ខេត្តព្រះសីហនុ៖ អនុវត្តតាមបទបញ្ជាដឹកនាំរបស់ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ព្រមទាំងមានការសម្រប សម្រួលនីតិវិធីពីលោក ទី មុនិន្ទ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធនឹងករណីលួចកាត់ខ្សែភ្លើង នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០នាទីព្រឹក ដោយកម្លាំងជំនាញផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព និងធ្វើការស្រាវជ្រាវ រហូតកំណត់អត្តសញ្ញាណជនសង្ស័យបានចំនួន ៣នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីខាងលើ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន ទូរស័ព្ទដៃ កូនរណារ កាំបិតបត់ ញញួរ កន្ត្រៃ សោបាឡុង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលា ដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច