ខេត្តស្វាយរៀង៖ យុវជនសង្ស័យ៣នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្តស្វាយរៀងឃាត់ខ្លួនពីករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
មន្ត្រីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រីសែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង នៅវេលាម៉ោង ១២និង៣០ នាទីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងជំនាញមន្ទីរយុត្តិធម៌ សហការជាមួយ កម្លាំងមន្ទីរបច្ចេកទេសសន្តិសុខកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ ក្រោមការបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានធ្វើប្រតិបត្តិការបង្រ្កាបមុខសញ្ញារក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ បញ្ជូនមកមន្ទីរយុត្តិធម៌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ។
ជនសង្ស័យ ដែលឃាត់ខ្លួន មានឈ្មោះ ខ្វាន់ ចាន់នូរ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក មានទីលំនៅបច្ចុប្បន្នភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។
ឈ្មោះ សុខ ភក្តី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង និងឈ្មោះ រាជ ប៊ុនហេង ភេទប្រុសអាយុ ២១ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ ម៉ូតូចំនួន០១គ្រឿង ម៉ាកCBR ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1CV-0658 ទូរស័ព្ទដៃចំនួន០៣គ្រឿង ប្រាក់រៀលចំនួន៦៦,០០០រៀល កាតគ្រីម៉ូតូចំនួន ០១ កាបូបដៃចំនួន០១ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងមន្ទីរយុត្តិធម៌កងរាជអាវុហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចាត់ការតាមច្បាប់ ៕ យឹម សុថាន