ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីជនល្មើស២នាក់ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម មិនស្គាល់ម៉ាក់បានបាញ់ប្រហារទៅលើ បុរសម្នាក់បណ្ដាលឲ្យរងរបួស១គ្រាប់ធ្លាយចង្កេះ ដោយសារតែទំនាស់ពាក្យសម្តីគ្នា ក្រោយគូទំនាស់បាញ់ប្រហាររួចគេចខ្លួនបាត់អស់តែម្តង ។ ចំណែកឯជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះផងដែរ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងទៀតថា ករណីផ្ទុះអាវុធបណ្តាលឲ្យរបួសម្នាក់នោះបានកើតឡើងកាលពីវេលាម៉ោង០០និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចសាលាអាឡឺយ៉ង់ ផ្ទះលេខ១៨៤ ភូមិ៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
ប្រភពដដែល បានបន្តទៀតថា ជនរងគ្រោះដែលត្រូវជនដៃដល់បាញ់របួសនោះឈ្មោះ ឈួន ស៊ីណារ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនិស្សិតស្នាក់នៅផ្ទះលេខ៨B ភូមិតំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ របួសត្រង់ចង្កេះខាងឆ្វេងបៀមគ្រាប់ កំពុងង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត។ ចំណែកជនសង្ស័យមានគ្នា២នាក់ ស្លៀកពាក់ស៊ីវិល ជិះម៉ូតូC១២៥ មួយគ្រឿង បានគេចបាត់អស់ដោយសុវត្ថិភាព។
គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងករណីផ្ទុះអាវុធបណ្តាលឲ្យរបួសធ្លាយចង្កេះម្នាក់នោះ អាចជាករណីទំនាស់ ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាក្រុមជនដៃដល់ទាំងនោះផងដែរ ៕ ស ដារ៉ា