ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​សមិទ្ធផលកែ​លំអហេដ្ឋារ​ចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង

ចែករំលែក៖

ខេត្ត​កំពង់ចាម៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ជាផ្លូវការសមិទ្ធផលកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រ​មន្ទីរ​ពេទ្យ​បង្អែក​​ស្រុកចំនួន៦១កន្លែង (CPA1 និង CPA2) ក្នុងចំណោមមន្ទីរពេទ្យបង្អែកទាំង​២កម្រិត​នេះ ចំនួន ១០៤នៅទូទាំងប្រទេស។​ ក្នុងពិធីនេះ បានរៀបចំឡើងនៅឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីមន្ត្រី​ជាន់​ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងយុវជនក្នុងខេត្ត​កំពង់​ចាមយ៉ាងច្រើនកុះករ។

រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តោត​ការ​យកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងធ្វើឱ្យការផ្តល់សេវាសុខាភិបាល​កាន់​តែល្អប្រសើរ ដើម្បីជាទីពឹងរបស់ប្រជាពលរដ្ឋមានមានជំងឺ ឬបញ្ហាសុខភាព។

សម្តេចមហាបវរធិបតី បានដាក់ចេញនូវវិធានការគន្លឹះចំនួន៣ ក្នុងការលើកកម្ពស់គុណភាពសេវា​សុខា​ភិបាល និងពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន។ វិធានការគន្លឹះទាំង៣នោះរួមមាន៖

១) ការពង្រឹងសមត្ថភាពផ្តល់សេវានៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក, ២) ការអភិវឌ្ឍសមត្ថភាព​ស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងការគ្រប់គ្រងធនធានមនុស្ស ហិរញ្ញវត្ថុ ការងារនិយ័តកម្ម និងការឆ្លើយតបទៅនឹងការគំរាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព, ៣) ការកសាង​ភាព​ជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាឱ្យប្រជាជនទទួលបាន​សេវា​​ថែទាំសុខភាពមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

ការកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រ​មន្ទីរ​ពេទ្យ​បង្អែក​​ស្រុក ជាវិធានការគន្លឹះ​មួយរបស់សម្តេចមហាបវរធិបតី ពង្រឹងការផ្តល់សេវា និងការផ្តល់សេវាសុខាភិបាលកាន់តែល្អប្រសើរ​ដល់ប្រជាពលរដ្ឋ ជាពិសេសការជួយសង្គ្រោះបឋមនៅពេលមានបញ្ហាសុខភាពធ្ងន់ធ្ងរ ហើយតម្រូវវះ​កាត់​បន្ទាន់នោះ។

អនុវត្តតាមការចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអនុម័ត​ថវិកាសរុបចំនួន ១៨ ៣០០ ០០០ដុល្លារអាមេរិក សម្រាប់ការ​អនុវត្តគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកចំនួន ៦១កន្លែង (កម្រិត១ CPA1 និងកម្រិត២ CPA2) ដើម្បីជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។

មកដល់ពេលបច្ចុប្បន្នមន្ទីរពេទ្យបង្អែកចំនួន៦១ ត្រូវបានកែលំអហេដ្ឋារចនាសម្ព័ន្ធ និងធ្វើទំនើបកម្ម​សម្ភារ​បរិក្ខារ។ ក្នុងនោះ កម្រិត១ មានចំនួន២៣ និងកម្រិត២ ចំនួន៣៨ នៅក្នុងខេត្តចំនួន២២ (លើកលែងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តស្ទឹងត្រែង)។ ក្នុងខេត្តកំពង់ចាម មន្ទីរពេទ្យបង្អែក​ស្រុក​ចំនួន៥ ត្រូវបានលំអហេដ្ឋារចនាសម្ព័ន្ធផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកវះកាត់។ មន្ទីរពេទ្យបង្អែក​កំរិត២ ចំនួន៤ និងមន្ទីរពេទ្យបង្អែកកំរិត១ ចំនួន១កន្លែង។ មន្ទីរពេទ្យបង្អែកស្រុកទាំង៥នោះរួមមាន៖ មន្ទីរពេទ្យបង្អែកស្រុកបាធាយ (CPA2), មន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ (CPA2),មន្ទីរពេទ្យ​បង្អែក​ស្រុក​ជើងព្រៃ (CPA2), មន្ទីរពេទ្យបង្អែកស្រុកចំការលើ (CPA2) និងមន្ទីរពេទ្យ​បង្អែក​ស្រុកព្រៃឈរ (CPA1)។

គម្រោងនេះបានចំណាយថវិកាសរុបចំនួន ១៨ ០០១ ៥៤៨ ដុល្លារអាមេរិក រួមមាន៖ ១) ការចំណាយ​លើ​ការ​សាងសង់ ជួសជុល និងកែលម្អមន្ទីរពេទ្យបង្អែកស្រុកទាំង ៦១កន្លែង ចំនួន ៨ ៣៧២ ៥០០​ដុល្លារ​​អាមេរិក និង២) ការចំណាយលើការផ្គត់ផ្គង់ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍​មន្ទីរ​ពិសោធន៍ និងសម្ភារ បច្ចេកទេស ចំនួន ៩ ៦២៩ ០៤៨ដុល្លារអាមេរិក។

សេវាកែលម្អនៅក្នុងមន្ទីរពេទ្យបង្អែកទាំង៦១កន្លែង រួមមាន៖

កម្រិត១ (CPA1)៖ បានជួសជុលកែលម្អ​ផ្នែកសង្គ្រោះបន្ទាន់ និងបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ និង មន្ទីរពិសោធន៍ឱ្យស្របតាមបទដ្ឋាន​បច្ចេកទេស

កម្រិត២ (CPA2)៖ បានជួសជុលកែលម្អផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកវះកាត់ ព្រមទាំងបំពាក់សម្ភារៈ បរិក្ខារវេជ្ជសាស្ត្រ និងមន្ទីរពិសោធន៍ឱ្យស្របតាមបទដ្ឋានបច្ចេកទេស មន្ទីរពេទ្យទាំង២កម្រិត ត្រូវបាន​បំពាក់សម្ភារវេជ្ជសាស្ត្របន្ថែម រួមមាន ម៉ាស៊ីនអេកូសាស្ត្រ ម៉ាស៊ីន X-Ray ម៉ាស៊ីនវិភាគឈាម។

មន្ទីរពេទ្យបង្អែកទាំង៦១កន្លែង បន្ទាប់ពីបានកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារបរិក្ខារថ្មី ធ្វើឱ្យសមត្ថភាពនៃការការ​ផ្តល់សេវា​វះកាត់ និងសង្គ្រោះបន្ទាន់ មានការកើនឡើង ២៥,១ភាគរយ ខណៈករណីបញ្ចូនអ្នកជំងឺទៅមន្ទីរ​ពេទ្យ​កម្រិត​ខ្ពស់បានថយចុះ ១១,៣ភាគរយ។ តួលេខនេះ​ផ្អែកលើ​ការប្រៀបធៀបទិន្នន័យ១០ខែ ដើមឆ្នាំ​២០២៥ និង ១០ខែ ឆ្នាំ២០២៦ មុន និងក្រោយ​ការកែលម្អមន្ទីរពេទ្យបង្អែកទាំង ៦១កន្លែង។

សូមបញ្ជាក់ថា នៅក្នុងអាណត្តិទី៧នៃរដ្ឋសភា ក្រសួងសុខាភិបាល បានខិតខំយកចិត្តទុកដាក់លើ​ការ​ពង្រឹង​ពង្រីក​ហេដ្ឋា​រចនា​សម្ព័ន្ធសុខាភិបាល ការបំពាក់ឧបករណ៍បរិក្ខារវេជ្ជសាស្ត្រទំនើបៗតាម​ស្តង់ដា​បច្ចេក​ទេស​អន្តរជាតិ ការផ្គត់ផ្គង់ឱសថគ្រប់គ្រាន់ ប្រកបដោយគុណភាព និងទាន់ពេលវេលាទៅដល់​គ្រប់មូល​ដ្ឋាន​សុខាភិបាលសាធារណៈ ជាពិសេសមណ្ឌលសុខភាព និងការអភិវឌ្ឍធនធានមនុស្ស​ក្នុងវិស័យ​សុខា​ភិ​បាល ទាំងមុនពេលបម្រើការងារ និងក្នុងពេលបំពេញការងារ ដោយលើកកម្ពស់ជា​ប្រចាំ​គុណ​ភាព​នៃ​ការបណ្តុះបណ្តាលនៅគ្រប់គ្រឹះស្ថានបណ្តុះបណ្តាល ក្នុងវិស័យសុខាភិបាល ព្រមទាំងការលើក​កម្ពស់​ភាព​ជាអ្នកដឹកនាំ និងនវានុវត្តន៍ក្នុងវិស័យសុខាភិបាល៕

ដោយ៖ តារា


ចែករំលែក៖