ភ្នំពេញ៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះអាជ្ញាធរ រាជធានីភ្នំពេញ បានរៀបចំពិធីសូត្រមន្ត បង្សុកូលរាប់បាត្រព្រះសង្ឃ៨១អង្គ ជូនជនរងគ្រោះ ស្លាប់នៅស្ពានពេជ្រ ដោយមានការចូលរួមពីលោកប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញ និងមន្ដ្រីរាជការក្រោមឱវាទ ព្រមទំាង អភិបាលរងរាជធានី អភិបាលនិងអភិបាលរងខណ្ឌទំាង១២ លោកនិងលោកស្រីប្រធាន និងអនុប្រធានមន្ទីរនានាមន្ត្រីរាជការសាលារាជធានី និងក្រុមគ្រួសាឬជនរងគ្រោះព្រមទំាងប្រជាពលរដ្ឋជាច្រើននាក់ទៀតដោយមានការរាប់បាត្រ និងប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃចំនួន៨១អង្គនៅស្ដូបក្បែរស្ពាននាគនៃទីក្រុងកោះពេជ្រ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ ជូនដល់ជនរងគ្រោះដែលបាត់បង់ជីវិតដោយហេតុការណ៍រត់ជាន់គ្នានៅលើស្ពានពេជ្រ កាលពី៦ឆ្នំាមុន។
អាជ្ញាធរ រាជធានីភ្នំពេញ និងប្រជាពលរដ្ឋក៍ បាននាំយកនូវ ទេយ្យទាននិងទេយ្យវត្ថុនិងគ្រឿងឧបរិភោគនិងបរោភោគសម្រាប់រាប់បាត្រតាមសន្ធាជ្រះថ្លារៀងៗខ្លួន។
លោក ប៉ា សុជាតិវង្ស បាបញ្ជាក់ថា ៖ នេះជាឆ្នំាទី៦ហើយដែលរដ្ឋបាលរាជធានីភ្នំពេញបានធ្វើពិធីរាប់បាត្រឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបាត់បង់ជីវិតដោយហេតុការណ៍រត់ជាន់គ្នានៅលើស្ពានពេជ្រ។
ពិធីនោះធ្វើឡើងទៅតាមបែបសាសនា ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធជូនជនរង គ្រោះនៅលើស្ពានកោះពេជ្រ និងសូមបូងសូងឲ្យដួងវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ទាំងនោះ សូមបានទៅកាន់សុគតិ ភពកុំបីឃ្លៀងឃ្លាតឡើយ ។
ម៉្យាងទៀតក៏បានបង្ហាញឲ្យឃើញពីមនោសញ្ចេតនាសោកស្តាយ អាឡោះអាល័យយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារនៃជន រងគ្រោះ ដែលបានស្លាប់អស់ជាង ៣០០នាក់ ចំពោះការបាត់បង់ សមាជិកគ្រួសារក្នុងហេតុការដ៏សោកសង្រេងកាលពី៦ឆ្នាំមុននោះផង ។
លោក ប៉ា សុជាតិវង្ស បានរំលឹកថា ៖ កាលពីយប់ ថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០១០ ជាថ្ងៃបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក មានឧបទ្ទវហេតុ រត់ជាន់គ្នា នៅលើស្ពានពេជ្រ នៃតំបន់កោះពេជ្រ បណ្តាលឲ្យមនុស្ស ៣៥៣នាក់ ស្លាប់បាត់បង់ ជីវិត និងជាង ៧០០នាក់ផ្សេងទៀតបានរងរបួស ធ្ងន់និងស្រាល ផងដែរ ៕ សំរិត