ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកម្ដាយប្រហែសកូនអង្គុយបន្ទោបង់លើស្ពានធ្លាក់ចូលទឹកស្ទឹងលង់ស្លាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្មេងប្រុស អាយុ ៣ឆ្នាំម្នាក់ បានធ្លាក់ចូលក្នុងទឹកស្ទឹងក្រគរលង់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈកុមារារូបនេះ ទៅអង្គុយបន្ទោបង់នៅលើស្ពានឈើឆ្លងស្ទឹង ក៏ត្រូវជួបគ្រោះចង្រៃ្ករអិលជើងធ្លាក់ទឹកលង់ស្លាប់បែបនេះ តែក៏ដោយសារឪពុកម្ដាយរវល់ពេក ឬក៏ប្រហែសពេក ក៏ថាបាន ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចទឹកស្ទឹងក្រគរក្រោមស្ពានឈើ ស្ថិតក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីអាជ្ញាធរមូលឋានបានឲ្យដឹងថា កុមារារងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ព្រំ រាជ អាយុ ៣ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងបន្ទុកគ្រួសារឪពុកឈ្មោះ ព្រំ អានុជ អាយុ ៣១ឆ្នាំ និងម្ដាយឈ្មោះ នង ស្រី អាយុ ៣២ឆ្នាំ ស្ថិតក្នុងភូមិ-ឃុំកើតហេតុ ។

ប្រភពបន្តថាមូលហេតុការដែលកុមារា ធ្លាក់ចូលទឹកស្ទឹងលង់ស្លាប់ខាងលើនេះ អាចនិយាយបានថា កើតឡើង ដោយសារឪពុកម្ដាយប្រហែសពេក ក៏ថាបានដែរ ព្រោះកូនទើបតែមានអាយុត្រឹមតែ៣ឆ្នាំប៉ុណ្ណោះសោះ បណ្ដោយឲ្យដើរទៅអង្គុយបន្ទោបង់ នៅលើស្ពានឆ្លងស្ទឹងតែម្នាក់ឯង ដែលទឹកស្ទឹងខាងក្រោមកំពុងហូរផងនោះ(មិនមើល) ហើយនៅពេលបាត់កូនយូរ ទើបស្រែកហៅ និងដើរទៅរកតែរកមិនឃើញ ទើបនាំគ្នាឆោឡោឡើង ចុះរាវក្នុងទឹកស្ទឹង ឃើញក្មេងដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មទៅហើយ ឪពុក, ម្ដាយ, សាច់ញាតិបានត្រឹមនាំគ្នាទ្រហោយំសោកស្តាយប៉ុណ្ណោះ ។

ប្រភពដដែលបន្តទៀតថា បន្ទាប់ពីអាជ្ញាធរទទួលបានព័ត៌មាននេះ បានចុះត្រួតពិនិត្យយ៉ាងម៉ត់ចត់ផងដែរ ទើបប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងតាមប្រពៃណី ៕ ប៉ឹម ពិន

1 2


ចែករំលែក៖