ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលស្នើសុំកញ្ចប់ថវិកាជាតិ២០ភាគរយសម្រាប់វិស័យការពារជាតិឆ្នាំ២០១៧

ចែករំលែក៖

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាគ្រោងស្នើសុំសភាផ្តល់កញ្ចប់ថវិកាជាតិឆ្នាំ២០១៧ ដល់វិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈចំនួន២០,៤ភាគរយប្រហាក់ប្រហែលជាង៨០០លានដុល្លារសហរដ្ឋអាមេរិក ខណៈដែលវិស័យសេដ្ឋកិច្ច មានត្រឹមតែ១៣,១ភាគរយប៉ុណ្ណោះ។

លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ថា គម្រោង ចំណាយថវិកាជាតិឆ្នាំ២០១៧លើវិស័យយោធាមានការកើនឡើងខ្លាំងនេះគឺផ្តោតសំខាន់ទៅលើការចំណាយដំឡើងប្រាក់បៀវត្សរ៍ជូនយោធា ។

លោក ឈុំ សុជាតិ បន្តថា ការចំណាយ ច្រើនបែបនេះគឺមិនមែនយកទៅទិញ សម្ភារយោធានោះទេ។ បើទោះបីជាគម្រោង នៃការចង់ទិញសម្ភារយោធាមាននៅក្នុងផែនការរបស់ក្រសួងការពារជាតិរួចហើយ ក៏ដោយព្រោះថាថវិកាជាតិនៅមានកម្រិត។

លោក យ៉ែម បុញ្ញារិទ្ធ អ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិប្រចាំរដ្ឋសភាបានមានប្រសាសន៍គាំទ្រចំពោះការដំឡើង កញ្ចប់ថវិកាជាតិឆ្នាំ២០១៧នៅក្នុងវិស័យយោធា សន្តិសុខសណ្តាប់ដើម្បីធ្វើយ៉ាង ណាឱ្យវិស័យទាំងនេះកាន់តែរឹងមាំ។ មន្រ្តី រូបនេះក៏ចង់ឱ្យរាជរដ្ឋាភិបាលដំឡើងកញ្ចប់ថវិកាជាតិឆ្នាំ២០១៧លើវិស័យអប់រំនិង សុខាភិបាលផងដែរ ។

គួរបញ្ជាក់ថា ថវិកាជាតិឆ្នាំ២០១៧រាជរដ្ឋាភិបាលគ្រោងចំណាយជាង៥ពាន់លានដុល្លារអាមេរិកគឺស្មើនឹង២២,៦៧ភាគរយ នៃផលិតផលក្នុងស្រុកសរុបគឺមានកំណើន១៥,៦ភាគរយបើធៀបនឹងថវិកាឆ្នាំ២០១៦។ គម្រោងចំណាយថវិកាជាតិឆ្នាំ២០១៧នោះរួមមាន ១-ការដំឡើងប្រាក់បៀវត្សរ៍ មូលដ្ឋានរបស់មន្ត្រីរាជការក្នុងអត្រា១២ ភាគរយ ២-ការដំឡើងប្រាក់ឧបត្ថម្ភប្រពន្ធ កូនមន្ត្រីរាជការស៊ីវិលនិងកងកម្លាំងប្រដាប់ អាវុធដោយឱ្យកូនម្នាក់ចំនួន១០.០០០ រៀលក្នុងមួយខែនិងប្រពន្ធចំនួន១៥.០០០ រៀលក្នុងមួយខែ និង៣-ការដំឡើងប្រាក់ បំណាច់មុខងារ ។

វិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ ធ្នាប់សាធារណៈនឹងមានចំនួនជាង៨០០លានដុល្លារសហរដ្ឋអាមេរិក, វិស័យសេដ្ឋ កិច្ចមានចំនួនជាង៣០០លានដុល្លារសហរដ្ឋអាមេរិក និងវិស័យសង្គមកិច្ចមានចំនួនជាង១.០០០លានដុល្លារសហរដ្ឋអាមេរិក៕ ហេង សូរិយា

Cambodian military take part in a parade on the outskirts of Phnom Penh


ចែករំលែក៖