ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត បាន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅប្រទេសហ្វីលីពីន

ចែករំលែក៖

 

ប្រទេសហ្វីលីពីន ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅដល់ទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ដើម្បីចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ និងជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំបរទេសមួយចំនួន តបតាមការអញ្ជើញរបស់ប្រធានាធិបតីហ្វីលីពីន ឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជូញៀ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៦។

យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដំណើរអញ្ជើញចូលរួមរបស់សម្តេចធិបតីនាពេលនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាបានបញ្ចប់ភារកិច្ចជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ ខណៈដែលកាលពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ តំណាងសម្តេចធិបតីរួចមកហើយ។

សូមជម្រាបជូនថា កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំអាស៊ាន ដើម្បីពន្លឿនការកសាងសហគមន៍អាស៊ានដែលផ្តោតលើប្រជាជន មានភាពធន់ និងត្រៀមខ្លួនសម្រាប់អនាគត ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ អន្តរជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនានានា ក្នុងការដោះស្រាយបញ្ហាប្រឈម និងចាប់យកកាលានុវត្តភាពថ្មីៗ៕

ដោយ ៖ សិលា


ចែករំលែក៖