សារព័ត៌មាន CNN /Bangkok post កាលពីថ្ងៃទី៣ ខែវិច្ឆិកា បានផ្សាយថា ប្រធានាធិបតីហ្វុីលីពីនបានទៅជូនដំណើរអ្នកនេសាទវៀតណាម១៧នាក់ដោយផ្ទាល់ឲ្យវិលត្រឡប់ទៅស្រុកវិញ ។ ទាំងនោះជាសកម្មភាពដ៏ល្អប្រសើរបំផុតសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងហ្វុីលីពីននឹងវៀតណាម ។
នាវាដឹកអ្នកនេសាទវៀតណាម១៧នាក់បានដាក់សម្ភារប្រើប្រាស់និងស្បៀងអាហារជាច្រើនតាមការបញ្ជារបស់ប្រធានាធិបតីហ្វុីលីពីនលោក ឌុយទែរតេ ហើយ ចាកចេញពីកំពង់ផែ Sual របស់ហ្វុីលីពីនវិលត្រឡប់ទៅប្រទេសវៀតណាមវិញ ។
អ្នកនេសាទវៀតណាមមានអារម្មណ៍ក្តុកក្តួលចំពោះអំពើល្អរបស់ភាគីហ្វុីលីពីនមុន ពេលចាកចេញទៅផ្ទះវិញ។ កម្លាំងទាហាន ជើងទឹកហ្វុីលីពីនក៏បានជូនដំណើរឆ្លងកាត់ដែនសមុទ្ររបស់ហ្វុីលីពីនផងដែរ។មានប្រសាសន៍នៅក្នុងពិធីជូនដំណើរអ្នកនេសាទវៀតណាមត្រឡប់ទៅប្រទេសវិញ ប្រធានាធិបតីហ្វុីលីពីនលោក ឌុយទែរ តេ បានបញ្ជាក់ថា ខ្ញុំពិតជាសប្បាយរីករាយដែលបានជូនដំណើរអ្នកដែលជាមិត្ត។
ឆ្លើយតបនឹងសកម្មភាពដ៏ល្អប្រសើរនោះនាវានេសាទរបស់វៀតណាមបានដាក់បដាធំៗនៅលើនាវាថា អរគុណប្រធានាធិបតីឌុយទែរតេ ជាការអរគុណពីអ្នកនេសាទវៀតណាម។
មន្ត្រីហ្វុីលីពីនបានឲ្យដឹងថា ក្រោយពេលបានប្រកាសដោះលែងរដ្ឋាភិបាលក៏បានផ្តល់សិទ្ធិឲ្យអ្នកនេសាទទាំងអស់មានសិទ្ធិជ្រើសរើសថាតើត្រឡប់ទៅវិញតាមផ្លូវអាកាសឬផ្លូវទឹក ប៉ុន្តែអ្នកនេសាទទំាងអស់ចង់វិលត្រឡប់ទៅវិញដោយទូកនេសាទរបស់ខ្លួន។
កន្លងមកហ្វុីលីពីនបានលុបចោលទោសនេសាទខុសច្បាប់ដែលចូលដែនទឹកហ្វុីលីពីនរបស់អ្នកនេសាទវៀតណាមដោយសារតែអ្នកនេសាទទាំងនោះចូលទៅហ្វុីលីពីនគឺបណ្តាលមកពីព្យុះ Ferdie ធ្វើឲ្យទូកនេសាទត្រូវរសាត់ចូលទៅដែនសមុទ្រហ្វុីលីពីន។ នៅថ្ងៃទី១០ ខែតុលា ក្រសួងយុត្តិធម៌ហ្វុីលីពីនបានប្រកាសអនុញ្ញាតឲ្យអ្នកនេសាទវៀតណាមត្រឡប់ទៅផ្ទះវិញ ដោយមិនមានការចោទប្រកាន់ទោសអ្វីឡើយ។ មិនត្រឹមតែប៉ុណ្ណោះហ្វុីលីពីនបានផ្តល់លក្ខណៈងាយស្រួលក្នុងការត្រឡប់ទៅស្រុកវិញផងដែរ។
អ្វីដែលគេចាប់អារម្មណ៍បំផុតនោះគឺអ្នកនេសាទតូចតាចតែប្រធានាធិបតីហ្វុីលីពីនបានទៅជូនដំណើរដោយផ្ទាល់នៅកំពង់ ផែគឺជារឿងមួយដ៏ល្អប្រសើរបំផុតបង្ហាញពីការមិនប្រកាន់វណ្ណៈ ពីសម្ពន្ធមិត្តដ៏ល្អប្រសើរជាមួយប្រទេសក្នុងតំបន់ដូចគ្នា៕