ខេត្តបន្ទាយមានជ័យ÷ កម្លាំងចម្រុះបានរឹបអូសយកស្រាប្រភេទ Viski ចំនួន ៤៦កេស បន្ទាប់ពីចុះត្រូតពិនិត្យ និងឆែកឆេរលំនៅឋានមួយកន្លែងនៅជាប់អូរព្រំដែនខ្មែរ-ថៃ កាលពីព្រឹកថ្ងៃទី១៦ វិច្ឆិកា ស្ថិតក្នុងភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃដែលគេសង្ស័យថា ពួកជនទុច្ចរិតបំរុងបញ្ជូនឆ្លងដែនខុសច្បាប់ចេញទៅប្រទេសថៃ តែត្រូវបានសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកម៉ាឡៃបានឲ្យដឹងថា កម្លាំងចម្រុះដែលដឹកនាំដោយលលោកអភិបាលរងស្រុកម៉ាឡៃ បានចុះត្រូតពិនិត្យលំនៅឋានមួយកន្លែង ដែលមានម្ចាស់ ឈ្មោះ ឡុង និងប្រពន្ធ ឈ្មោះ វី នៅក្បែរមាត់អូរព្រំដែនខ្មែរ-ថៃ ក្បែរទីតាំងចាស់ដែលកម្លាំង យោធាការពារព្រំដែន រឹបអូសបារីចំនួន ២៦ប៊ិក កាលពីថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២៦។
នៅក្នុងកិច្ចប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបានឆែក ឆេររកឃើញស្រាដប ម៉ាក « ROBERT MONDAVI » ចំនួន៤៦កេស ។ ប្រភពដដែលនិយាយថា ស្រាដប នេះ ពុំមានឯកសារបញ្ជាក់ស្របច្បាប់ទេ ។ គេសង្ស័យពួកឈ្មួញដឹកយកទៅលាក់ទុកនៅផ្ទះខាងលើ ដើម្បីរកឱកាសនាំចេញឆ្លងដែនដោយខុសច្បាប់ចេញទៅប្រទេសថៃ ។
នៅចំពោះមុខនឹងវត្តុតាង ម្ចាស់ផ្ទះ០២នាក់ប្ដី-ប្រពន្ធ បានឆ្លើយដោះបន្ទុកប្រាប់សមត្ថកិច្ចថា ស្រាចំនួន ៤៦ កេសនេះ ខ្លួនទិញយកមកទុកធ្វើកម្មវិធីឡើងផ្ទះថ្មី ។ ប៉ុន្តែយ៉ាងណា ក្រោយសាកសួរបឋម និងត្រួតពិនិត្យ សមត្ថកិច្ចបាននាំខ្លួន ម្ម្ចាស់ ផ្ទះ០២នាក់ប្ដី-ប្រពន្ធ ជាមួយនឹងស្រាចំនួន ៤៦កេស ទៅកាន់អធិការដ្ឋានស្រុកម៉ាឡៃ ដើម្បីចាត់ការតាមនីតិវិធី ។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៥ វិច្ឆកា ឆ្នាំ២០២៦ កម្លាំងយោធា និងកម្លាំងវរនគរបាលការពារព្រំដែនប្រចាំតំបន់នោះ បានរឹបអូសបារីចំនួន ២៦ប៊ិក នៅក្បែរទីតាំងខាងលើ ដែលជាប់ព្រំដែនខ្មែរ-ថៃ ។ បារីចំនួន ២៦ប៊ិកនោះ ត្រូវពួកឈ្មួញទុច្ចរិត ដឹកយកទៅលាក់ទុកនៅក្បែរព្រំដែន ដើម្បីរងចាំឱកាសពេលយប់ស្ងាត់ បញ្ជូនឆ្លងអូរព្រំដែនចេញទៅប្រទេសថៃ។ ប៉ុន្តែ ត្រូវបានកម្លាំងការពារព្រំដែនទប់ស្កាត់ និងរឹបអូសយកបានមុនពេល ក្រុមឈ្មួញជនទុច្ចរិតនាំចេញ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច