ខេត្តសៀមរាប៖ លំនៅឋានពលរដ្ឋមួយខ្នងត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិស្ពានជ្រាវ សង្កាត់សៀមរាប ខេត្តសៀមរាប ដែលមូលហេតុបណ្តាលមកពីភ្លើងធូប ។
សេចក្តីរាយការណ៍បានឲ្យដឹងថា លំនៅឋានមួយខ្នងធ្វើអំពីថ្មក្រោម ឈើលើ ប្រក់ក្បឿង ទំហំ ១២គុណ២០ម៉ែត្រ ដែលមានម្ចាស់ផ្ទះឈ្មោះ សីម ញៀន ភេទប្រុស អាយុ ៦៥ឆ្នាំ និងប្រពន្ធឈ្មោះ គង់ ថៃ អាយុ ៦២ឆ្នាំ បានរងការឆាបឆេះទាំងស្រុង ។
តាមប្រភពពីកម្លាំងនគរបាលដែលបានចុះទៅដល់កន្លែងកើតហេតុបានឲ្យដឹងថា ហេតុការណ៍នេះបង្កឡើងដោយភ្លើងធូប ។ សំភារៈមួយចំនួនធំត្រូវបាត់បង់ ប៉ុន្តែប្រាក់កាស់គឺមិនបាត់បង់នោះទេ ពីព្រោះម្ចាស់ផ្ទះបានរក្សាទុកក្នុងទូរដែក ។
សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿងដើម្បីអន្តរាគមន៍ មិនឲ្យភ្លើងរាលឆេះទៅកាន់ផ្ទះអ្នកជិះខាងបានឡើយ ៕ ថាច់ យ៉ាត