ព័ត៌មានទាន់ហេតុការណ៍៖

កក្រើកភ្នំពេញនិងសៀមរាបរឿង“កំណត់ហេតុនាងនាថ”ត្រឹម៣ថ្ងៃមានអ្នកទស្សនាជាង៤ម៉ឺននាក់

ចែករំលែក៖

ភ្នំពេញ៖ ត្រឹមតែរយៈពេល៣ថ្ងៃ ប៉ុណ្ណោះចំនួនអ្នកចូលទស្សនាខ្សែភាពយន្តខ្មែររឿង”កំណត់ហេតុនាងនាថ” មាន ចំនួនរហូតដល់ជាង៤ម៉ឺននាក់។ តួលេខហក់ខ្ពស់នេះនឹងបន្តកើនឡើងទៀត ហើយ គេរំពឹងថា ខ្សែភាពយន្តនេះអាចនឹងបំបែកកំណត់ត្រាក្នុងការស្វែងរកចំណូល និងអ្នកចូលទស្សនាច្រើនជាងគេប្រចាំឆ្នាំ២០១៦នេះ។

មានអ្នកទស្សនាកកកុញខ្លាំងនៅគ្រប់ រោងកុនទំនើបៗនៅភ្នំពេញនិងខេត្តសៀមរាប ព្រោះតែខ្សែភាពយន្តនេះត្រូវបានអ្នក ទស្សនាពីម្នាក់ទៅម្នាក់សរសើរមិនដាច់ពី មាត់។ ខ្សែភាពយន្តទី១របស់ផលិតកម្ម ឥន្ទ្រានិម្មិតនេះសម្ពោធប្រកាសចាក់បញ្ចាំងហើយកាលពីរាត្រីថ្ងៃទី២២ ខែវិច្ឆិកាកន្លង ទៅ ហើយចាប់ផ្តើមចាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្តទំនើបទាំងអស់នៅភ្នំពេញនិងខេត្តសៀមរាប។ អ្នកគ្រប់គ្រង ផលិតកម្មខាងលើបានបញ្ជាក់ថា ក្នុងមួយថ្ងៃមានអ្នកទស្សនាប្រមាណជាងមួយម៉ឺននាក់ ហើយបើបូកសរុបទាំង៣ថ្ងៃមកនេះមានអ្នកទស្សនារហូតដល់ជាង៤ម៉ឺននាក់ហើយ។

អ្នកស្រី ចាន់ណា សុខឃីម ចាងហ្វាង ផលិតកម្មឥន្ទ្រានិម្មិតបានលើកឡើងថា ចំនួនអ្នកចូលទស្សនាបានច្រើនជាងការ រំពឹងទុក។ អ្នកស្រីលើកឡើងថា ថ្ងៃដំបូង បូកសរុបចំនួនអ្នកទស្សនាជាងមួយម៉ឺន នាក់ ហើយចំនួននេះបានកើនឡើងនៅថ្ងៃចុងសប្តាហ៍នេះដែលចំនួននៃការកក់សំបុត្រ ទុកមុនគឺមានចំនួនច្រើនដែលរោងភាព យន្តខ្លះពេញស្ទើរគ្រប់ម៉ោងបើទោះបីជា រោងភាពយន្តខ្លះដាក់បញ្ចាំងពីររោងព្រមគ្នាជាមួយនឹងការចាក់បញ្ចាំងមិនក្រោម៦លើកក្នុងមួយថ្ងៃក្តី។

អ្នកស្រីបន្តថា អ្នកស្រីពិតជារំភើបរីក រាយនឹងការគាំទ្រខ្សែភាពយន្តខ្មែរដែល ផលិតដោយអ្នកនិពន្ធនិងដឹកនាំវ័យក្មេង របស់កម្ពុជា។ អ្នកស្រីលើកឡើងថាអ្វីដែលនាំឲ្យរឿង”កំណត់ហេតុនាងនាថ”ទទួលបានការគាំទ្រច្រើនពីទស្សនិកជនព្រោះតែខ្សែភាពយន្តនេះមានគុណភាពដោយមានគ្រប់រស ជាតិទាំង កំប្លែង ភ័យរន្ធត់កម្សត់ ជាមួយនឹងទិដ្ឋភាពទេសភាពនិងការច្នៃ ប្រឌិតខ្ពស់របស់ផលិតករដើម្បីឲ្យប្រាកដថាខ្សែភាពយន្តនេះគឺជាខ្សែភាពយន្តថ្មីមានគ្រប់រសជាតិ។ អ្នកស្រីមិនទាន់ប្រាកដនៅ ឡើយទេថា ខ្សែភាពយន្តនេះអាចនឹងបំបែកកំណត់ត្រាប្រចាំឆ្នាំជាខ្សែភាពយន្តដែលអាចរកចំណូលបានច្រើនជាងគេឬយ៉ាង ណាគឺត្រូវនៅរង់ចាំបន្តិចសិនហើយប្រសិនបើចំនួននៃអ្នកចូលទស្សនានៅតែមានចំនួនច្រើនភាពយន្តនេះនឹងបន្តពន្យារពេលចាក់បញ្ចាំងឲ្យបានកាន់តែយូរថ្ងៃផងដែរ។ អ្វីដែលធ្វើឲ្យអ្នកស្រីកាន់តែរំភើបគឺមិនត្រឹមតែមានអ្នកទស្សនាក្នុងស្រុកទេសូម្បីតែ អាណិកជនខ្មែរមួយចំនួនក៏បានជិះយន្តហោះមកកម្ពុជាព្រោះតែចង់ចូលទស្សនាខ្សែភាពយន្តនេះផងដែរ។ អ្នកស្រីថានេះគឺជាកម្លាំងចិត្តសម្រាប់ផលិតកម្ម ផលិតករ និងសិល្បករខ្មែរដែលព្យាយាមរកអ្វីដែលថ្មីប្លែកសម្រាប់ទស្សនិកជន។

គួរបញ្ជាក់ដែរថាខ្សែភាពយន្តរឿង “កំណត់ហេតុនាងនាថ”ត្រូវបានចាប់ផ្តើមផលិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៦ ក្រោម ការចំណាយទុនប្រមាណ៧ម៉ឺនដុល្លារ។ តារាសម្តែងក្នុងខ្សែភាពយន្តនេះមានកញ្ញា ណាតាហ្សា លោក ប៉ែន សុភរិទ្ធិ លោក ទេពរិន្ទ ដារ៉ូ ក្រុមតារាចម្រៀង D5net លោក ភី ម៉ៃទ្រី លោក ទ្រី តារាវុធ កញ្ញា យ៉ែម ស្រីពេជ្រ អ្នកនាងប៉ោង ប៉ោង លោក អ៊ុក សុភរិទ្ធិនិងតារាប្រុសស្រីជាច្រើនរូបទៀត៕ វឌ្ឍនា

se se-1


ចែករំលែក៖