ភ្នំពេញ ៖ បន្ទាប់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃបានបញ្ជាឲ្យកម្លាំងប្រដាប់អាវុធអនុវត្តវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងឃាត់ខ្លួនម្ចាស់បើកល្បែងខុសច្បាប់ ពិសេសអ្នកកាងពីក្រោយ រួមទាំង អ្នកឃុបឃិត មកផ្តន្ទាទោសតាមច្បាប់នោះ រយៈពេលប៉ុន្មានថ្ងៃនេះគេសង្កេតឃើញថា កម្លាំងនគរបាលតាមបណ្តាខេត្តមួយចំនួន បានបើកប្រតិបត្តិការជាបន្តបន្ទាប់លើការចុះទៅបង្ក្រាបល្បែងស៊ីសងទាំងនេះនៅ តាមមូលដ្ឋាន ។
រីឯរាជធានីភ្នំពេញត្រូវបានគេមើល ឃើញថា ល្បែងស៊ីសងជាពិសេសកន្ទុយលេខនេះតែម្តងមានការលួចបើកលេងយ៉ាងច្រើន និងមានគ្រប់រូបភាពតែម្តង ហើយ សមត្ថកិច្ចមូលដ្ឋានខ្លះ ចេះតែបិទភ្នែកទៅ ពីព្រោះទាំងនេះជាប្រភពចំណូលមួយផ្នែកសម្រាប់ការងារ និងជីវភាពប្រចាំថ្ងៃ ។ ដូច្នេះ ប្រជាពលរដ្ឋសូមឲ្យកម្លាំងសមត្ថកិច្ចនៅ តាមមូលដ្ឋានបន្តអនុវត្តបទបញ្ជារបស់ ថ្នាក់ដឹកនាំឲ្យមានប្រសិទ្ធភាពផង ដើម្បី ចូលរួមប្រតិបត្តិគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ខ្លាំងឡើង ។
សម្រាប់ល្បែងកន្ទុយលេខ ឬហៅថា ចាក់ឆ្នោតនោះ នៅរាជធានីភ្នំពេញ មានលួចបើកកន្លែងដោយខ្លះយករូបភាពអាជីវកម្មបិទមុខ ដើម្បីកុំឲ្យសមត្ថកិច្ចដឹង ។
ជាក់ស្តែងឱសថស្ថានមួយកន្លែងដែលមានឈ្មោះថា ពិភពឱសថ មានទីតាំង ស្ថិតនៅ225B ផ្លូវលេខ93 សង្កាត់ស្រះចក ខណ្ឌដូនពេញមើលទៅជាកន្លែងលក់ ថ្នាំពេទ្យ តែកុំភ្លេចនៅខាងក្នុងម្ចាស់ទីតាំង ដែលមានឈ្មោះ ម៉េង សូឡា បានលួច បើកល្បែងចាក់កន្ទុយលេខ ដោយមួយ ថ្ងៃៗ មានអ្នកទៅចាក់ជាច្រើននាក់ប្រមូលបានប្រាក់រាប់លានរៀល ។
ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំង ឱសថស្ថានខាងលើបានឲ្យដឹងថា កន្លែង លក់ថ្នាំហ្នឹងគេលួចកត់កន្ទុយលេខយូរហើយ ស្លាកលក់ថ្នាំពេទ្យមែន តែខាងក្នុង គេចាំទទួលចាក់ឆ្នោត គ្រប់ពេលហ្នឹង តែសមត្ថកិច្ចមិនដែលឃើញចុះមកបង្ក្រាបផង ។ នេះគ្រាន់តែជារូបភាពមួយនោះទេ ដែលគេបានលួចបើកល្បែងស៊ីសង ជាពិសេសឆ្នោតវៀតណាមនេះ ខណៈកន្លែង ផ្សេងទៀតបានលើកស្លាកដូរលុយ និងបម្រើ សេវាអីុនធើណេតក៏មាន ។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការអនុវត្តវិធានការ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ សម្តេច ក្រឡាហោម បានបញ្ជាក់ថា នៅកម្ពុជា ល្បែងស៊ីសងមាន២សណ្ឋាន រួមមាន ល្បែងស៊ីសងស្របច្បាប់ និងល្បែងស៊ីសង មិនស្របច្បាប់។ មន្ត្រីកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបង្រ្កាបល្បែងស៊ីសង ខុសច្បាប់ ដែលបង្កការប៉ះពាលដល់ សណ្តាប់ធ្នាប់ សាធារណៈ សីលធម៌សង្គម ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងការ អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ។
សម្តេចក្រឡាហោមបានថ្លែងទៀតថា ល្បែងស៊ីសងខុសច្បាប់ ដែលបានលបលួច បើក និងបានបើកជាចំហ នៅតាមមូល ដ្ឋានកន្លងមកមានដូចជា ល្បែងជ្រកក្រោមស្លាកល្បែងស្របច្បាប់ ឆ្នោត ឡូតូ ភ្នាល់ បាល់ភ្នាល់អនឡាញល្បែងអីុនធើណេត ២៤ម៉ោង ឆ្នោតកន្ទុយលេខខុសច្បាប់ ល្បែងជល់មាន់ ល្បែងភា្នល់ទឹកភ្លៀង ល្បែងបាញ់ត្រី និងល្បែងនានាទៀត ដែល ជ្រកក្រោមល្បែងក្មេងលេង និងទាំងអាជីវ កម្មខុសច្បាប់ គឺត្រូវបានប្រកាសបិទទាំង ស្រុង ៕ ហេង នរិន្ទ្រ