ពេញមួយខែតុលា ឆ្នាំ២០២៦ អាជ្ញាធរគ្រប់មូលដ្ឋានបានបន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បានជិត ២ម៉ឺនលើកនៅទូទាំងប្រទេស។ សកម្មភាពនេះ បានប្រព្រឹត្តទៅ នៅតាមវេទិកាសាធារណៈ តាមខ្នងផ្ទះ សាលារៀន វត្តអារាម និងសហគមន៍ ដោយមានការចូលរួមពីប្រជាពលរដ្ឋជាង៧២ម៉ឺននាក់។
គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល រៀបចំឡើងក្នុងគោលបំណងពង្រឹងសន្តិសុខ សុខដុមរមនា កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពនៃជីវិតដោយធានាឱ្យបាននូវការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
គោលនយោបាយនេះមានខ្លឹមសារស្នូលជាអាទិ៍ ជំរុញការចូលរួមទប់ស្កាត់ និងរាយការណ៍អំពីបទល្មើសក្នុងសង្គម ជំរុញការផ្ដល់សេវាសាធារណៈ ការងារអនាម័យនិងបរិស្ថាន ការទប់ស្កាត់គ្រោះថ្នាក់សង្គម អំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឆ្លើយតបទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវ។
ក្នុងរយៈពេលដូចគ្នានេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ ក៏បានបង្ក្រាបករណីក្មេងទំនើង៥៨ករណី ឃាត់ខ្លួនក្រុមក្មេងទំនើង២១៦នាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត។ ដោយឡែក ករណីល្បែងស៊ីសង សមត្ថកិច្ចបង្ក្រាបបាន ២៥ករណី ឃាត់ខ្លួនមនុស្ស ១០១នាក់ ក្នុងនោះ ៧៤នាក់ ត្រូវបានបញ្ជូនទៅតុលាការ និង ២៧នាក់ផ្សេងទៀត អប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព៕
ដោយកញ្ញា សេង សុខហ៊ុន

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច