ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋនៅសង្កាត់ស្រះចក ស្នើឱ្យបញ្ឈប់ការបូជាសពនៅក្នុងវត្តស្រះចកដោយពិបាកទ្រាំនឹងក្លិនផ្សែងដែលនាំឱ្យប៉ះពាល់ដល់សុខភាព

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ បានស្នើឱ្យ អាជ្ញាធរខណ្ឌនិងរដ្ឋបាលរាជធានីភ្នំពេញបញ្ឈប់ការបូជាសពនៅក្នុងវត្តស្រះចកដោយពិបាកទ្រាំនឹងក្លិនផ្សែង ដែលនាំឱ្យប៉ះពាល់ដល់សុខភាព។

ប្រជាពលរដ្ឋបានលើកឡើងបែបនេះនៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤នៅខណ្ឌដូនពេញ នាព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នំា២០២៦ ក្រោមអធិបតីភាពលោក ជួប ខុន សមាជិក្រុមប្រឹក្សារាជធានីភ្នំពេញ ជាតំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ រួមជាមួយនឹងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

នៅក្នុងវេទិកានោះ លោក អ៊ឹង តារា ប្រជាពលរដ្ឋមកពីសង្កាត់ស្រះចកបានបញ្ជាក់ថា នៅពេលមានការបូជាសពម្តងៗ ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងវត្តស្រះចក ពិបាកទ្រាំនឹងក្លិនផ្សែងឈ្ងៀម ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់។

ឆ្លើយតបទៅនឹងបញ្ហានេះលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងរួចហើយមិនឱ្យមានការបូជាសពនៅតាមវត្តក្នុងខណ្ឌចំនួន៥ កណ្តាលរាជធានីភ្នំពេញឡើយ គឺលើកលែងតែឥស្សរជនជាន់ខ្ពស់ប៉ុណ្ណោះ។ ជាមួយគ្នានោះ លោក អភិបាលរងបានណែនាំឱ្យប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ បន្តកិច្ចសហការជាមួយព្រះគ្រូចៅអធិការវត្ត ឱ្យអនុវត្តកិច្ចការនេះឱ្យបានត្រឹមត្រូវ ពិសេសត្រូវត្រួតពិនិត្យ ទប់ស្កាត់ មិនត្រូវឱ្យមានការបូជាសពដែលកើតជំងឺឆ្លង  ដែលនាំឱ្យកាន់តែប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ការបូជាសពត្រូវបានអនុញ្ញាតឱ្យនៅតាមបណ្តាវត្តជាយរាជធានីភ្នំពេញ។

លោកបានបញ្ជាក់ទៀតថា ចំពោះសំណូមពរពាក់ព័ន្ធនឹងការបាញ់ថ្នាំសម្លាប់សត្វមូស រដ្ឋបាលរាជធានីភ្នំពេញនឹងបន្តចុះបាញ់បន្ថែមទៀតដើម្បីកម្ចាស់សត្វមូស និងបង្ការទប់ស្កាត់ជំងឺគ្រុនឈាមនារដូវវស្សានេះ ដែលធានាសុខុមាលភាពជូនប្រជាពលរដ្ឋ។ ចំពោះសំណើនិងសំណូមពរមួយចំនួនទៀតដែលប្រជាពលរដ្ឋបានសរសេរនៅក្នុងសំបុត្រ រដ្ឋបាលរាជធានីភ្នំពេញនឹងលើកយកមកពិភាក្សានិងដោះស្រាយនាពេលខាងមុខ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

លោក ជួប ខុន សមាជិកក្រុមប្រឹក្សា បានថ្លែងថា តាមរយៈកិច្ចពិភាក្សា និងពិគ្រោះយល់នាពេលនេះ បានផ្តល់ឱកាសឱ្យអាជ្ញាធរបានដឹងពីតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយដោះស្រាយជូនប្រជាពលរដ្ឋឱ្យមានតម្លាភាព ប្រសិទ្ធភាព។

សូមបញ្ជាក់ថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌដូនពេញ មានអ្នកចូលរួមជាង ៥០០នាក់ ក្នុងនោះ មានអ្នកឡើងសំណូមពរពីបញ្ហាផ្សេងចំនួន៥នាក់ ខណៈជាសំបុត្រមានជាង២០ច្បាប់៕

ដោយ៖សំរិត


ចែករំលែក៖