ខេត្តកណ្តាលៈ ជនល្មើសជួញដូរគ្រឿងញៀន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលខ្ពបស្រាវជ្រាវបង្រ្កាបចាប់ខ្លួនបាន រួមជាមួយថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០២កញ្ចប់ ,ទូរស័ព្ទដៃ២គ្រឿង និងម៉ូតូ០១គ្រឿងម៉ាកហុងដាគុបជ្រុង ធុនសេ៥០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ1J-4553 ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ប្រតិបត្តិការនេះធ្វើឡើង កាលពីវេលាម៉ោង២១ និង៤០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលំ ស្ថិតក្នុងភូមិបឹងខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលខ្ពបបានឲ្យដឹងថា ជនល្មើស២នាក់ដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ជាតិ មារិន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងពិតាន ម្នាក់ទៀតឈ្មោះ ចន វាសនា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ ទាំង២នាក់នេះមានទីលំនៅក្នុងភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានជិះម៉ូតូចេញល្បាតក្នុងភូមិសាស្ត្រខ្ពប ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ខណៈល្បាតដល់ភូមិបឹងខ្ពបក៏បានប្រទះឃើញជនល្មើសកំពុងជិះម៉ូតូឌុបគ្នា ។ ដោយមានការសង្ស័យសមត្ថកិច្ចបានហៅឲ្យឈប់សុំធ្វើការត្រួតពិនិត្យ រហូតរកឃើញមានវត្ថុតាងជាក់ស្តែងចាប់ខ្លួនជនល្មើសទាំង២នាក់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ជនល្មើសទាំង២នាក់ខាងលើនេះបានសារភាពថា ថ្នាំញៀនចំនួន២កញ្ចប់នេះពួកគេបានទិញពីមេក្លោងម្នាក់ឈ្មោះ ធី នីតា ភេទស្រី អាយុប្រហែល២៥ឆ្នាំ រស់នៅភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ដើម្បីយកទៅជួញដូរបន្តទៅឲ្យអ្នកប្រើប្រាស់ ៕ស្អាងជ័យ