណ្តើមគ្នានេះឈ្មោះ រស់ វណ្ណធី អាយុ៦២ឆ្នាំ ជាអតីត គ្រូពេទ្យផ្នែកវះកាត់នៅមន្ទីរពេទ្យបង្អែកក្រុង ប៉ោយប៉ែត(ចូលនិវត្តន៍) បច្ចុប្បន្នជាម្ចាស់ ផ្សារសមាគមមានទីលំនៅចំណុចផ្សារ សមាគម ស្ថិតនៅក្នុងភូមិចាន់គិរី សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ប្រភពបន្តថា ជនរងគ្រោះបានធ្លាក់ខ្លួនឈឺជាង១ឆ្នាំមកហើយៗត្រូវបានស្ត្រីឈ្មោះ ខេង អុីនូ អាយុ៤២ឆ្នាំ ជាប្រពន្ធចុងដឹកចេញ ពីផ្ទះទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរីកាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ប៉ុន្តែជាអកុសលជនរងគ្រោះបានស្លាប់នៅទីនោះ ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះបន្ទាប់ពីជនរងគ្រោះស្លាប់គេ ឃើញស្ត្រីជាប្រពន្ធចុងវិលត្រឡប់មកផ្ទះ វិញតែម្នាក់ឯងទាំងស្តែកទ្រហោយំដោយគ្មានសពហើយអះអាងប្រាប់គេឯងថា សពប្តី របស់គាត់ត្រូវគេដឹកទៅមន្ទីរពេទ្យវិញក្រោយដឹកចេញពីមន្ទីរពេទ្យមកដល់ពាក់កណ្តាល ផ្លូវ។ មិនតែប៉ុណ្ណោះសូម្បីតែរូបគាត់ជា ប្រពន្ធចុងក៏ត្រូវអ្នកបើកបររថយន្តពេទ្យនោះសុំឲ្យចុះកណ្តាលផ្លូវហើយឲ្យជិះរថយន្តតាក់ស៊ីត្រឡប់មកផ្ទះវិញដែរ ។
ជុំវិញប្រភពព័ត៌មានខាងលើស្ត្រីឈ្មោះ ខេង អុីនូ ជាប្រពន្ធចុងបានប្រាប់ថា ករណី ខាងលើពិតជាកើតមានមែន ប្តីរបស់គាត់ ស្លាប់នៅម៉ោង២និង៣០នាទីរសៀល លុះគាត់សុំដឹកសពប្តីត្រឡប់មកផ្ទះវិញស្រាប់តែមកដល់ចំណុចរង្វង់មូលស្រីគ្រប់លក្ខណ៍ ក្នុងក្រុងសិរីសោភ័ណ មានគ្រូពេទ្យម្នាក់ទូរស័ព្ទមកអ្នកបើកបររថយន្តឲ្យដឹកសព ត្រឡប់ទៅមន្ទីរពេទ្យវិញហើយថា មានទាំង សំឡេងគ្នាច្រើនទៀតផងតាមទូរស័ព្ទនោះ ដោយអ្នកបើកបរសុំឲ្យគាត់ចុះ និងប្រាប់ ថា មិនបាច់ទៅមន្ទីរពេទ្យជាមួយសពទេ ក្រែងកើតមានបញ្ហាជាមួយភាគីម្ខាងទៀត។
នៅព្រលប់ថ្ងៃដដែលប្រពន្ធចុងនៃសព ប្រាប់ថា គាត់កំពុងចូលទៅស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យដើម្បីឲ្យជួយធ្វើអន្តរាគមន៍យកសពមកផ្ទះធ្វើបុណ្យតាមប្រពៃណី ។ ទីបំផុតនៅម៉ោងជិត៩យប់ថ្ងៃ ដដែលស្ត្រីខាងលើប្រាប់តាមទូរស័ព្ទថា គាត់បានឯកភាពគ្នាជាមួយសាច់ញាតិ និង ខាងស្ត្រីជាប្រពន្ធដើមដោយយកសពទៅធ្វើបុណ្យរួមគ្នានៅក្នុងស្រុកមង្គលបុរី(ខាងសាច់ញាតិសព)ដើម្បីឲ្យវិញ្ញាណក្ខន្ធប្តី របស់ពួកគាត់បានស្ងប់ ។
លោក ចន្ធី ណាវុទ្ធ ប្រធានមន្ទីរពេទ្យមិត្ត ភាពកម្ពុជា-ជប៉ុនមង្គលបុរីមិនអាចទាក់ទង សុំការបំភ្លឺបានទេជុំវិញករណីនេះ ។ ដោយ ឡែកឈ្មោះ សាំង នឿន ភេទប្រុស អាយុ ៤៣ឆ្នាំ ជាអ្នកបើកបររថយន្តពេទ្យដឹកសពខាងលើបានប្រាប់តាមទូរស័ព្ទថា ខណៈគាត់ដឹកសពមកដល់មុខស្ថានីយសាំងតេលា ម្តុំស្ពានសែសិន ក្នុងក្រុងសិរីសោភ័ណខាងសាច់ញាតិអតីតប្រពន្ធដើមបានទាក់ទងទៅលោក ឪ កាណាល់ ជាប្រធានរដ្ឋបាលមន្ទីរពេទ្យឲ្យយកសពដែលគាត់កំពុងដឹកត្រឡប់ទៅមន្ទីរពេទ្យវិញ។ ពេលនោះដោយ បារម្ភខ្លាចមានអំពើហិង្សាណាមួយកើតឡើងជាមួយភាគីម្ខាងទៀត លោកក៏សុំឲ្យស្ត្រីជាប្រពន្ធចុងចុះតាមផ្លូវតែម្តង ហើយ លោកបញ្ជាក់ថា គាត់ជាអ្នកបើកបរមិនដឹង អីទេគឺធ្វើអ្វីៗតាមបទបញ្ជាគេឲ្យដឹកទៅណាគាត់ត្រូវតែដឹកទៅហ្នឹង ។
លោក ឪ កាណាល់ ប្រធានរដ្ឋបាល មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរី បានប្រាប់ភ្នាក់ងារនគរវត្តតាមទូរស័ព្ទថា លោកមិនដឹងអី្វទេតាមពិតគឺក្រុមគ្រួសារសាច់ញាតិខាងប្រពន្ធដើមគេបានទូរស័ព្ទទាក់ទងទៅផ្ទាល់ជាមួយអ្នកបើកបរ។ លោកបញ្ជាក់ថា ដោយសារសពខាងលើអ្នកបើកបរដឹកទៅដឹកមកចង់ឆ្កួតទៅហើយ ។
ជាមួយគ្នានេះដែរភ្នាក់ងារនគរវត្តមិនអាចសុំការបំភ្លឺពីសាច់ញាតិប្រពន្ធដើមនៃសពបានទេ ៕ សហការី