ខេត្តកំពង់ស្ពឺ៖ មន្ត្រីកងរាជអាវុធខេត្តកំពង់ស្ពឺបានឱ្យដឹងនៅព្រឹកថ្ងៃទី០៣ខែ មិថុនា នេះថា ដោយអនុវត្តតាមការចង្អុលបង្ហាញនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល បានឃាត់ ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីករណីលួចនិងទទួលផលចោរកម្ម។
នៅវេលាម៉ោង២១:២០នាទី នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៦ ស្ថិតនៅចំនុចផ្ទះសំណាក់ ម៉ាហេង ក្នុងភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្កាល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានពន្លាតដែនសមត្ថកិច្ចទទួលជនសង្ស័យចំនួន០១នាក់ ពីជនរងគ្រោះពាក់ព័ន្ធករណីលួចម៉ូតូ។ កាលពីថ្ងៃទី២៤ខែ ឧសភា ឆ្នាំ២០២៦ ជនសង្ស័យធ្វើកម្មភាពលួចយក ម៉ូតូរបស់ជនរងគ្រោះ ម៉ាកBeat ពណ៌ស ផ្លាកលេខ កណ្តាល 1AU-7398 ស្ថិតនៅក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ ហើយបានរត់គេចខ្លួនបាត់ស្រមោល។ លុះរហូតដល់ថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០២៦ ទើបជនរងគ្រោះតាមរកឃើញនៅចំនុចផ្ទះសំណាក់ ម៉ាហេង ស្ថិតក្នុងភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្កាល ហើយបានឃាត់ ខ្លួនជនសង្ស័យនោះ ប្រគល់ឱ្យសមត្ថកិច្ចតែម្តង។
ក្រោមវិធានជំនាញរបស់កងរាជអាវុធហត្ថ នៅវេលាម៉ោង១១:៥ នាទី នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងការិយាល័យព្រហ្ម បានពន្លាតដែនសមត្ថកិច្ច សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គស្នួល ខេត្តកណ្តាល បន្តចុះឆែកឆរទីតាំងបញ្ចាំម៉ូតូមួយកន្លែង ស្ថិតនៅភូមិទួលស្រម៉ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយបានដកហូតម៉ូតូគ្មានឯកសារត្រឹមត្រូវចំនួន៥គ្រឿង និងម៉ូតូរបស់ជនរងគ្រោះ ១គ្រឿង។
ជនសង្ស័យទាំង២នាក់÷ ទី១/ឈ្មោះ លី ហ្សាំង ភេទ ប្រុស អាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី២/ឈ្មោះ មឹម ម៉េត ភេទ ប្រុស អាយុ៤៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិទួលស្រម៉ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
ចំណែកជនរងគ្រោះឈ្មោះ ដេត ស្រីលាក់ ភេទ ស្រី អាយុ ២៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅបច្ចុប្បន្នភូមិទន្លាប់ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ចាប់យកវត្ថុតាងបានរួមមាន៖
-ម៉ូតូម៉ាកCUB(គុបជ្រុង)ពណ៍ទឹកប៊ិច គ្មានផ្លាកលេខ០១គ្រឿង(ម៉ូតូជនសង្ស័យ),
-ម៉ូតូម៉ាកBeat ពណ៍ស ផ្លាកលេខ1AU-7398 ១គ្រឿង(ម៉ូតូជនរងគ្រោះ),
-ម៉ូតូម៉ាក Sirius RC ពណ៍ខ្មៅ ១គ្រឿង(គ្មានឯកសារ),
-ម៉ូតូម៉ាក Systini 100 ពណ៍ក្រហម គ្មានផ្លាកលេខ១គ្រឿង(គ្មានឯកសារ),
-ម៉ូតូម៉ាកAirBlade ពណ៍ខ្មៅ ១គ្រឿង(គ្មានឯកសារ),
-ម៉ូតូម៉ាក XR ពណ៍ខ្មៅ គ្មានផ្លាកលេខ១គ្រឿង(គ្មានឯកសារ) -ម៉ូតូម៉ាកSirius CT ពណ៍ខៀវ គ្មានផ្លាកលេខ១គ្រឿង(គ្មានឯកសារ)។
បច្ចុប្បន្នជនសង្ស័យខាងលើរួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច