ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​សេដ្ឋកិច្ច​ម្នាក់ទារ​លុយ​គេ ត្រូវ​ប្អូនប្រុស​អ្នក​ជំពាក់​លុយ​យក​ដំបង​សំពងបែកក្បាលហូរឈាម

ចែករំលែក៖

ភ្នំពេញ ៖ មន្ដ្រីនគរបាលសេដ្ឋកិច្ចម្នាក់ រងរបួសបែកក្បាលឈាមហូរស្រោចពេញខ្លួន ខណៈទៅទារលុយគេ ត្រូវប្អូនប្រុសអ្នកជំពាក់លុយយកដំបងសំពងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងបុរីពិភពថ្មី នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមានឈ្មោះ ឌុក វណ្ណថា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមន្ដ្រីនគរបាលសេដ្ឋកិច្ច ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកពាមរ ខេត្តព្រៃវែង ឯអ្នកជំពាក់លុយមានឈ្មោះ ហឿង សុជាតិ ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ចំណែកជនបង្កត្រូវជាប្អូនប្រុសរបស់អ្នកជំពាក់លុយគេមិនត្រូវបានគេស្គាល់ឈ្មោះនៅឡើយទេ ។

ប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា មុនពេលកើតហេតុរូបគាត់ទើបចេញពីគោលដៅពិធីបុណ្យអុំទូក ដោយមានការផឹកស៊ីតិចតួច បន្ទាប់មករូបគាត់បានចូលទៅសួរស្ត្រីឈ្មោះ ហឿង សុជាតិ រឿងជំពាក់លុយជាច្រើនឆ្នាំមកហើយចំនួន៣០០០ដុល្លារ ពេលគាត់ទៅដល់ស្ត្រីខាងលើទើបត្រឡប់មកពីជូនកូនឡើងយន្តហោះវិញ ហើយឃើញស្ត្រីរូបនោះកំពុងតែឈ្លោះប្រកែកជាមួយប្អូនថ្លៃស្រីរបស់ខ្លួននៅក្នុងផ្ទះ ពេលនោះជនបង្កជាប្អូនប្រុសរបស់ស្ត្រីខាងលើក្នុងស្ថានភាពស្រវឹងដែរបានមកស្តីឲ្យរូបគាត់ថា បើចង់ទារលុយ ចាំស្អែកចាំមកទារលុយ ព្រោះគេកំពុងតែឈ្លោះគ្នា ។

ប្រភពដដែលបន្តទៀតថា បន្ទាប់មកជនរងគ្រោះក៏បានតបតទៅវិញធ្វើអោយទាស់ពាក្យសម្តីគ្នា ពេលនោះស្រាប់តែជនបង្កបានយកដំបងសំពងជនរងគ្រោះចំក្បាលបណ្តាលឲ្យបែកក្បាលហូរឈាមស្រោចពេញខ្លួន ហើយជនបង្កបានរត់ទៅផ្ទះបាត់។

ក្រោយពេលកើតហេតុជនរងគ្រោះក៏បានរត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅដើម្បីសុំជួយអន្តរាគមន៍៕ សុខាសែនជ័យ

image1


ចែករំលែក៖