ព័ត៌មានទាន់ហេតុការណ៍៖

កាយរំលាយភ្នំយកទីតាំងសាងសង់សាលាក្រុងប៉ៃលិនបាក់សង្កត់កម្មករស្លាប់២នាក់មន្ត្រីជំនាញបន្ទោសអាជ្ញាធរ

ចែករំលែក៖

ខេត្តប៉ៃលិន៖ កម្មករស៊ីឈ្នួលបើក គ្រឿងចក្រជីកកកាយថ្មភ្នំនិងដឹកជញ្ជូនដី២នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោច អាធ័មនៅក្នុងគំនរថ្មភ្នំដែលបាក់សង្កត់ ខណៈពួកគេកំពុងតែជីកកកាយថ្មដាក់លើ រថយន្តស្រាប់តែបាក់ថ្មភ្នំ១ផ្ទាំងដ៏ធំពីលើមក សង្កត់ពួកគេ និងគ្រឿងចក្រខ្ទេចតែម្តង ។

ហេតុការណ៍បាក់ផ្ទាំងថ្មសង្កត់កម្មករ២នាក់ស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវក្រវាត់ ក្រុង ក្នុងភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុង-ខេត្តប៉ៃលិន ។

លោក គង់ សំណាង នាយប៉ុស្តិ៍នគរ បាលរដ្ឋបាលអូរតាវ៉ៅបានឱ្យដឹងថា កម្មករស៊ីឈ្នួលជីកកកាយដីភ្នំ២នាក់ដែលស្លាប់ ទី១-ឈ្មោះ ឆុយ ឈីវ ភេទប្រុស អាយុ២០ ឆ្នាំ ជាអ្នកបើកបរគ្រឿងចក្រអេស្កាវ៉ាទ័រ មានស្រុកកំណើតនៅភូមិបឹងខ្នារ ឃុំបឹង ខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ និងទី២-ឈ្មោះ ធី រដ្ឋា ភេទប្រុស អាយុ២១ឆ្នាំ ជា អ្នកមកតាមជិះលើគ្រឿងចក្រលេងជាមួយអ្នកបើកបរក៏ត្រូវផ្ទាំងថ្មបាក់សង្កត់ស្លាប់ជាមួយអ្នកបើកបរអេស្កាវ៉ាទ័រ។ ចំណែកអ្នកបើកបររថយន្តដឹកដីនៅពេលបាក់ដីនោះបានរត់ចេញពីក្នុងរថយន្តទាន់រួចផុតពីគ្រោះថ្នាក់ឈ្មោះ ស្វាយ ហេង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅខេត្តកំពង់ធំ ។

លោកមេប៉ុស្តិ៍សង្កាត់អូរតាវ៉ៅបានបន្តទៀតថា ម្ចាស់គ្រឿងចក្រនិងរថយន្តដឹក ដីឈ្មោះ ឈុន ឆាង ភេទប្រុស អាយុ៥២ ឆ្នាំ រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។

លោកមេប៉ុស្តិ៍អូរតាវ៉ៅបានឲ្យដឹងបន្តថា សពជនរងគ្រោះជាអ្នកបើកបរគ្រឿង ចក្រ និងជនរងគ្រោះម្នាក់ទៀតត្រូវបានគេ ចំណាយពេលយកអេស្កាវ៉ាទ័រមកកាយយកសាកសពចេញពីគំនរថ្មភ្នំរហូតដល់ម៉ោង៨យប់ ទើបយកសាកសពបានម្នាក់ និងម្នាក់ទៀតមកវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ទើបយកសព ចេញបាន ។

ប្រជាពលរដ្ឋចំនួន២គ្រួសារដែលទើបសាងផ្ទះរស់នៅក្បែរនោះនិយាយថា ករណី នេះបើសិនជាអាជ្ញាធរមិនព្រមរកវិធីដោះស្រាយ ឬបញ្ឈប់គ្រឿងចក្រទៅជីកកកាយដីភ្នំផ្នែកខាងលើនោះទេ ផ្ទះនិងក្រុមគ្រួសារ ពួកគាត់មិនរំពឹងរស់នៅបានទេ ដូច្នេះពួកគាត់សំណូមពរឲ្យមន្រ្តីពាក់ព័ន្ធយកចិត្ត ទុកដាក់ចំពោះបញ្ហាខាងលើនេះផង ។

លោក ម៉ៅ វឿន អនុប្រធានមន្ទីរបរិស្ថាន ខេត្តប៉ៃលិនបានឱ្យដឹងថា ការជីកកកាយ រំលាយដីកូនភ្នំខាងលើគឺយកធ្វើជាកន្លែងសាងសង់សាលាក្រុងប៉ៃលិន ប៉ុន្តែខាង អាជ្ញាធរមិនធ្លាប់បានពិភាក្សាជាមួយមន្ត្រីជំនាញមន្ទីរបរិស្ថានឡើយ ពោលគឺធ្វើតាម តែចិត្តនឹកឃើញ។ ដូច្នេះដោយសារកម្មករទាំងនោះជីកកកាយគ្មានមានអ្នកពន្យល់ប្រាប់ពីបច្ចេកទេសហើយពួកគេជីកតែ ជើងក្រោម ទើបបណ្តាលឱ្យបាក់សង្កត់ ស្លាប់មនុស្សបែបនេះ ។

សូមបញ្ជាក់ថា កាលពីប៉ុន្មានខែកន្លង ទៅគេធ្លាប់បានដឹងពីការបាក់ថ្មសង្កត់កម្មករ ជីកដីភ្នំបណ្តាលឱ្យស្លាប់នៅខេត្តបន្ទាយមាន ជ័យតែជនរងគ្រោះហាក់ដូចជាអត់យក ចិត្តទុកដាក់លើបញ្ហានេះឡើយ។ ពិសេសម្ចាស់គ្រឿងចក្រមិនបានពន្យល់ដល់កម្មកររបស់ ខ្លួនឲ្យប្រុងប្រយ័ត្ននោះទេ ។ តើ បញ្ហាស្លាប់មនុស្សនេះអ្នកណាទទួលខុសត្រូវ? ខណៈអាជ្ញាធរនិងមន្ត្រីជំនាញកំពុងបន្ទោសគ្នានោះ ៕ ស សារ៉េត

as-1 as


ចែករំលែក៖