ព័ត៌មានទាន់ហេតុការណ៍៖

ចុះពិនិត្យម៉ូទ័របូមទឹកឆ្លង់ចរន្តអគ្គិសនីឆក់ស្លាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្មករសំណង់នៅវិទ្យាល័យហ៊ុនសែនរំលេចម្នាក់ ត្រូវបានឆ្លង់ចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលត្រូវបានគេសង្ស័យកម្មកររូបនេះ បានដើរចុះទៅត្រួតពិនិត្យម៉ូទ័របូមទឹកស្រះខាងក្រោយសាលា ហើយអាចបណ្តាលមកពីភ្លេចដក់ឌុយខ្សែភ្លើង ។

ហេតុការណ៍នេះ បានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចស្រះទឹកក្នុងបរិវេណវិទ្យាល័យរំលេច ស្ថិតក្នុងភូមិប្រឡាយរំដេញ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលរដ្ឋបាលរំលេចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រិន រិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ បច្ចុប្បន្នមានទីលំនៅភូមិផ្លង ឃុំនាងដៃ ស្រុកអង្គរជុំ ខេត្តសៀមរាប មកបម្រើការងារនៅចំណុច និងភូមិ-ឃុំកើតហេតុខាងលើ។

ប្រភពខាងលើនេះបន្តថា សាកសពជនរងគ្រោះ ត្រូវបាននារីកម្មករសំណង់ដូចគ្នាប្រទះឃើញនៅពេលគាត់ដើរទៅដងទឹកដើម្បីយកមកដាំបាយ ដូច្នេះជនរងគ្រោះត្រូវបានឆ្លង់ចរន្តអគ្គិសនីឆក់ស្លាប់ អាចបណ្តាលមកពីភ្លេចដក់ឌុយខ្សែភ្លើងនៅកន្លែងធ្វើការ(ក្នុងសាលារៀន) ហើយគាត់បានដើរទៅស្រះទឹកខាងក្រោយសាលា ចម្ងាយប្រមាណ ៣០ម៉ែត្រ ដើម្បីត្រួតពិនិត្យម៉ូទ័របូមទឹក ប៉ុន្តែជាអកុសល ក៏ត្រូវបានឆ្លង់ចរន្តអគ្គិសនីឆក់ស្លាប់បែបនេះ ។

ប្រភពដដែលបន្តទៀតថា ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានសហការគ្នាចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ ដើម្បីស្រង់ចម្លើយនានា និងចាប់យកវត្ថុតាងឈានទៅសន្និដ្ឋាន ជនរងគ្រោះពិតជាអាចស្លាប់ដោយសារឆ្លង់ចរន្តអគ្គិសនីពិតប្រាកដ ដូច្នេះក៏ទំនាក់ទំនងជាមួយម្ចាស់សំណងនិងសាច់ញាតិក្រុមគ្រួសារជនរងគ្រោះដើម្បីចាត់ចែងតាមនីតិវិធី ៕ ប៉ឹម ពិន

 


ចែករំលែក៖