ព័ត៌មានទាន់ហេតុការណ៍៖

លួចលុយពីប្រអប់ដាក់ប្រាក់ធីបក្នុងហាង ៤លើក ត្រូវម្ចាស់ហាងឆែកកាមេរ៉ាឃើញ ប្តឹងសមត្ថកិច្ចឃាត់បាន២នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ បុរស២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីលួចប្រាក់ពីក្នុងហាងមួយកន្លែង ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយក្នុងនោះ ជនសង្ស័យម្នាក់ជាបុគ្គលិកហាងបានសារភាពថា ខ្លួនបានធ្វើសកម្មភាពលួចប្រាក់ចំនួន៤លើក និងលើកចុងក្រោយលួចបានប្រាក់ចំនួន១៩៥,០០០រៀល យកទៅឱ្យបក្ខពួកម្នាក់ទៀត។

យោងតាមព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ករណីនេះបានកើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងហាងមួយកន្លែងមានឈ្មោះថា «ទន្លេ» របស់ជនរងគ្រោះឈ្មោះ អ៊ុត សំអាង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរនគរបាល រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រោយពេលកើតហេតុ ជនរងគ្រោះបានពិនិត្យកាមេរ៉ាសុវត្ថិភាពក្នុងហាង ហើយបានឃើញបុគ្គលិកឈ្មោះ អ៊ឹម ដាវីត ហៅអាតឿ ភេទប្រុស អាយុ១៧ឆ្នាំ ធ្វើសកម្មភាពលួចប្រាក់ចេញពីទូដាក់ប្រាក់ធីប ចំនួន១៩៥,០០០រៀល រួចយកទៅប្រគល់ឱ្យឈ្មោះ អុន អេង ហៅអេង ភេទប្រុស អាយុ២៧ឆ្នាំ ដែលជាអតីតបុគ្គលិកហាង និងកំពុងស្នាក់នៅក្រោមស្ពានព្រែកសំរោង។

តាមការរៀបរាប់របស់ជនរងគ្រោះ ជនសង្ស័យឈ្មោះ អុន អេង តែងតែគំរាមកំហែងរកវាយធ្វើបាប និងបង្ខំឱ្យឈ្មោះ អ៊ឹម ដាវីត ទៅលួចប្រាក់ពីក្នុងហាងយកមកឱ្យខ្លួនជាប្រចាំ ដោយប្រសិនបើមិនព្រមធ្វើតាម នឹងត្រូវវាយធ្វើបាប។ ដោយសារតែភ័យខ្លាច ជនសង្ស័យឈ្មោះ អ៊ឹម ដាវីត បានអះអាងថា ខ្លួនបានធ្វើតាមការបង្គាប់បញ្ជានោះ។ ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលតាខ្មៅ បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នាំមកសាកសួរ រួចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ អ៊ឹម ដាវីត បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចប្រាក់ក្នុងហាងចំនួន៤លើកមកហើយ ហើយករណីលើកចុងក្រោយនេះ ខ្លួនបានលួចប្រាក់ចំនួន១៩៥,០០០រៀល យកទៅឱ្យឈ្មោះ អុន អេង ដែលរង់ចាំនៅក្រោមស្ពានព្រែកសំរោងពិតប្រាកដមែន។

ដោយឡែក ជនសង្ស័យឈ្មោះ អុន អេង បានបដិសេធចំពោះមុខសមត្ថកិច្ចថា ខ្លួនមិនបានប្រើប្រាស់ ឬគំរាមកំហែងឱ្យឈ្មោះ អ៊ឹម ដាវីត ទៅលួចប្រាក់ពីក្នុងហាងយកមកឱ្យខ្លួននោះទេ។ ក្នុងចំណោមជនសង្ស័យទាំង២នាក់ ជនសង្ស័យឈ្មោះ អុន អេង មានផ្ទុកសារធាតុញៀនក្នុងទឹកនោម។ ចំណែកឈ្មោះ។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖