ភ្នំពេញ ៖ រថយន្តប្រភេទយីឌុបមួយគ្រឿង មានដឹកថ្មពេញលើរថយន្តហើយបើកលឿនជាន់ហ្វ្រាំងមិនជាប់ ជ្រុលទៅបុករថយន្តចំនួន២គ្រឿង ដែលកំពុងតែឈប់រងចាំស្តុបនៅត្រង់ចំណុចក្រោមស្ពានអាកាស៧មករា ស្ថិតតាមបណ្ថោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងប្រភេទយីឌុប ម៉ាកហ៊ីណូ ក្បាលពណ៌បៃតង ពាក់ស្លាកលេខ ពោធិ៍សាត់ 3A 0201 ដឹកថ្មពេញលើរថយន្ត បើកដោយបុរសម្នាក់តាមបណ្តោយផ្លូវ ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ខណៈមានរថយន្តកំពុងឈប់រង់ចាំស្តុប នៅចំណុចក្រោមស្ពានអាកាស៧មករា រថយន្តបានបន្ថយហ្គ៊ែរមកជាន់ហ្វ្រាំង តែហ្វ្រាំងចាប់មិនស៊ី បានជ្រុលទៅកៀររថយន្តកុងតឺន័រមួយគ្រឿងដែលពាក់ស្លាកលេខ ភ្នំពេញ 3D 4630 កំពុងតែឈប់រង់ចាំស្តុបបណ្ដាលអោយខូចខាតទ្វារខាងស្ដាំ ហើយរថយន្តដឹកថ្មនោះ មិនទាន់អស់ល្បឿន ក៏បន្តទៅបុករថយន្តមួយគ្រឿងទៀត ដែលកំពុងឈប់ស្តុប ម៉ាក CRVពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2C 0178 ដែលមានអ្នកជិះនៅក្នុងរថយន្តចំនួន៤នាក់ បណ្ដាលឲ្យរងការខូចខាតផ្នែងខាងក្រោយស្ទើរទាំងស្រុង តែសំណាងល្អមិនមានមនុស្សរងរបួសអ្វីនោះទេ ។
បើតាមសម្ដីរបស់អ្នកបើកបររថយន្តបង្កដែលមានឈ្មោះ ហ៊ន ខ្នា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរអ្នកបើកបររថយន្ត មានស្រុកកំណើតនៅក្រុងសៀមរាប ខេត្តសៀមរាប បានប្រាប់អោយដឹងថា មុនពេលកើតហេតុរូបគាត់បានបើករថយន្តខាងលើពីខេត្តកំពង់ឆ្នាំងយកទៅដាក់នៅឯច្បារអំពៅ ហើយគាត់បានបន្តថារថយន្តរបស់គាត់មានបញ្ហាហ្វ្រាំងចាប់ម្ដងសុីម្ដងមិនសុីហើយពេលមកតាមផ្លូវគឺគាត់ចាប់សុីធម្មតានោះទេ តែស្រាប់តែមកដល់ចំនុចកើតហេតុដោយសារតែរថយន្តរបស់គាត់ចាប់ហ្វ្រាំងមិនសុីក៍គាត់បង្ខំចិត្តបើករថយន្តទៅកៀរថយន្តកុងតឺន័រ ដែលនៅខាងមុខគាត់ដើម្បីអោយល្បឿនរថយន្តបន្ថយបន្តិច ទើបជ្រុលទៅបុករថយន្តរហូតដល់២គ្រឿងតែម្តង។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបង្កខាងលើ ត្រូវបានសមត្ថកិច្ចចរាចរណ៍ក្រុងដែលមានគោលដៅនៅត្រង់ចំណុចកើតហេតុនោះ ឃាត់ខ្លួនបាននៅនឹងកន្លែងកើតហេតុដើម្បីរង់ចាំជំនាញចរាចរណ៍រាជធានីចុះមកវាស់វែង និងអូសរថយន្តទាំង3គ្រឿង ព្រមទាំងអ្នកបើកបររថយន្តបង្កយកទៅការិយាល័យចរាចរណ៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយគ្នា៕ ជីម ភារ៉ា ដង្កោ