ខេត្តប៉ៃលិន៖ បន្ទាប់ពីចាប់ខ្លួនបុរស ជាប្តីស្ត្រីមេតុងទីនដែលបាននាំប្តីវេច លុយកូនតុងទីននៅផ្សារប៉ាងរលឹមជិត ១០ម៉ឺនដុល្លាររត់គេចខ្លួនអស់រយៈពេលជិត១ខែ មកដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ សមត្ថកិច្ចបានឈានដល់ចាប់ខ្លួនស្ត្រីជាមេតុងទីនបញ្ជូនទៅអយ្យការអមសាលា ដំបូងខេត្ត ។
ប្រភពព័ត៌មានបានឱ្យដឹងថា បុរសជាប្តី ឈ្មោះ ឈួន ប៉ែត អាយុ៣២ឆ្នាំ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថស្រុករតនមណ្ឌល ខេត្តបាត់ដំបងចាប់ខ្លួនខណៈប្រជាពលរដ្ឋប្រទះឃើញធ្វើដំណើរមកទិញត្រាក់ទ័រ ហើយកំពុងបើកបរចេញពីខេត្តប៉ៃលិន កាលពីព្រឹកថ្ងៃទី២៣ ខែតុលា កន្លងទៅ។
ប្រភពដដែលបន្តថា ចំពោះស្ត្រីជាមេ តុងទីនឈ្មោះ ឆន ស្រីពៅ អាយុ៣៦ឆ្នាំ មានស្រុកកំណើតភូមិថ្នល់ទទឹង ឃុំដំណាក់ អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល បច្ចុប្បន្ន ស្នាក់នៅជួលផ្ទះនៅខាងក្រោយផ្សារប៉ាង រលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។ ស្ត្រី រូបនេះបានទទួលដីកាបញ្ជាឱ្យចូលខ្លួន របស់លោក ថុល គឹមហឹង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តប៉ៃលិនតាមពាក្យ បណ្តឹងរបស់កូនតុងទីនថាបានវេចប្រាក់ មួយចំនួនធំរត់គេចខ្លួន ។
បើតាមសម្តីកូនតុងទីនបានលើកឡើង ថា មុនដំបូងពួកគេលេងមានគ្នាប្រមាណ៤២នាក់ដោយអ្នកខ្លះលេង១ក្បាលទៅ២ក្បាលចាប់ពី២ម៉ឺនរៀលទៅ២០ម៉ឺនរៀល ក្នុង១ខែចេញយក២ដង ។ ចំណែកអ្នកខ្លះ ទៀតចំនួន២ក្បាល១ក្បាលចំនួន២ម៉ឺនរៀល និង១ក្បាលទៀតចំនួន២០ម៉ឺនរៀល ហើយបន្ទាប់ពីនោះកូនតុងទីនបានចូលលេងបន្តបន្ទាប់រហូតដល់ជាង៧០នាក់។ តាំងពីលេងមកពួកគេបានឡើងប្រាក់ឱ្យមេតុងទីនជារៀងដរាប លុះក្រោយពេលប្រមូលបានប្រាក់ពីកូនតុងទីនអស់ហើយ ឈ្មោះ ឆន ស្រីពៅ ក៏នាំប្តីរត់គេចតែម្តង។
បើទោះបីជាយ៉ាងនេះក្តីបន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនបុរសជាប្តី និងរឹបអូសយកត្រាក់ ទ័រយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនសមត្ថកិច្ចបានលួងលោម ឱ្យស្ត្រីជាប្រពន្ធចូលខ្លួនបន្តទៀតដោយប្រាប់ថា ឱ្យមកលក់ត្រាក់ទ័រសងជំពាក់ បំណុលគេរួចនាងក៏ធ្វើដំណើរទៅខេត្តប៉ៃលិន ទើបមានការចាប់ឃាត់ខ្លួនភ្លាមៗបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត៕ ហេង នរិន្ទ្រ