ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ខ្យល់គរស្លាប់ ខណៈមកជួយច្រូតស្រូវប្អូនបង្កើតបាន២ថ្ងៃ

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅវាលស្រែ ដោយសង្ស័យកើតខ្យល់ ខណៈមកជួយច្រូតស្រូវបងប្អូនបង្កើតរយៈពេលពីរថ្ងៃ រួចហើយក្រោកទៅមើលសន្ទូច និងបង្កៃនៅវាលស្រែ តាំងពីម៉ោង៤ទៀបភ្លឺ រហូតដល់ម៉ោង៨ព្រឹក ។

ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចវាលស្រែខាងលិចប៉ុស្តិ៍នគរបាលរដ្ឋបាលសែនសុខ ចម្ងាយប្រហែល២០០ម៉ែត្រ ស្ថិតក្នុងភូមិគោកភ្ងាស ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

លោកវរសេនីយ៍ត្រី ជី បេងជន អធិការនគរបាលស្តីទីស្រុកក្រឡាញ់បានឲ្យដឹងថា បើតាមការបំភ្លឺរបស់លោកលួន លឿត ដែលត្រូវជាប្អូនប្រុសបង្កើតសពបានប្រាប់សមត្ថកិច្ចនគរបាលថា បងប្រុសរបស់គាត់ មានឈ្មោះ លួន យស់ អាយុ៣២ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានមកជួយច្រូតស្រូវគាត់ ត្រូវជាប្អូនបង្កើត (ឈ្មោះលួន លឿង) កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦មកម្ល៉េះ រហូតដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង០៨ និង០០នាទីយប់ បងប្រុសបានទៅរាយសន្ទូច និងដាក់បង្កៃត្រីនៅចំណុចកើតហេតុខាងលើ លុះដល់វេលាម៉ោង០៤ទៀបភ្លឺ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ បងប្រុសបានទៅមើលសន្ទូច និងបង្កៃដោយឃើញថា បងប្រុសរបស់គាត់ បាត់យូរពេក គាត់បានទៅរក ដោយបានរាយការណ៍ជូននគរបាលប៉ុស្តិ៍រដ្ឋបាលសែនសុខឲ្យជួយរក ពេលដែលនាំគ្នាទៅរក ក៏ប្រទះឃើញបងប្រុសដេកស្លាប់នៅហ្នឹងទឹកក្នុងវាលស្រែធ្វើឲ្យមានការភ្ញាក់ផ្អើល ។

លោកអធិការនគរបាលស្តីទីស្រុកបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ក្នុងទឹកជម្រៅប្រហែល៧០សង់ទីម៉ែត្រ ឬ៧តឹក ក្បាលបែរទៅទិសខាងកើត មានពាក់កែវជួតជាប់នៅលើក្បាលហើយមានដើមស្រូវ និងស្មៅនៅជុំវិញសាកសព ។

បើតាមការពិនិត្យសាកសពរបស់សមត្ថកិច្ចនគរបាលបានសន្និដ្ឋានថា ជនរងគ្រោះប្រហែលជាកើតខ្យល់ ហើយវិលមុខដួលដោយមិនមានអ្នកណាជួយ ទើបបណ្ដាលឲ្យជនរងគ្រោះស្លាប់ ម៉្យាងវិញទៀត នៅកន្លែងកើតហេតុ មិនវត្ថុតាងអ្វីបន្សល់ទុក ដែលអាចឲ្យសមត្ថកិច្ចនគរបាលសង្ស័យថា ជាអំពើឃាតកម្មនោះទេ។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅភូមិប្រាសាទឃុំជប់វ៉ារី ស្រុកព្រះនេត្រ ព្រះខេត្តបន្ទាយមានជ័យ ៕ ជានិរន្ដរ៍

ee dw


ចែករំលែក៖