ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តតាមក្របួចក្រុមចោរលួចម៉ូតូបានមួយសំបុកចាត់ការតាមច្បាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺៈ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការតាមចាប់ក្រុមជនសង្ស័យមួយក្រុមជាចោរលួចម៉ូតូ ជាបន្តបន្ទាប់ ក្រោយធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង យកទៅលក់យកលុយទិញថ្នាំញៀនជក់ ។

ការចាប់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភូមិរលាំងសង្កែ សង្កាត់សុពន៌ទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យទី១ ឈ្មោះសួង វ៉ាន់ថា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើទ២ ឈ្មោះ អ៊ុច សុខអាណា ភេទប្រុសអាយុ២០ឆ្នាំ រស់នៅភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ទី៣ឈ្មោះ ងួន មរត្តា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិចំការដូង ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទី៤ឈ្មោះ យិន រដ្ឋា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ទី៥ឈ្មោះ សយ សីហស ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិ-សង្កាត់ច្បារមន ក្រុងច្បារមន ទី៦ឈ្មោះ មុនី សុផានុត ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិបុរីកម្មករ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

មន្ត្រីអាវុធហត្ថខេត្តមួយរូបបានឲ្យដឹងថា ក្រោយទួលពាក្យបណ្តឹងពីឈ្មោះ អ៊ុក វឿន ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិតាំងតាឡាត់ ឃុំព្នាយ ស្រុកសំរោងទង បានដាក់ពាក្យបណ្តឹងថា មានមនុស្សមួយក្រុម បានធ្វើសកម្មភាពលួចម៉ូតូរបស់ខ្លួន ដែលទុកមុខផ្ទះ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន ១A ៨២៦៩ ។ ក្រោយទទួលពាក្យបណ្តឹង កម្លាំងកងរាជអាវុធហត្ថបានស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យ៦នាក់ខាងលើជាបន្តបន្ទាប់ ។

ក្រោយឃាត់ខ្លួន ជនសង្ស័យជន ឈ្មោះ សួង វ៉ាន់ថា បានឆ្លើយសារភាពថា ម៉ូតូដែលបាត់នោះ គឺពួកខ្លួនជាអ្នកលួចប្រាកដមែន និងបានយកទៅឲ្យបក្ខពួករបស់គេ ដែលជួលបន្ទប់ស្នាក់នៅក្នុងភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ជួយលក់បន្ត ។

ក្រោមបញ្ជាពីលោកឩត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ជាលទ្ឋផលបានស្រាវជ្រាវរហូតឃាត់ខ្លួនក្រុមជនសង្ស័យជាបន្តបន្ទាប់ ។

ក្នុងការឃាត់ខ្លួននេះ សមត្ថកិច្ចដកហូតបានជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង ទុយយោ និងដបជក់ថ្នាំ២ ថង់សម្រាប់ច្រក២៥០ថង់ ស្លាកលេខម៉ូតូ១ ចំណែកម៉ូតូក្រុមជនសង្ស័យសារភាពថា បានលក់ទៅឲ្យជនមិនស្គាល់អត្តសញ្ញាណម្នាក់ ពេលនេះកម្លាំងជំនាញកំពុងស្រាវជ្រាវបន្ត ។

បច្ចុប្បន្ន ក្រុមជនសង្ស័យត្រូវបានឃាត់ខ្លួននៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនកាន់សាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ សេនាស័ក្តិ

as as-1 as-2


ចែករំលែក៖