ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា និងថៃ នឹងបន្តកិច្ចប្រជុំផ្សះផ្សាលើកទី៣ ស្តីពីការកំណត់ព្រំដែនសមុទ្រ នៅទីក្រុងគូឡាឡាំពួ នាចុងខែវិច្ឆិកានេះ

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នឹងរៀបចំកិច្ចប្រជុំលើកទី៣ រវាងភាគីកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីបន្តពិភាក្សាលើដំណោះស្រាយវិវាទដែនសមុទ្រដោយសន្តិវិធី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

កិច្ចប្រជុំដែលរៀបចំឡើងក្រោមការប្រកាសរបស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍នេះ គឺជាជំហានវិជ្ជមានមួយទៀតក្នុងដំណើរការផ្តួចផ្តើមដោយកម្ពុជា។ ផ្អែកលើលទ្ធផលនៃកិច្ចប្រជុំលើកមុន គណៈកម្មការ និងភាគីទាំងពីរនឹងផ្តោតការពិភាក្សាជាសំខាន់លើទិដ្ឋភាពបច្ចេកទេសនៃការកំណត់ព្រំដែនសមុទ្រ ព្រមទាំងស្វែងរកចំណុចរួម និងការឯកភាពគ្នាបន្ថែមទៀត។

ក្នុងកិច្ចប្រជុំដ៏សំខាន់នេះ គណៈប្រតិភូជាន់ខ្ពស់កម្ពុជានឹងដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាតំណាងរាជរដ្ឋាភិបាល រួមជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធានក្រុមចរចា និង ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន អមដោយមន្ត្រីជំនាញ និងក្រុមការងារផ្នែកច្បាប់។

តាមរយៈយន្តការផ្សះផ្សានេះ កម្ពុជាបានដាក់ចេញនូវគោលដៅជាក់លាក់ចំនួនពីរ ទីមួយគឺការឈានទៅចុះសន្ធិសញ្ញាជាមួយប្រទេសថៃ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយសម្រាប់គ្រប់គោលបំណង និងទីពីរ គឺការឈានទៅរកកិច្ចព្រមព្រៀងស្តីពីការអភិវឌ្ឍរួម និងការបែងចែកធនធានដោយសមធម៌ ក្នុងអំឡុងពេលរង់ចាំការព្រមព្រៀងជាស្ថាពរ។ ក្នុងករណីជម្រើសទាំងពីរមិនទាន់អាចសម្រេចបាន កម្ពុជានឹងស្នើឱ្យគណៈកម្មការរៀបចំអនុសាសន៍ ដើម្បីទុកជាមូលដ្ឋានសម្រាប់ការចរចានាពេលអនាគត ស្របតាមច្បាប់អន្តរជាតិ (UNCLOS)។

ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះវិធានការកសាងទំនុកចិត្តដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំនៅទីក្រុងឡាអេ កាលពីខែតុលា ឆ្នាំ២០២៦។ កម្ពុជានឹងចូលរួមកិច្ចប្រជុំនៅទីក្រុងគូឡាឡាំពួ ដោយឈរលើស្មារតីសុចរិតភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក ដើម្បីនាំមកនូវលទ្ធផលដ៏យុត្តិធម៌ និងស្ថិតស្ថេរយូរអង្វែងសម្រាប់ប្រទេសទាំងពីរ៕

ដោយ៖ សូរិយា


ចែករំលែក៖