ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តសៀមរាបបញ្ជាឲ្យមន្ដ្រីយកឈើគ្រញូងមួយដើមទៅរក្សាទុកនៅវត្តដំរីសែនជ័យដើម្បីឆ្លាក់ជាព្រះពុទ្ធរូប

ចែករំលែក៖

ខេត្តសៀមរាប ៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបញ្ជាផ្ទាល់ ឲ្យមន្ដ្រីរដ្ឋបាលព្រៃឈើ មន្រ្ដីបរិស្ថាន និង មន្ដ្រីពាក់ព័ន្ធទាំងអស់ដឹកដើមគ្រញូងមួយដើម ដែលត្រូវបានគេកាប់បំផ្លាញនោះ យកទៅរក្សាទុកនៅវត្តដំរីសែនជ័យ ដើម្បីត្រៀមទុកឲ្យប្រជាពលរដ្ឋមូលដ្ឋានសម្រេច ឆ្លាក់ជាព្រះពុធរូបដើម្បីគោរពបូជា ។

លោក ឃឹម ប៊ុនសុង បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រោយពីមានបញ្ជាយ៉ាងដាច់ណាត់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែនថា ត្រូវតែស្វែង រកក្រុមជនសង្ស័យ និងបក្ខពួក ដែលបាន កាប់ដើមគ្រញូងនេះឲ្យខាងតែបាន ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់នោះលោក បានដឹកនាំផ្ទាល់ ក្នុងប្រតិបត្តិការនេះ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យ ២នាក់រួមមាន ឈ្មោះ ឈរ ថាណាត អគ្គនាយករងអាជ្ញាធរជាតិអប្សារាទទួលបន្ទុកព្រៃឈើ និងលោក ចេវ ផល ប្រធានការិយាល័យគ្រប់គ្រងព្រៃឈើនៃអាជ្ញាធរជាតិអប្សរា ។ រីឯបក្ខពួកផ្សេងទៀតនគរបាល ជំនាញកំពុងតែស្រាវជ្រាវដើម្បីចាប់ខ្លួន បន្ថែមទៀត ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានចាត់ទុកថា ជនសង្ស័យដែលបានកាប់ ដើមគ្រញូងមួយដើមនេះជាជនដែលបំផ្លាញ បេតិកភណ្ឌជាតិ ដោយហេតុថា អ្វីក៏ដោយឲ្យតែមានអាយុចាប់ពី១០០ឆ្នាំឡើងទៅ គឺត្រូវបានចាត់ទុកជាទ្រព្យសម្បត្តិបេតិកភណ្ឌជាតិ ។ ជាក់ស្ដែងឈើគ្រញូងនេះមានអាយុ រាប់រយឆ្នាំហើយ ជាឈើដែលមានតម្លៃ ជាឈើដែលប្រជាពលរដ្ឋតែងតែគោរពបូជាគ្រប់ពេល ។ ដូច្នេះជនសង្ស័យដែលកាប់ បំផ្លាញជាមួយបក្ខពួកត្រូវតែដាក់ទោស តាមច្បាប់ដាច់ខាត ។

សូមបញ្ជាក់ថា ឈើគ្រញូងមួយដើមយ៉ាងធំនៅក្នុងឧទ្យានជាតិអង្គរ ត្រូវបានគេលួចកាប់កាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

ដើមគ្រញូងនេះមានអង្កត់ផ្ចិត៨៣០សង់ ទីម៉ែត្រ (៨.៣តឹក) ប្រវែងជាង៨ម៉ែត្រ នៅ មាត់កសិណាអង្គរធំខាងកើតវត្តថ្មីដំរីសែនជ័យ ស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ។

សមត្ថកិច្ចខេត្តសៀមរាបបញ្ជូនមន្ត្រីអាជ្ញាធរអប្សរា៣នាក់ និងកម្មករ២នាក់ ដែលពាក់ព័ន្ធនឹងការកាប់ដើមគ្រញូងនៅតំបន់អង្គរធំទៅកាន់សាលាដំបូងខេត្ត ដើម្បីបន្ត នីតិវិធីសាកសួរ នៅព្រឹកថ្ងៃទី១០ វិច្ឆិកា ។

ក្នុងចំណោមអ្នកទាំង៥ អគ្គនាយករងអាជ្ញាធរអប្សរា លោក ឈ ថាណាត និង ប្រធានការិយាល័យបរិស្ថាន និងទេសភាព វប្បធម៌ លោក ចេវ ផល ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនកាលពីព្រឹកថ្ងៃទី៩ វិច្ឆិកា ។ លុះដល់ យប់ថ្ងៃដដែល សមត្ថកិច្ចក៏ចាប់ខ្លួនមនុស្ស៣នាក់ទៀត ក្នុងនោះម្នាក់ជាមន្ត្រីទទួលបន្ទុក គ្រប់គ្រងឃ្លាំង ហើយពីរនាក់ជាកម្មករ ៕ ហេង សូរិយា

1


ចែករំលែក៖