ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តគៀរអ្នកជិះម៉ូតូហើយពេលសមត្ថកិច្ចចុះដោះស្រាយជេរប្រមាថថែមទៀតសង្ស័យអាងបុណ្យស័ក្តិ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ បុរសម្នាក់តាំងខ្លួនជាអ្នកមានអំណាចបានគំរាមជនរងគ្រោះ និងសមត្ថកិច្ចនគរបាលចរាចរណ៍ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចក្បែរកាស៊ីណូកោះមាស ស្ថិតក្នុងក្រុមទី១៧ ភូមិ០៤ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ហើយបានគេចខ្លួនបាត់បន្សល់ទុករថយន្តដោយពុំទទួលខុសត្រូវត្រូវសមត្ថកិច្ចស្ទូចទៅរក្សាទុក។

គ្រួសារជនរងគ្រោះបានបញ្ជាក់ថា តាមការពិតករណីគ្រោះថ្នាក់ចរាចរណ៍នេះពុំធ្ងន់ធ្ងរ ប៉ុន្តែរឿងនេះកើតឡើងដោយសារតែភាពមិនទទួលខុសត្រូវរបស់ភាគីម្ចាស់រថយន្តដែលបានតាំងខ្លួនជាអ្នកមានអំណាច ហើយជេរប្រមាថសមត្ថកិច្ច ខណៈសមត្ថកិច្ចចុះមកសម្របសម្រួល បន្ទាប់មកបានគេចខ្លួនបាត់បន្សល់ទុករថយន្តអត់ទទួលខុសត្រូវឡើយ ។

សមត្ថកិច្ចចរាចរណ៍ដែលចុះដល់កន្លែងកើតហេតុបានឲ្យដឹងថា ករណីនេះពុំមានអ្វីធ្ងន់ធ្ងរនោះទេ ប៉ុន្តែដោយសារតែម្ចាស់រថយន្តស្រវឹងជោគជាំ អាងបុណ្យស័ក្តិ បានជេរប្រមាថមកលើពួកខ្លួន និងបានគំរាមបាញ់ និងបានសួររកមេពួកខ្លួនទៀត រួចក៏ទុករថយន្តចោល ដើរទៅបាត់ពុំខ្វល់អំពីជនរងគ្រោះ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចក្បែរកាស៊ីណូកោះមាស ស្ថិតក្នុងក្រុមទី១៧ ភូមិ០៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយអ្នកបើករថយន្តម៉ាកតាកូម៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-1389 បានបត់ឆ្វេងបុកម៉ូតូ១គ្រឿង ម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1D-8747 បើកបរដោយឈ្មោះ ជុត ស្រីនិច ភេទស្រី អាយុ១៩ឆ្នាំ ក្នុងទិសដៅផ្ទុយគ្នា ដោយរួមដំណើរជាមួយកុមារ២នាក់ទៀតឈ្មោះ ជុត ស្រីនី ភេទស្រី អាយុ១៤ឆ្នាំ និងឈ្មោះ ងូវ ហ៊ួ ភេទ ប្រុស អាយុ១១ឆ្នាំ បណ្តាលឲ្យរងរបួសស្រាលទាំង៣នាក់ ។ អ្នកទាំង៣នាក់មានទីលំនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ហើយជនបង្កមិនទទួលខុសត្រូវ តែយ៉ាងណាក៏ដោយក្រោយបង្កហេតុ និងមិនទទួលខុសក៏ដោយសមត្ថកិច្ចបានយករថយន្តនេះទៅរក្សាទុកដើម្បីឲ្យម្ចាស់ចេញមុខមកដោះស្រាយក្នុងករណីបង្ករបួសផង និងបទជេរប្រមាថសមត្ថកិច្ចផង ៕ ឆ្លាម សមុទ្រ

as-1 as


ចែករំលែក៖