ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា បើកទំព័រថ្មីនៃការទូតវប្បធម៌នៅសាធារណរដ្ឋប៊ុលហ្គារី និងតំបន់បាល់កង់ តាមរយៈការសម្ពោធ «ជ្រុងកម្ពុជា» នៅបណ្ណាល័យជាតិប៊ុលហ្គារី

ចែករំលែក៖

ប៊ុលហ្គារី​៖​ បើយោងតាមប្រភពព័ត៍មានពី​ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី​ នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៦​ បានឱ្យដឹងថា​​ ព្រះរាជាណាចក្រកម្ពុជាបានបោះជំហានថ្មីមួយទៀតក្នុងការលើកកម្ពស់ការទូតវប្បធម៌ និងការផ្សព្វផ្សាយអត្ត សញ្ញាណជាតិខ្មែរ នៅសាធារណរដ្ឋប៊ុលហ្គារី និងតំបន់បាល់កង់ តាមរយៈពិធីសម្ពោធជាផ្លូវការ «ជ្រុងកម្ពុជា – សៀវភៅ សិល្បៈ និងបេតិកភណ្ឌវប្បធម៌» (CAMBODIA CORNER – Books, Arts & Cultural Heritage) នៅបណ្ណាល័យជាតិ «សន្តស៊ីរីល និងសន្តមេថូឌី» (St. Cyril and St. Methodius National Library) កាលពីម្សិលមិញនេះ​ នៅក្នុងទីក្រុងសូហ្វៀ សាធារណរដ្ឋប៊ុលហ្គារី។

ពិធីសម្ពោធនេះបានប្រព្រឹត្តទៅក្រោមកិច្ចសហការរវាងស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី និងបណ្ណាល័យជាតិប៊ុលហ្គារី ដោយមានការចូលរួមពីឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាង​អង្គទូតនានាប្រចាំទីក្រុងសូហ្វៀ ថ្នាក់ដឹកនាំបណ្ណាល័យ តំណាងស្ថាប័នអប់រំ និងភ្ញៀវកិត្តិយសជាច្រើនរូប។

សម្រាប់ការបង្កើត «ជ្រុងកម្ពុជា» នេះ មិនត្រឹមតែជាការដាក់តាំងសៀវភៅ និងស្នាដៃសិល្បៈខ្មែរនៅក្នុងបណ្ណា​ល័យជាតិដ៏សំខាន់របស់ប៊ុលហ្គារីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្កើតទីតាំងមួយសម្រាប់ផ្សព្វផ្សាយចំណេះ ដឹងអំពីប្រវត្តិសាស្ត្រ អរិយធម៌ អក្សរសាស្ត្រ សិល្បៈ និងបេតិកភណ្ឌវប្បធម៌ខ្មែរ ទៅកាន់សាធារណជនប៊ុលហ្គារី និងអ្នកសិក្សាស្រាវជ្រាវក្នុងតំបន់បាល់កង់។

ថ្លែងក្នុងពិធីសម្ពោធនេះ លោកស្រីបណ្ឌិត កាលីណា អ៊ីវ៉ាណូវ៉ា (Dr. Kalina Ivanova) នាយិកាបណ្ណាល័យ​ជាតិ​ប៊ុលហ្គារី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់​ឯកអគ្គរាជ​ទូតកម្ពុជា ក្នុងការបង្កើតជ្រុងអក្សរសាស្ត្រ និងវប្បធម៌កម្ពុជា នៅក្នុងបណ្ណាល័យជាតិ។ លោកស្រីបណ្ឌិតបាន​លើក​​ឡើង​ថា ក្នុងសតវត្សរ៍ទី២១ ទោះបីជាបច្ចេកវិទ្យាឌីជីថល និងមធ្យោបាយធ្វើដំណើរមានការរីកចម្រើន​យ៉ាង​​ខ្លាំងក៏ដោយ សៀវភៅនៅតែជាមធ្យោបាយដ៏សំខាន់ក្នុងការស្វែងយល់អំពីប្រវត្តិសាស្ត្រ វប្បធម៌ និង​អរិយ​ធម៌​របស់ប្រជាជាតិនានា។ លោកស្រីបណ្ឌិតបានគូសបញ្ជាក់ថា៖ «ចម្ងាយភូមិសាស្ត្ររវាងកម្ពុជា និងប៊ុលហ្គារី មិនមែនជាឧបសគ្គសម្រាប់ការផ្លាស់ប្តូរចំណេះដឹង និងការយល់ដឹងអំពីគ្នាទៅវិញទៅមកឡើយ។ តាមរយៈ​សៀវភៅ មនុស្សអាចធ្វើដំណើរឆ្លងកាត់ពេលវេលា ស្វែងយល់ពីអតីតកាល និងស្គាល់ប្រទេសឆ្ងាយៗ ដោយមិន​ចាំបាច់ធ្វើដំណើរទៅដល់ទីនោះដោយផ្ទាល់»។

ជាមួយគ្នានេះ លោកស្រីបណ្ឌិត កាលីណា អ៊ីវ៉ាណូវ៉ា បានបញ្ជាក់ឱ្យដឹងថា នៅក្នុងបណ្តុំឯកសារប្រវត្តិសាស្ត្រ​របស់​បណ្ណាល័យជាតិប៊ុលហ្គារី ក៏មានស្នាដៃស្រាវជ្រាវ និងឯកសារចាស់ៗរបស់អ្នកប្រាជ្ញប៊ុលហ្គារី ដែលបាន​រៀបរាប់អំពីភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ លោកស្រីបណ្ឌិតបានអះអាងថា នេះបង្ហាញថា ចំណាប់​អារម្មណ៍​របស់អ្នកសិក្សាស្រាវជ្រាវប៊ុលហ្គារីចំពោះកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ មាន​ប្រវត្តិយូរអង្វែងមកហើយ។

លោកស្រីបណ្ឌិត កាលីណា អ៊ីវ៉ាណូវ៉ា ក៏បានផ្តោតសារៈសំខាន់លើបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ជាពិសេសតាមរយៈអង្គការយូណេស្កូ (UNESCO)។ លោកស្រីបណ្ឌិតបានរំលេចអំពីតំបន់អង្គរ ប្រាសាទព្រះវិហារ តំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់បុរាណ​វិទ្យាកោះកេរ ដែលជាសក្ខីភាពនៃភាពរុងរឿងរបស់អរិយធម៌ខ្មែរ។ ទន្ទឹមនេះ លោកស្រីបានលើកឡើងអំពីបណ្ណ​សារនៃសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដែលជាឯកសារប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ ក្នុង​ការកត់ត្រាទុក្ខវេទនារបស់ប្រជាជនកម្ពុជា ក្នុងអំឡុងរបបខ្មែរក្រហមពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ ​លោកស្រី​បណ្ឌិតបានគូសបញ្ជាក់ទៀតថា ការអភិរក្សឯកសារ និងបេតិកភណ្ឌប្រវត្តិសាស្ត្រ មិនមែនគ្រាន់តែជា​ការ​រក្សា​ទុកអតីតកាលនោះទេ ប៉ុន្តែជាការអប់រំមនុស្សជំនាន់ក្រោយឱ្យយល់ដឹងអំពីតម្លៃនៃសន្តិភាព សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស និងសារៈសំខាន់នៃការចងចាំប្រវត្តិសាស្ត្រ។

ក្នុងឱកាសនោះ លោកស្រីបណ្ឌិត កាលីណា អ៊ីវ៉ាណូវ៉ា បានចាត់ទុកការបង្កើត «ជ្រុងកម្ពុជា» គឺជាការរួម​ចំណែក​ដ៏មានអត្ថន័យក្នុងការផ្តល់ឱកាសដល់អ្នកអាន និស្សិត អ្នកស្រាវជ្រាវ និងសាធារណជនប៊ុលហ្គារី ឱ្យស្វែងយល់កាន់តែស៊ីជម្រៅអំពីប្រទេសកម្ពុជា។ បន្ថែមពីនេះ លោកស្រីបណ្ឌិតនាយិកា ក៏បានថ្លែងអំណរ​គុណ​ចំពោះឯកអគ្គរាជទូតកម្ពុជា ដែលបានផ្តួចផ្តើមគំនិតនេះ ព្រមទាំងបានសន្យាបន្តបន្ថែម និងធ្វើ​បច្ចុប្បន្ន​ភាព​សៀវភៅនៅក្នុងជ្រុងកម្ពុជា ជារៀងរាល់ឆ្នាំ។

លោកបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី បានបង្ហាញពីក្តីរំភើបយ៉ាងជ្រាលជ្រៅ ក្នុងការវិលត្រឡប់មកកាន់បណ្ណាល័យជាតិ ដែលលោកធ្លាប់មកអានសៀវភៅ និងសិក្សាស្រាវជ្រាវកាលពីជិត៤០ឆ្នាំមុន។ ក្នុងការថ្លែងសុន្ទរកថាជាភាសា​ប៊ុលហ្គារី​ លោកឯកអគ្គរាជទូត បានចាត់ទុកថា នេះគឺបានឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ស្និទ្ធស្នាលរបស់​ឯកឧត្តម​ជាមួយប្រទេស និងប្រជាជនប៊ុលហ្គារី ព្រមទាំងការគោរពចំពោះភាសា វប្បធម៌ និងប្រពៃណី​របស់​ប្រទេសដែលលោកតែងតែចាត់ទុកថាជាមាតុភូមិទីពីររបស់ខ្លួន។ 

លោកឯកអគ្គរាជទូតបានរម្លឹកថា ក្នុង​អំឡុងពេលជានិស្សិតនៅប្រទេសប៊ុលហ្គារី បណ្ណាល័យនេះជាកន្លែងដ៏សំខាន់មួយដែលបានរួមចំ​ណែកដល់ការ​សិក្សា ការស្វែងរកចំណេះដឹង និងការបង្កើតអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។ លោកឯកអគ្គរាជទូត​បានថ្លែងសង្កត់ធ្ងន់ថា៖ «ពីនិស្សិតម្នាក់ដែលធ្លាប់មកទទួលចំណេះដឹង ថ្ងៃនេះ ខ្ញុំមានកិត្តិយស ក្នុងនាមជាឯក​អគ្គរាជ​ទូតកម្ពុជា នាំយកចំណែកមួយនៃមាតុភូមិរបស់ខ្ញុំ មកតម្កល់នៅទីនេះ»។

លោកបណ្ឌិត ជា ច័ន្ទបរិបូរណ៍ បានរម្លឹកផងដែរថា សម្រាប់ឯកឧត្តម ប្រទេសប៊ុលហ្គារីគឺជាមាតុភូមិទីពីរ ហើយរាល់ពេលវិលត្រឡប់មកប្រទេសនេះ ឯកឧត្តមមិនមានអារម្មណ៍ថាជាភ្ញៀវឡើយ ប៉ុន្តែមានអារម្មណ៍ដូច​ជា​​កំពុងវិលត្រឡប់មកផ្ទះរបស់ខ្លួនវិញ។ តាមរយៈសុន្ទរកថារបស់លោកឯកអគ្គរាជទូត​នេះបានបង្ហាញពី​ទំនាក់​ទំនងដ៏ជ្រាលជ្រៅរវាងបុគ្គល ប្រវត្តិសាស្ត្រ ការអប់រំ និងការទូត ដែលបានក្លាយជាមូលដ្ឋាននៃ​ការផ្តួច​ផ្តើមគំនិតបង្កើត «ជ្រុងកម្ពុជា» នៅក្នុងបណ្ណាល័យជាតិប៊ុលហ្គារី។

លោកឯកអគ្គរាជទូតសម្តែងក្តីសង្ឃឹមថា ជ្រុងកម្ពុជា ​នឹងក្លាយជាស្ពាននៃចំណេះដឹង មិត្តភាព និងការយល់​ដឹងរវាងប្រជាជនកម្ពុជា និងប្រជាជនប៊ុលហ្គារី ព្រមទាំងបើកទូលាយដល់មិត្តភក្តិអន្តរជាតិទាំងអស់។

សូមជម្រាបជូនថា ក្នុងឱកាសពិធីសម្ពោធនេះ ស្ថានឯកអគ្គរាជទូតកម្ពុជា បានរៀបចំសៀវភៅ និងស្នាដៃ​សិល្បៈ​ ចំនួន២៤ធាតុ តាមបញ្ជី ក្នុងនោះ មានសៀវភៅ១៩ធាតុ និងស្នាដៃសិល្បៈ ព្រមទាំងវត្ថុសិប្បកម្មចំនួន៥មុខ។

សៀវភៅដែលបានរៀបចំសម្រាប់ជ្រុងកម្ពុជា គ្របដណ្តប់លើប្រធានបទជាច្រើន ដូចជា ប្រវត្តិសាស្ត្រខ្មែរ អរិយធម៌អង្គរ ព្រះរាជវង្សខ្មែរ បេតិកភណ្ឌវប្បធម៌ ទេសចរណ៍ ម្ហូបអាហារខ្មែរ និងបរិស្ថាន។​ ចំពោះ​សៀវភៅទាំងនេះ នឹងផ្តល់ឱកាសដល់អ្នកសិក្សាស្រាវជ្រាវ និងអ្នកអានអន្តរជាតិ ក្នុងការស្វែងយល់អំពីអរិយធម៌​ខ្មែរ ពីសម័យបុរាណរហូតដល់សម័យទំនើប។

ក្រៅពីសៀវភៅ ក៏មានស្នាដៃសិល្បៈ និងវត្ថុសិប្បកម្មខ្មែរដែលត្រូវបានរៀបចំសម្រាប់តាំងបង្ហាញ រួមមានគំនូរ​ខ្នាតតូចបែបខ្មែរ ចម្លាក់ស្បែកប្រពៃណី ថូស្ពាន់ដែលមានក្បាច់រចនាខ្មែរ ចានស្ពាន់លម្អដោយរូប​ប្រាសាទ​អង្គរវត្ត និងផ្ទាំងចម្លាក់ស្ពាន់ដែលទទួលការបំផុសគំនិតពីក្បាច់ចម្លាក់ប្រាសាទអង្គរ។

ក្នុងឱកាសនេះដែរ លោកបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ក៏បានប្រគល់ជូននូវសៀវភៅស្តីពីប្រវត្តិសាស្ត្រ អរិយធម៌ សិល្បៈ និងបេតិកភណ្ឌវប្បធម៌កម្ពុជា ដល់មហាវិទ្យាល័យចំនួនពីរនៃសាកលវិទ្យាល័យសូហ្វៀ (Sofia University “St. Kliment Ohridski”) រួមមានមហាវិទ្យាល័យប្រវត្តិសាស្ត្រ (Faculty of History) និងមហាវិទ្យាល័យទស្សនវិជ្ជា (Faculty of Philosophy) ដោយផ្តោតលើការសិក្សាទស្សនវិជ្ជាសម័យបុរាណ និងសម័យទំនើប។ ការប្រគល់សៀវភៅជូននាពេលនេះ គឺជាការបន្ត និងពង្រីកទំនាក់ទំនង​សហប្រតិបត្តិការ​ផ្នែកអប់រំ និងការស្រាវជ្រាវរវាងស្ថានឯកអគ្គរាជទូតកម្ពុជា និងស្ថាប័នអប់រំជាន់ខ្ពស់របស់ប៊ុលហ្គារី។

ទាក់ទងនឹងគំនិតផ្តួចផ្តើមនេះ ក៏មានគោលបំណងជំរុញឱ្យនិស្សិត សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវប៊ុលហ្គារី មានឱកាសសិក្សាស្វែងយល់កាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្រខ្មែរ អរិយធម៌អង្គរ ទស្សនវិជ្ជា ប្រពៃណី និង​បេតិក​ភណ្ឌវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជា។ លោកបណ្ឌិត ជា ច័ន្ទបរិបូរណ៍ បានអះអាងបន្ថែមថា ការផ្តល់សៀវភៅដល់មហាវិទ្យាល័យទាំងពីរគឺ​ជា​ការពង្រីកវិសាលភាពនៃគម្រោង «ជ្រុងកម្ពុជា» ពីបណ្ណាល័យជាតិ ទៅកាន់បរិយាកាសអប់រំថ្នាក់ឧត្តមសិក្សា ដើម្បីឱ្យចំណេះដឹងអំពីកម្ពុជា អាចចូលរួមចំណែកក្នុងសកម្មភាពសិក្សា ការបង្រៀន និងការស្រាវជ្រាវរបស់​សាកលវិទ្យាល័យ។

លោកបានបន្ដថា សកម្មភាពនេះក៏បង្ហាញពីការយកចិត្តទុកដាក់របស់ស្ថានឯក​អគ្គរាជ​ទូតកម្ពុជា ក្នុងការប្រើប្រាស់វិស័យអប់រំវប្បធម៌ និងការផ្លាស់ប្តូរចំណេះដឹង ជាមធ្យោបាយសំខាន់សម្រាប់ពង្រឹង​ទំនាក់​ទំនងមិត្តភាពរវាងប្រជាជនកម្ពុជា និងប្រជាជនប៊ុលហ្គារី។ លោកឯកអគ្គរាជទូតបានថ្លែងបន្ថែមថា៖ «ការបង្កើត “ជ្រុងកម្ពុជា” នៅបណ្ណាល័យជាតិប៊ុលហ្គារី មានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការ​ទូតវប្ប​ធម៌កម្ពុជា និងអាចផ្តល់អត្ថប្រយោជន៍រយៈពេលវែងក្នុងវិស័យជាច្រើន»៕

ដោយ៖ តារា​


ចែករំលែក៖