ខេត្តតាកែវ៖ ទោះបីជាប៉ុស្តិ៍នគរបាល នៅជិតនឹងការិយាល័យចុះឈ្មោះបោះឆ្នោត ក៏ដោយក៏សម្ភារមួយចំនួនសម្រាប់ដំណើរការនៃការចុះឈ្មោះបោះឆ្នោតត្រូវបានចោរចូលលួចអស់គ្មានសល់ ។
ករណីនេះបានកើតឡើងនៅក្នុងសាលា ឃុំព្រៃល្វា នៃស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ តែគេមិនប្រាកដថាក្រុមចោរចូលលួចនៅម៉ោងប៉ុន្មាននោះទេ ។
មន្ដ្រីនគរបាលស្រុកព្រៃកប្បាសបាន ឲ្យដឹងថា សម្ភារដែលបាត់បង់រួមមាន ម៉ូនី ទ័រកុំព្យូទ័រ១, ម៉ាស៊ីនស្គេនក្រយៅដៃ១, អាគុយផ្ទុកថាមពល១, ឌុយសាកថ្មកុំព្យូទ័រ ១, ម៉ូឌឹមអុីនធើណេត១, កាមេរ៉ា១, ម៉ៅ កុំព្យូទ័រ១, ផ្លាស់១, ទ្រនាប់ទ្រាប់ម៉ៅ១ និង ខ្សែ Network ១ឈុត។
ក្រោយកើតហេតុនៅព្រឹកថ្ងៃទី២១ ខែ តុលា ឆ្នាំ២០១៦ គេឃើញកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវសហការជាមួយកម្លាំងនគរបាលជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសបើកការស្រាវជ្រាវជាបន្ទាន់ជុំវិញករណីចោរចូលលួចយកសម្ភារកន្លែងចុះឈ្មោះបោះឆ្នោត ដើម្បីស្វែងរកមុខក្រុមចោរមកផ្តន្ទាទោសតាមច្បាប់ ៕ ជីសូរកា