ព័ត៌មានទាន់ហេតុការណ៍៖

លោក វេង សាខុន អញ្ជើញចូលរួមជាអធិបតីភាពក្នុងសន្និសិទកៅស៊ូអន្តរជាតិ ២០១៦ ក្រោមប្រធានបទស្តីពី «និរន្តរភាពនៃឧស្សាហកម្មកៅស៊ូធម្មជាតិៈ បញ្ហាប្រឈម និងកាលានុវត្តភាព»

ចែករំលែក៖

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ជិកា ឆ្នាំ២០១៦ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងសន្និសិទកៅស៊ូអន្តរជាតិ ២០១៦ ក្រោមប្រធានបទស្តីពី «និរន្តរភាពនៃឧស្សាហកម្មកៅស៊ូធម្មជាតិៈ បញ្ហាប្រឈម និងកាលានុវត្តភាព» ដែលបានប្រព្រឹត្តទៅនៅខេត្តសៀមរាប ដោយការអញ្ជើញចូលរួមដោយ លោកអភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងក្រុមប្រឹក្សាស្រាវជ្រាវនិងអភិវឌ្ឍន៏កៅស៊ូអន្តរជាតិ ។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ដំណាំកៅស៊ូមានតួនាទីយ៉ាងសំខាន់ និងផ្តល់ផលប្រយោជន៏ជាច្រើនដល់សង្គមសេដ្ឋកិច្ចជាតិ និងត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់បន្ទាប់ពីផលិតកម្មស្រូវ-អង្ករ។ លោករដ្ឋមន្រ្តី បានមានប្រសាសន៍បន្ថែមថា ចក្ខុវិស័យរយៈពេលវែងសម្រាប់វិស័យកៅស៊ូ គឺជំរុញឧស្សហកម្មកៅស៊ូធម្មជាតិនៅកម្ពុជាប្រកបដោយថាមពលខ្លាំង និងមានភាពប្រកួតប្រជែង ដោយផ្តល់អាទិភាពសម្រាប់ដំណាំកៅស៊ូគ្រួសារ សំដៅជួយបង្កើនប្រាក់ចំណូលទៀងទាត់ដល់អ្នកដាំកៅស៊ូ ការបង្កើតអាជីពជនបទ ចូលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងការគ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជាប្រកបដោយនិរន្តរភាព ជាពិសេសការពារលំហូរច្រោះដី ដោយបង្កើតជាគម្របបៃតង កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងកាត់បន្ថយបម្រែបម្រួលអាកាសធាតុ ដែលជាបញ្ហាសំខាន់ក្នុងបរិបទនៃសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្ននេះ។

ទន្ទឹមនឹងតំលៃកៅស៊ូនៅលើទីផ្សារជាតិ និងអន្តរជាតិប៉ុន្មានឆ្នាំចុងក្រោយនេះមានការធ្លាក់ចុះយ៉ាងគំហុក លោករដ្ឋមន្រ្តីបានស្នើអោយអង្គសន្និសិទ ដូចខាងក្រោម៖

១-ប្រទេសដែលមានការស្រាវជ្រាវ និងអភិវឌ្ឍខ្ពស់ គួរគប្បីជួយជ្រោមជ្រែងគាំទ្របណ្តុះបណ្តាលធនធានមនុស្សដល់ប្រទេសដែលមានសមត្ថភាពទន់ខ្សោយ ដើម្បីឲ្យមានវឌ្ឍនភាព សមត្ថភាពគ្រប់គ្រាន់ប្រហាក់ប្រហែលគ្នា និងឆ្លើយតបទៅនឹងការប្រែប្រួលក្នុងបរិបទនៃសាកលភាវូបនីយកម្ម

២-ក្រុមប្រឹក្សាស្រាវជ្រាវ និងអភិវឌ្ឍន៏កៅស៊ូអន្តរជាតិគួរចែករំលែកនូបទពិសោធអោយគ្នាទៅវិញទៅមក ដើម្បីជួយជំរុញការដាំដុះការបង្កើនផលិតភាពចម្ការកៅស៊ូ ក្នុងគោលបំណងបង្កើនប្រាក់ចំណូលដល់ប្រតិបត្តិករកៅស៊ូ និងកសិករកៅស៊ូគ្រួសារ

៣-ស្រាវជ្រាវអំពីក្លូនកៅស៊ូថ្មីដែលធននឹងបម្រែបម្រួលអាកាសធាតុ

៤-ទាញយកផលពីទីផ្សារឥណទានកាបូនដើម្បីគាំទ្រដល់និរន្តភាពនៃការអភិវឌ្ឍឧស្សហកម្មកៅស៊ូ

៥-ជំរុញការដាំដុះ ការផលិត និងការនាំចេញកៅស៊ូជាលក្ខណៈគ្រួសារឱ្យមានភាពទូលំទូលាយ

៦-រៀបចំបង្កើតសហគម ឬសហគមគ្រួសារតាមតំបន់ និងរិះរកគន្លឹះដើម្បីបង្កើតទីផ្សារ ដើម្បីកំណត់តម្លៃកៅស៊ូមួយសមស្រប ៕

3 1 2


ចែករំលែក៖