ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យ លោក David Puttnam បេសកជនពិសេស របស់នាយករដ្ឋមន្ត្រីអង់គ្លេស ទទួលបន្ទុកពាណិជ្ជកម្ម ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិ ភាព រាជធានីភ្នំពេញ។
នៅក្នុងជំនួបនេះ លោក David Puttnam បានគោរពជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្រ្តី អំពីការធ្វើដំណើររបស់លោកផ្ទាល់ទៅកាន់ខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ដែលបានធ្វើអោយលោកមានជំនឿជឿជាក់យ៉ាងខ្លាំងលើការដឹកនាំរបស់សម្តេច ដែលបានធ្វើអោយកម្ពុជារីកចម្រើនយ៉ាងឆាប់រហ័ស។ ឆ្លៀតក្នុងជំនួបពិភាក្សានេះ លោក David Puttnam ក៏បានជម្រាបជូន សម្តេចតេជោ ផងដែរអំពីការចាកចេញរបស់ចក្រភពអង់គ្លេសពីសហគមអឺរ៉ុប រហូតមកដល់ពេលនេះ ជាពិសេសនៅក្នុងដំណាក់កាលចរចានេះគឺពុំមានសញ្ញាណាមួយប្រែប្រួលដែលធ្វើអោយមានការប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាង កម្ពុជា និងចក្រភពអង់គ្លេសឡើយ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះព័ត៌មាននេះ។ ទន្ទឹមនឹងនោះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានជំរុញអោយ លោក David Puttnam ជួយពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ កម្ពុជា-ចក្រភពអង់គ្លេស អោយមានទំហំធំឡើ ដែលនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់ប្រជាជាតិនៃ ប្រទេសទាំងពីរ។ ច្បាស់ណាស់ គឺមិនថាតែកម្ពុជាទេគឺ ប្រទេសក្នុងតំបន់ និងក្នុងពិភពលោកទាំងមូល ត្រូវការស្ថិរ ភាព និងសន្តិភាពក្នុងការអភិវឌ្ឍប្រទេសជាតិអោយរីក ចម្រើន។ តាមរយៈជំនួបប្រជុំដ៏ស្និទ្ឋស្នាលនេះ គឺបានពង្រឹង នូវចំណងមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជា និង អង់គ្លេសអោយកាន់តែរឹងមាំថែមទៀត ៕