ខេត្តព្រះសីហនុ៖ នៅក្នុងចំណោមមន្ត្រីនគរបាលស្ទើរទូទាំងប្រទេស ក៏ដូចជានៅខេត្តព្រះសីហនុបាននិយាយតៗគ្នាអំពីករណីស្នងការរងខេត្តមាត់សមុទ្រមួយនេះ ផ្ទុះអាវុធមួយគ្រាប់នៅក្នុងហាងផឹកស៊ីមួយកន្លែង ព្រោះតែខឹងហៅនាងៗ បម្រើការនៅទីនោះមិនព្រមទៅទទួលទានដំណេកជាមួយគាត់ ។ ក្រោយពីកើតហេតុប៉ុន្មាន ថ្ងៃ ព័ត៌មានលេចឮច្បាស់ការពីមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា លោក ប៉ែន ដារ៉ា ស្នងការរងទទួលបន្ទុកការិយាល័យសុខាភិបាល និងផ្សព្វផ្សាយអប់រំជាអ្នកផ្ទុះអាវុធនៅពេលនោះ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងឡើយ បុរស៣នាក់ ជិះរថយន្តទំនើប២គ្រឿង ដែលមានបំពាក់ស្លាកលេខ នគរបាល និងបិទស្លាកសញ្ញានគរបាលផងនោះ បានចូលទៅផឹកស៊ីនៅក្នុងក្លិបកម្សាន្ត សេវិន នាពាក់កណ្តាលអាធ្រាត្រ ម៉ោងជាង១ ឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ។ បន្ទាប់ពីផឹកស៊ីទំនងជាស្រវឹងជោគរៀងខ្លួន បុរស២នាក់បានចាកចេញទៅមុនជាមួយរថយន្ត១គ្រឿង ។ នៅសល់បុរសម្នាក់ បាននៅបន្តផឹកស៊ីញ៉ែញ៉ងបំណងចរចានារីធ្វើការនៅទីនោះយកទៅដេកជាមួយ ។
ប្រភពបានឲ្យដឹងថា នៅពេលដែលចូលទៅដល់កន្លែងផឹកស៊ីដំបូង បុរសទាំង៣បានអួតប្រាប់ក្មេងស្រីៗរត់តុនៅក្នុងក្លឹបកម្សាន្តនោះថា ខ្លួនជាស្នងការរងនគរបាលខេត្តព្រះសីហនុ ដែលទើបផ្លាស់មកកាន់តំណែងថ្មីៗ ។
បុរសម្នាក់សក់វែង មុខដូចជនជាតិវៀតណាម ជិះរថយន្តម៉ាកឡិចស៊ីស ៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល និងមានបិទស្លាកសញ្ញានគរបាលសងខាងទ្វាររថយន្តផងនោះ ត្រូវបានប្រភពពីក្នុងកន្លែងកម្សាន្តប្រាប់ថា គាត់បានឈរនិយាយទាក់ទងជាមួយនារីជនជាតិរុស្ស៊ីម្នាក់ ទំនងជាចរចាយកនារីនោះទៅដេកជាមួយ ។ ប៉ុន្តែនារីជនជាតិរុស្ស៊ីនោះមិនព្រម បុរសម្ចាស់រថយន្តឡិចស៊ីស ៥៧០ ក៏បានទៅទាក់ទងនារីចាក់ស្រាបៀរម្នាក់ទៀត ។ ប៉ុន្តែលទ្ធផលមិនទទួលបានជាវិជ្ជមាន ទើបធ្វើឲ្យបុរសដែលអួតថា ជាស្នងការរងទើបតែងតាំងថ្មីផ្ទុះកំហឹង ក៏ដកកាំភ្លើងទំនើបបាញ់១គ្រាប់ឡើងលើ គ្រាដែលគាត់ចេញពីក្នុងបរិវេណបន្ទប់នៃក្លឹបកម្សាន្ត ។
ក្លឹបកម្សាន្តសេវិន ស្ថិតក្នុងចំណោមប្លុកសណ្ឋាគារ និងរមណីយដ្ឋាន អេម៉ារីអូ ដែលមានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។
បន្ទាប់ពីផ្ទុះអាវុធរួចហើយ បុរសដែលជាស្នងការរងខេត្តព្រះសីហនុនោះ បានបើករថយន្តចេញក្រៅ ។ ប៉ុន្តែមកដល់ច្រកចេញ សន្តិសុខ ក៏បានបិទបារ៉ាស់ មិនឲ្យបុរសនោះបើករថយន្តចេញ ប៉ុន្តែត្រូវបុរសនោះដកកាំភ្លើងខ្លីសម្លុតប៉ុនប៉ងបាញ់ក្បាលសន្តិសុខនោះ ធ្វើឲ្យបុរសជាសន្តិសុខភ័យញ័រខ្លួន ក៏រត់គេចទៅរកទីសុវត្ថិភាព ។ រីឯបុរសម្ចាស់រថយន្ត ក៏បើករថយន្តបុកបារ៉ាស់ទម្លុះចេញទៅ ។
ក្រោយកើតហេតុបន្តិច បណ្តាជនដែលនៅក្នុងក្លឹបក៏បានចេញមកក្រៅ ហើយដេញដោលសួរគ្នាទើបដឹងថា បុរសនោះ ខឹងរឿងហៅស្រីបរទេសផង ស្រីខ្មែរផង ទៅដេក គ្មាននរណាទៅជាមួយគាត់ ។
មន្ត្រីជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុអះអាងថា ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ និងស្គាល់អត្តសញ្ញាណជនប្រព្រឹត្តករណីបាញ់បោះនោះហើយ ។ មន្ត្រីនគរបាលខេត្តនេះនិយាយថា បើតាមភិនភាគរថយន្ត និងរូបរាងស្នងការរងរូបនេះ ត្រូវគេដឹងថា រថយន្តទំនើបម៉ាកឡិចស៊ីស៥៧០ ពាក់ស្លាកលេខនគរបាល ពណ៌ក្រហម ព្រមទាំងបិទស្លាកសញ្ញានគរបាលសងខាងទ្វាររថយន្តនោះ នៅខេត្តព្រះសីហនុមានតែម្នាក់ប៉ុណ្ណោះ គឺលោកវរសេនីយ៍ឯក ប៉ែន ដារ៉ា ស្នងការរងទទួលផែនការិយាល័យសុខាភិបាល និងផ្សព្វផ្សាយអប់រំ ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ករណីនេះលោកកំពុងចាត់វិធានការតាមផ្លូវច្បាប់ ហើយក៏បានរាយការណ៍ទៅកាន់អគ្គស្នងការនគរបាលជាតិរួចហើយដែរ ។
ជុំវិញបញ្ហានេះ អ្នកយកព័ត៌មានកាសែតនគរវត្តមិនអាចសុំការបញ្ជាក់ពីលោក ប៉ែន ដារ៉ា ស្នងការរងនគរបាលខេត្តព្រះសីហនុបាននៅឡើយទេ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ដោយគ្មានលេខទូរស័ព្ទ ។
មន្ត្រីនគរបាលខេត្តព្រះសីហនុស្ទើរគ្រប់គ្នានិយាយថា លោកស្នងការរងដែលទើបតែងតាំងថ្មី ហាក់ដូចជាមានអំណួតហួសហេតុពេក ។ គ្រាន់តែមកដល់ភ្លាម ដើរពើងទ្រូង និងបានបង្ហាញចរឹតក្រអឺតក្រទមខ្លាំងណាស់ ។ មន្ត្រីនគរបាលទាំងនោះរំពឹងថា អគ្គស្នងការនគរបាលជាតិមិនបណ្តោយឲ្យមន្ត្រីបែបនេះ មានវត្តមាននៅក្នុងក្របខ័ណ្ឌនគរបាលជាតិទៀតទេ ៕ ហេង សូរិយា