ខេត្តកណ្តាលៈ បុរសម្នាក់បន្ទាប់ពីផឹកស្រាស្រវឹងបានរត់តាមបណ្តោយមាត់ទន្លេមេគង្គស្រែកថា “លាហើយៗ” រួចលោតចូលទៅក្នុងទឹកលិចបាត់ខ្លួនអស់រយៈពេល២យប់ទើបអណ្តែតសាកសពតាមខ្សែទឹកបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចកំពង់ទឹកតានុត ស្ថិតក្នុងភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សន ចិន្ដា ហៅ ប៉ោង ភេទប្រុសតែងខ្លួនជាស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ។
ប្រភពដដែលបានបន្តថា ជនរងគ្រោះខាងលើនេះឧស្សាហ៏ដើរបាត់ពីផ្ទះមិនប្រាប់ឪពុកម្តាយ ។ លុះមកដល់វេលាល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ឈ្មោះ សួស ណារី ភេទស្រី អាយុ៤៩ឆ្នាំ បានឃើញជនរងគ្រោះមានសភាពស្រវឹងស្រា រត់ស្រែកតាមមាត់ច្រាំងទន្លេមេគង្គថា “លាហើយៗ” ។ រួចជនរងគ្រោះក៏បានលោតចូលទៅក្នុងទន្លេមេគង្គលិចបាត់ទៅ ភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នាព្យាយាមមុជទឹករាវរកជនរងគ្រោះដែរ តែរកមិនឃើញ រហូតដល់វេលាម៉ោង៥ព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ទើបសាកសពអណ្តែតលើផ្ទៃទឹកបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ។
សមត្ថកិច្ចបានបញ្ជាក់ថា សាកសពជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួឲ្យកត់សម្គាល់នោះទេ ។ ក្រោយពីពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ