ភ្នំពេញៈ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន៧នាក់ជាបន្តបន្ទាប់ ព្រមទាំងបានដកហូតថ្នាំញៀន ៣កញ្ចប់ និងម៉ូតូ ៣គ្រឿង កាលពីម៉ោង ២:៣០នាទីរសៀល ថ្ងៃទី២៣ ខែវិចិ្ឆកា ឆ្នាំ២០១៦ នៅមុខចំណុចវត្ត គៀនឃ្លាំង តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិគៀនឃ្លាំង សង្កាត់-ខណ្ឌជ្រោយចង្វា ។
សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យទាំង ៧នាក់ ទី១-ឈ្មោះ រី សារ៉ាត់ អាយុ ២៨ឆ្នាំ មុខរបរ នៅផ្ទះ ទី២-ឈ្មោះ ហុង ដាវីន អាយុ ១៧ឆ្នាំ មុខរបរ កម្មករផ្សារដែក បច្ចុប្បន្នអ្នកទាំង ២នាក់ មានទីលំនៅភូមិព្នៅកើត ឃុំព្រែកចា ស្រុកជើងព្រៃ ខេត្តកំពង់ចាម ទី៣-ឈ្មោះ ពិសិដ្ឋ កក្កដា អាយុ ២៩ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ទី៤-ឈ្មោះ រ៉ា សុផល អាយុ ២២ឆ្នាំ មុខរបរ នៅផ្ទះ ទី៥-ឈ្មោះ រ៉ុម ភារិទ្ធ អាយុ ២២ឆ្នាំ មុខរបរ រត់ម៉ូតូឌុប បច្ចុប្បន្នអ្នកទាំង ២នាក់ មានទីលំនៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ទី៦-ឈ្មោះ ណាត់ កុសល អាយុ ១៨ឆ្នាំ មុខរបរ សន្តិសុខ មានទីលំនៅផ្ទះជួល ខណ្ឌទួលគោក និងទី៧-ឈ្មោះ ម៉ៃ ប៊ុនធឿន អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា និងដកហូតថ្នាំញៀន ៣កញ្ចប់ និងម៉ូតូ ៣គ្រឿង ។
សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងទៀតថា នៅរសៀលថ្ងៃទី២៣ ខែវិចិ្ឆកា កម្លាំងសមត្ថកិច្ចយើងបានដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរ តាមបណ្តោយផ្លូវជាតិលេខ៦ ខណៈពេលកំពុងតែត្រួតពិនិត្យ ស្រាប់តែប្រទះឃើញជនសង្ស័យទាំង ៧នាក់ ហើយសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ព្រមទាំងបានដកហូតបានម្សៅក្រាមពណ៌(ស)ថ្លា ចំនួន ៣កញ្ចប់ ជាប្រភេទ ម៉ាកទឹកកក និងម៉ូតូ ៣គ្រឿង យកទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសាកសួរ ។
ក្រោយពីធ្វើការសាកសួររួចមក ជនសង្ស័យខាងលើបានសារភាពថា ពួកគេបាននាំគ្នាទៅទិញថ្នាំញៀននៅម្តុំរោងចក្រឆ្នាំង ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយពួកគេទាំងនោះ ទិញក្នុង ១កញ្ចប់តម្លៃ ៣០០០០ម៉ឺនរៀល ដើម្បីយកមកប្រើប្រាស់នៅស្រុកកំណើត។
សូមបញ្ជាក់ថា ទីតាំងនៅម្តុំរោងចក្រឆ្នាំងនេះ គឺជាតំបន់ដែលចែកចាយគ្រឿងញៀនដូចទំនិញក្នុងផ្សារ ដូចជាមិនខ្លាចសមត្ថកិច្ចសូម្បីតែបន្តិចសោះឡើយ។
បច្ចុប្បន្នជនសង្ស័យទាំង ៧នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ