ភ្នំពេញ៖ ប្រធានស្ថាប័ន Legends Tour និងជាអ្នកជំនួញដ៏ល្បីរបស់អង់គ្លេស លោក Ryan Howsam បានសម្ដែងការភ្ញាក់ផ្អើល បន្ទាប់ពីមកដល់កម្ពុជា ហើយរំពឹងកាន់តែភ្ញាក់ផ្អើលថែមទៀត បន្ទាប់ពីធ្វើដំណើរទស្សនាកិច្ចលើទឹកដីអង្គរ នាដើមសប្ដាហ៍ក្រោយ។
សូមជម្រាបជូនថា គណៈប្រតិភូកីឡា Legends Tour ចូលជួបសម្ដែងការគួរសម និងសំណេះសំណាល ក្រោមអធិបតីភាពលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅវិមានសន្ដិភាព កាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា សម្រាប់ការចូលរួមព្រឹត្តិការណ៍ប្រកួតពានរង្វាន់ Vattanac Legends Championship និង Vattanac Tour Championship ឆ្នាំ២០២៦។
ដំណើរមកចូលរួមព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជានេះ លោក Ryan Howsam បានបង្ហាញការភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីចុះដល់អាកាសយានដ្ឋានអន្ដរជាតិតេជោ ដែលមានរចនាសម្ព័ន្ធស្ដង់ដារដ៏អស្ចារ្យ ជាមួយសម្រស់រាជធានីភ្នំពេញដ៏ល្អ បន្ថែមលើការស្វាគមន៍យ៉ាងកក់ក្ដៅពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុន វឌ្ឍនៈ ហើយលោកក៏កំពុងទន្ទឹងរង់ចាំទទួលការភ្ញាក់ផ្អើលបន្ថែមទៀត ពេលទៅទស្សនកិច្ចនៅខេត្តសៀមរាប ដើម្បីនាំយកទិដ្ឋភាពទាំងអស់នោះទៅផ្សព្វផ្សាយបន្ដ ។ មិនតែប៉ុណ្ណោះ លោកក៏សង្ឃឹមថា កិច្ចសហការដ៏ល្អនេះ នឹងមានជាបន្ដបន្ទាប់ទៀតទៅថ្ងៃអនាគត។
គួរដឹងថា ក្រោយពិធីបើកផ្លូវការ និងការជួបសម្ដែងការគួរសមពីតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ការប្រកួតពានរង្វាន់ទី១ គឺពានរង្វាន់ Vattanac Legends Championship លើកទី២ នឹងចាប់ផ្ដើមពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ដោយមានកីឡាករលំដាប់កំពូលចំនួន ៧៩នាក់ មកពី ២២ប្រទេសចូលរួម ដើម្បីដណ្ដើមពាន អមប្រាក់រង្វាន់ជាង ៦០ម៉ឺនដុល្លារ មុនបន្ដការប្រកួតពានរង្វាន់ទី២ គឺ Vattanac Tour Championship 2026 ដែលប្រជុំដោយកីឡាករមានចំណាត់ថ្នាក់ខ្ពស់ពេញមួយរដូវកាល ត្រូវប្រកួតដណ្ដើមពាន អមប្រាក់រង្វាន់ ៨០ម៉ឺនដុល្លារ នាថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខ៕

ដោយ៖ តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច