ភ្នំពេញ៖ រថយន្ត៣គ្រឿង បើកប្រដេញគ្នាពេញផ្លូវ បានជ្រុលទៅបុកម៉ូតូមួយគ្រឿង ហើយរថយន្តមិនព្រមឈប់ដោះស្រាយទេ បានបន្តបើករត់គេចរហូតទៅបុកម៉ាស៊ីនដកប្រាក់ ATM ខូតខាត់ទាំងរថយន្តទៅមុខលែងរួច បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ៦៣ កែងផ្លូវលេខ១៧២ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
រថយន្តបង្កម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២AF-៨៦៤៧ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ចំណែកម៉ូតូរងគ្រោះ ម៉ាកហុងដា ឌ្រីមសង់ ឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ ១C-២៦៨៥ ជិះឌុបគ្នា២នាក់ប្រុសម្នាក់ ស្រីម្នាក់ ។
តាមសាក្សីដែលបានឃើញហេតុការណ៍អោយដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត៣គ្រឿង មិនចាំម៉ាក បើកប្រដេញគ្នាយ៉ាងលឿនតាមបណ្តោយផ្លូវលេខ៦៣ ក្នុងទឹសដៅពីត្បូងទៅជើង ពេលមកដល់កែងផ្លូវលេខ២១៤ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿង ដែលធ្វើដំណើរឌុបគ្នាក្នុងទឹសដៅពីកើតទៅលិច បណ្តាលអោយបុរសអ្នកឌុបរងរបួសធ្ងន់បាក់ជើងឆ្វេង ចំណែកស្ត្រីអ្នកជិះពីក្រោយរបួសរលាត់ដៃជើងធ្ងន់គួរសមដែរ ។
សាក្សីបន្តទៀតថា បន្ទាប់ពីបុកម៉ូតូហើយ រថយន្តបង្កមិនបានឈប់ដោះស្រាយទេ គឺបានបន្ថែមល្បឿនបើករត់រហូតដល់ផ្លូវលេខ១៧២ រថយន្តបានបត់ស្តាំ តែដោយសារល្បឿនរថយន្តលឿនទើបធ្វើអោយរថយន្តជ្រុលទៅបុកម៉ាស៊ីនដកប្រាក់ ATM ដែលនៅក្បែរនោះ បែកកញ្ចក់ខូចខាតស្ទើរទាំងស្រុង រីឯរថយន្ត ក៏ខូតខាតខ្ទេចទៅមុខលែងរួចដែរ ។ ភ្លាមៗនោះ គេឃើញអ្នកបើកបរចុះពីក្នុងរថយន្តរត់ឡើងជិះរថយន្ត២គ្រឿងផ្សេងទៀតដែលបើកដេញគ្នានោះគេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិចឯកជន ចំណែករថយន្តនិងម៉ូតូត្រូវបានកំលាំងជំនាញវាស់វែងយកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីដើម្បីស្រាវជ្រាវរកម្ចាស់រថយន្តអោយចូលខ្លួនមកដោះស្រាយនៅពេលក្រោយ ៕ សុខាសែនជ័យ