ភ្នំពេញ៖ ជនជាតិវៀតណាម២២នាក់ ត្រូវកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះប្រតិបត្តិការបន្តចាប់ខ្លួនជនជាតិវៀតណាមតាមផ្ទះ ដែលបានលួចរស់នៅប្រទេសកម្ពុជាដោយខុសច្បាប់ តាំងពីព្រឹកព្រលឹមនៅក្រោយផ្សារ ម៉ុងឌីយ៉ាល ស្ថិតក្នុងភូមិ៨ សង្កាត់ផ្សារដើម.គ ខណ្ឌទួលគោក កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ជាលិទ្ធិផលឃាត់ខ្លួន ជនជាតិវៀតណាមរស់នៅខុសច្បាប់គ្មាន លិខិតស្នាម២២នាក់ ក្នុងនោះស្រី៧នាក់ ប្រុស១៥នាក់ ជាក់ស្តែង ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នៅវេលាម៉ោង៦ព្រឹកនេះ ក្រុមប្រតិបត្តិការចំរុះ របស់លោក បានឃាត់ខ្លួនជនបរទេសជាជនជាតិវៀតណាម បានចំនួន២២នាក់ ស្រី៧ ប្រុស១៥នាក់ ក្នុងករណីចុះត្រួតពិនិត្យទីតាំងផ្ទះជួល ស្ថិតនៅក្រោយផ្សារ ម៉ុងឌីយ៉ាលស្ពាន ដែលមានជនជាតិវៀតណាមលួចស្នាក់នៅ រកសីុនឹងធ្វើការ លក់កាហ្វេ ម៉ាស្សា កោសជប់ ដោយខុសច្បាប់កន្លងមកផងដែរ ។
សម្រាប់ជនជាតិវៀតណាមទាំងនេះ ត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់នាយកដ្ឋានដើម្បីបន្តសួរនាំ និងធ្វើការបណ្តេញចេញពីប្រទេសកម្ពុជា បើសិនសមត្ថកិច្ចរបស់លោករកឃើញថា ពួកគេទាំងនោះរស់នៅនឹងធ្វើការដោយខុសច្បាប់មែននោះ ។
សូមបញ្ជាក់ថា ក្រោមបទបញ្ជាពីនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កម្លាំងនគរបាល បាននិងកំពុងបន្តប្រតិបត្តិការចុះត្រួតពិនិត្យជនបរទេស ដែលលួចរស់នៅ និងធ្វើការខុសច្បាប់ជាបន្តបន្ទាប់ទៀតផងដែរ ។
ពាក់ព័ន្ធនឹងករណីនេះផងដែរ លោកក៏បានអំពាវនាវ និងសុំឲ្យជនបទេសដែលស្នាក់នៅ និងសុំច្បាប់ និង គោរពច្បាប់ ប្រទេសកម្ពុជាផង បើពុំនោះទេ សមត្ថកិច្ច និងចាត់វិធានការដោយពុំលើកលែងឡើយ។
លោកឧត្ដមសេនីយ៍ទោបានបន្តបន្ថែមទៀតថា កន្លងមកលោកបានអំពាវនាវ ដល់ម្ចាស់ រោងចក្រ សហគ្រាស់ និងសិប្បកម្ម ការដ្ឋាន នានា អស់អោយបញ្ឈប់ការជួលកម្មករបរទេសដែលចូលមកដោយ ខុសច្បាប់មកធ្វើការបន្តទៀតនៅក្នុងការរដ្ឋាននិងសិប្បកម្ម របស់ខ្លួន បើពុំនោះទេ សមត្ថកិច្ចនិងចាត់វិធានការ ទៅតាមផ្លូវច្បាប់ចំពោះអ្នករឹងទទឹង ។
យោងតាមមាត្រា២៩ ច្បាប់ស្តីពីអន្តោរប្រវេស បានចែងថា ជនបរទេសណា ដែល គ្មានការអនុញាតិ ហើយចូល មកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលបលួច លាក់បន្លំ ឫ ល្បិចផ្សេង ទៀតដែល ផ្ទុយពីបទបញ្ញាតិ នៃច្បាប់នេះ ត្រូវផ្តន្ទាទោស ដាក់គុកពីបី ខែដល់ ៦ខែ មុននិងបណ្តេញចេញ ត្រូវផ្តន្ទាទោស ដូចគ្នានឹងជនល្មើស ចំពោះជនណាដែលផ្តល់ជំនួយ ឫ ជួយលាក់បាំងក្នុងការបញ្ចូល ជនបរទេស ដែលគ្មានការអនុញាតិ មកក្នុងព្រះរាជាណាចក្រកម្ពុជា មន្ត្រីឯភ្ញាក់ងាររាជការ មានសមត្ថកិច្ច រូបណា ដែលជាអ្នកសមគំនិតឫ ជួយសម្រួលក្នុងការប្រព្រឹត្ត បទល្មើសខាងលើ ត្រូវផ្តន្ទាទោស ដាក់គុកពី ១ខែដល់១ឆ្នាំ ហើយមន្ត្រីរាជការមានសមត្ថកិច្ចរូបណា ដែលធ្វើមានការ ធ្វេសប្រហេស ខ្វះការប្រុងប្រយត្ន័ ឫ មិន គោរពបទបញ្ជា ត្រូវ ទទួល ការផ្តន្ទាទោស ផ្នែករដ្ឋបាល មធ្យោបាយ សម្ភារះប្រើប្រាស់ សម្រាប់ប្រព្រឹត្តបទល្មើស ត្រូវរឹមអូស ទុកជាសម្បត្តិរដ្ឋ ៕ស ដារ៉ា