ខេត្តកណ្តាល÷ជនសង្ស័យជាកូនប្រុស ហើយធ្លាប់ជាប់ពន្ធនាគារ ចំនួន៣ឆ្នាំ លុះពេលបានចេញពីគុកមកវិញ មិនរៀងចាលនោះឡើយ ដោយបានបង្កហេតុធ្វើឲ្យខូចខាតដោយចេតនា និងគម្រាមថា នឹងសម្លាប់ម្តាយ-ឳពុកចោលទៀត ។ ដោយសារអស់ការស៊ូទ្រាំ ម្តាយ-ឳពុកបានសម្រេចចិត្ត ប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនជាលើកទី២ តែម្តង។
ហេតុការណ៍នេះ កើតឡើងវេលាម៉ោង ១៧:០៥នាទីល្ងាច ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្ទះជនរងគ្រោះ ក្នុងភូមិពាមតាឯក សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ហេីយត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦នេះ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ជាឪពុកម្ដាយ, ១- ឈ្មោះ សេង ទោង អាយុ ៤៨ឆ្នាំ ជាឳពុកនិង២-ឈ្មោះ សុខ នាង អាយុ៤៥ឆ្នាំជាម្តាយមុខរបរកសិករ។ ចំណែកជនសង្ស័យឈ្មោះ ទោង ផាក់ ភេទ ប្រុស អាយុ ២៥ឆ្នាំ វិជ្ជមាននូវសារធាតុញៀន (+ ) ជាកូនរបស់ជនរងគ្រោះនិងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយៈពេល ៣ឆ្នាំ ក្នុងករណី ធ្វើឲ្យខូចខាតដោយចេតនា ប្រព្រឹត្តលើលំនៅដ្ឋាន ។ សម្ភារៈខូចខាត – របើកសង្ក័សីជញ្ចាំងផ្ទះចំនួន ០១កន្លែង -បែកចាន ឆ្នាំង និងសម្ភារៈរបស់របរមួយ ចំនួនប្រើប្រាស់នៅក្នុងផ្ទះ។
តាមការបញ្ជាក់ពីជនរងគ្រោះឳពុក-ម្តាយ បានប្រាប់សមត្ថកិច្ចថា កូនរបស់គាត់ (ជនសង្ស័យ) ចាប់ផ្តើមចេះប្រើប្រាស់គ្រឿងញៀន នៅអំឡុងឆ្នាំ២០២៣ ហើយរាល់ពេលប្រើលើសកម្រិតម្តងៗ ជនសង្ស័យបានធ្វើ សកម្មភាពបង្កការអុកឡុក ដោយជេរប្រមាថ និងប្រើបប្រាស់អំពើ ហិង្សាមកលើ ម្តាយ-ឳពុក ជាញឹកញាប់ ហើយកន្លងមក ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការ ដាក់ពន្ធនាគារខេត្តកណ្តាល រហូតដល់ឆ្នាំន២០២៥ ទេីបអនុត្តន៏ទោសរួច។ ក្រោយក៏ពីបានចេញពន្ធនាគារវិញ ត្រឡប់មករស់នៅជួបជុំជាមួយម្តាយ- ឳពុកវិញ ។
ប៉ុន្តែត្រឹមបានមួយរយៈខ្លី ជនសង្ស័យ ក៏ចាប់ផ្តើម ផឹក ស្រា និង ប្រើប្រាស់គ្រឿងញៀនឡើងវិញ ហើយបានបន្តបង្កការអុកឡុក ,ជេរប្រមាថ ,គំរាមកំហែង និងបាន ប្រើ ប្រាស់អំពើហិង្សា វាយបំផ្លិចបំផ្លាញសម្ភារៈនៅក្នុងផ្ទះ ហើយបានលួចរបស់របរនៅក្នុងផ្ទះមួយចំនួន យកទៅលក់ទៀត ។ មិនតែប៉ុណ្ណោះជនសង្ស័យខាងលើ នេះ បានយកកន្ត្រៃមានចុងស្រួចគំរាមចាក់សម្លាប់-ឳពុក រហូតធ្វើឱ្យឳពុក មិនហ៊ានចូលផ្ទះ ក៏ បានទៅសុំផ្ទះអ្នកជិតខាង ស្នាក់នៅដេីម្បីគេចខ្លួនពីជនសង្ស័យ
ជាកូនប្រុសមួយរយ:ហើយដែរ ។
លុះនៅថ្ងៃកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹង ហើយដើរចូលទៅចង្ក្រានបាយ បំណងរកបាយហូប ប៉ុន្តែក្នុងឆ្នាំងមិនមានបាយ និងម្ហូបនោះទេ ទេីបធ្វើឲ្យជនសង្ស័យ មានការខឹងសម្បារ ហើយនិយាយគំរាមថា ម៉េចអត់ដាំបាយឲ្យអញស៊ី? ប្រយ័ត្នងាប់! ហើយជន សង្ស័យបន្តធ្វើសកម្មភាព ធាក់ជញ្ចាំងផ្ទះ ធ្វើឱ្យរបើកសង្ក័សី ០១ផ្ទាំង បណ្តាលឲ្យ ខូចខាតសម្ភារ:នៅក្នុងផ្ទះ ទើបម្តាយ-ឳពុក អស់ការ អត់ធ្មត់ ក៏បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលពាមឧកញ៉ាអុង តែម្តង ។ លុះក្រោយទទួលព័ត៌មានភ្លាមៗ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរតែម្តង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពសារថា ខ្លួនពឹតជាប្រើប្រាស់គ្រឿងញៀន និងបានវាយបំផ្លិចបំផ្លាញសម្ភារ:ក្នុងផ្ទះ និងបានគម្រាមថានឹងសម្លាប់ ឳពុក-ម្តាយពិតប្រាកដមែន! ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំខ្លួនមកកាន់ អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ចាត់ការបន្តតាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច