ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋឃុំប៉ុងស្រុកវ៉ើនសៃដាក់ពាក្យប្តឹងក្រុមហ៊ុនបូមខ្សាច់ធ្វើឲ្យប៉ះពាល់បរិស្ថាន

ចែករំលែក៖

ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិបាងប៉ុង ឃុំប៉ុង ស្រុកវើុនសៃចំនួន ៣៣គ្រួសារ កាលពីពេលថ្មីៗកន្លងទៅនេះបានដាក់ពាក្យប្តឹងទៅអាជ្ញាធរខេត្តរតនគិរីឲ្យជួយដោះស្រាយខណៈក្រុមហ៊ុនបូមខ្សាច់ ពីទន្លេសេសានមួយបាននិងកំពុងតែធ្វើឲ្យប៉ះពាល់បរិស្ថាននិងការរស់នៅរបស់ប្រជាពលរដ្ឋ ។

ប្រជាពលរដ្ឋបានលើកឡើង នៅក្នុង ពាក្យបណ្តឹងនោះថា អាជីវកម្មបូមខ្សាច់ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនសហគ្រាស ម៉េងហ៊ានធារី គឺបានបង្កសំឡេងរំខាន ដោយក្នុងពេលបូមម្តងៗគឺបំពងសំឡេងឮរំពង ធ្វើឲ្យអ្នកជំងឺនិងជនចាស់ជរាមិនអាចសម្រាកបាន ។ មិនត្រឹមតែប៉ុណ្ណោះអាជីវកម្មបូម ខ្សាច់មួយនេះ ក៏បានធ្វើឲ្យបាក់ច្រាំងទន្លេ និងបង្កផលប៉ះពាល់ជាច្រើនទៀតដល់ការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ ។

ឆ្លើយតបនឹងពាក្យបណ្តឹងនេះ កាលពី ចុងសប្តាហ៍កន្លងទៅក្រុមមន្ត្រីជំនាញថ្នាក់ខេត្តបានចុះទៅពិនិត្យដោយផ្ទាល់នៅទីតាំងនោះ ហើយបានរកឃើញថា សហគ្រាស នោះ គឺមិនទាន់បានអនុវត្តត្រឹមត្រូវតាម បទដ្ឋានបច្ចេកទេសរបស់ក្រសួងរ៉ែ និង ថាមពលនៅឡើយ ដូចជាម៉ាស៊ីនបំពង សំឡេងរំខានដល់ការរស់នៅអ្នកជំងឺ និង ចាស់ជរាក្នុងភូមិ ។ សហគ្រាសមួយនេះ បង្ហូរទឹកកខ្វក់គម្រោះខ្សាច់ពាសពេញដីស្រែចម្ការ និងលំនៅឋានរបស់អ្នកភូមិ ដោយ មិនមានធ្វើអាងស្តុកទឹកកខ្វក់ បណ្តាលឲ្យហូរត្រឡប់ចូលទន្លេវិញបង្ក ការបាក់ស្រុតច្រាំងទន្លេធ្វើឲ្យទឹកទន្លេល្អក់កករលំបាកក្នុងការប្រើប្រាស់ជាប្រចាំ សម្រាប់អ្នករស់នៅតាមដងទន្លេខាង ក្រោម ។

ជាវិធានការបន្ទាន់ ក្រុមមន្ត្រីជំនាញបានធ្វើការណែនាំទៅលើម្ចាស់អាជីវកម្មបូម ខ្សាច់នោះធ្វើយ៉ាងណាកុំឲ្យមានផលប៉ះ ពាល់ដល់បរិស្ថានបន្តទៀត ជាសំខាន់ គឺប្រជាពលរដ្ឋ រស់នៅជិតខាងជាចាំបាច់ ហើយ បើពុំគោរពគោលការណ៍ច្បាប់នោះអាជ្ញាធរនឹងផ្អាកអាជីវកម្មភ្លាម ៕ ហេង សូរិយា

kiri-1 kiri-3 kiri-2 kiri-1


ចែករំលែក៖